មន្ទីរបញ្ចកោណ៖ យន្តហោះ​ចម្បាំង​ចិន​កំពុង​ហ្វឹកហាត់​សម្រាប់​ការ​វាយប្រហារ​អាមេរិក

  • 2018-08-17 02:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​មន្ទីរបញ្ចកោណ​អាមេរិក កាលពី​ថ្ងៃ​ទី១៦ ខែ​សីហា ២០១៨ ម្សិលមិញ បាន​បញ្ជាក់​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​ចិន​ជាច្រើន​គ្រឿង​ទំនង​កំពុង​ហ្វឹកហាត់​សម្រាប់​ការ​វាយ​ប្រហារ​លើ​គោលដៅ​អាមេរិក និង​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក។

របាយការណ៍​ដដែល​នេះ​ក៏​បាន​បញ្ជាក់​លម្អិត​ផង​ដែរ​ពី​មធ្យោបាយ​ដែល​ក្រុង​ប៉េកាំង​កំពុង​ធ្វើ​កំណែ​ទម្រង់​ពី​កងទ័ព​ថ្មើរ​ជើង​របស់​ខ្លួន ទៅ​ជា "ការ​ហោះហើរ និង​ជ័យ​ជម្នះ​សង្រ្គាម" តាម​ការ​ដាក់​ចេញ​របស់​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន។

របាយការណ៍​ដែល​គ្រោង​បញ្ជូន​ទៅ​ព្រឹទ្ធសភា​អាមេរិក​នេះ ក៏​បាន​រៀបរាប់​ពី​ការ​កើនឡើង​​វិស័យ​យោធា សេដ្ឋកិច្ច និង​ការទូតរបស់​ចិន និង​មធ្យោបាយ​ដែល​ចិន​កំពុង​ធ្វើ​សកម្មភាព​ទាំង​នេះ ដើម្បី​កសាង​រូបភាព​ជា​អន្តរជាតិ​ និង​បង្កើត​ឥទ្ធិពល​តំបន់របស់ខ្លួន​​​ឲ្យ​កាន់​តែ​លឿន។

របាយការណ៍​បាន​បង្ហាញ​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​ចិន​ជាច្រើន​គ្រឿង កំពុង​អភិវឌ្ឍ​សមត្ថភាព​នានា ដើម្បី​វាយ​ប្រហារ​គោលដៅ​នានា ដែល​នៅ​ឆ្ងាយ​ពី​ប្រទេស​ចិន។ "ជាង ៣​ឆ្នាំ​ចុងក្រោយ​នេះ កងទ័ព​រំដោះ​ប្រជាជន​ចិន​បាន​ពង្រីក​យ៉ាង​លឿន​នូវ​តំបន់​ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​លើ​ដែន​ទឹក​របស់​ខ្លួន កំពុង​ទទួល​បទពិសោធន៍​ក្នុង​តំបន់​ដែន​សមុទ្រ​នានា និង​ទំនង​ជា​កំពុង​ហ្វឹកហាត់​សម្រាប់​ការ​វាយប្រហារ​នានា​ប្រឆាំង​នឹង​អាមេរិក និង​សម្ព័ន្ធមិត្ត"។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរបញ្ចកោណ​អាមេរិក។

នៅ​ខែ​សីហា ឆ្នាំ​២០១៧ យន្តហោះ​ទម្លាក់​គ្រាប់បែក​ចិន H-6K ចំនួន ៦​គ្រឿង​បាន​ហោះ​កាត់​ច្រក​សមុទ្រ Miyako នៅ​ភាគ​និរតី​នៃ​ប្រទេស​ជប៉ុន និង​បន្ទាប់​មក​ទៀត បាន​ហោះ​ជា​លើក​ដំបូង​នៅ​ភាគ​ខាងកើត​កោះ Okinawa របស់​ជប៉ុន ជា​មូលដ្ឋាន​ដែល​អាមេរិក​ដាក់​កងទ័ព ៤៧០០០​នាក់​នៅ​ទីនោះ។

អ្វី​ដែល​កាន់តែ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​នោះ គឺ​របាយការណ៍​ដដែល​នេះ​បញ្ជាក់​ថា កងទ័ព​រំដោះ​ប្រជាជន​ចិន​ប្រហែល​ពង្រឹង​សមត្ថភាព​ដើម្បី​វាយ​កងកម្លាំង​អាមេរិក និង​សម្ព័ន្ធ​មិត្ត និង​មូលដ្ឋាន​យោធា​នានា នៅ​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច រួម​ទាំង​កោះ Guam របស់​អាមេរិក​ផង​ដែរ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;