ប្រទេស​អាស៊ាន​៣ ប្រកាស​ហាមឃាត់​ការ​នាំចូល​សំរាម​​ពី​បរទេស

  • 2018-08-17 02:31:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពី​មហាយក្ស​ចិន​ចេញ​ច្បាប់​ថ្មី​ឈប់​នាំ​ចូល​សំរាម​ពី​បរទេស បណ្ដា​ប្រទេស​​មួយ​ចំនួន​​នៅ​អាស៊ាន​​បាន​ចាប់ផ្ដើម​កើត​ក្ដី​ព្រួយ​បារម្ភ​ថា ខ្លួន​នឹង​អាច​ក្លាយ​ជា​ទីកន្លែង​ចាក់ចោល​សំរាម​ថ្មី​ជំនួស​ឲ្យ​​ប្រទេស​ចិន។ ផ្អែក​ទៅ​លើ​មូលហេតុ​នេះ​ហើយ​ទើប​ប្រទេស​អាស៊ាន​ចំនួន ៣ គឺ​ថៃ វៀតណាម និង​ម៉ាឡេស៊ី ​សម្រេច​ហាមឃាត់​ការ​នាំ​ចូល​សំរាម​ពី​បរទេស។

ថៃ​នឹង​ឈប់​ទទួល​យក​សំរាម​អេឡិចត្រូនិច​ចំនួន ៤៣២​ប្រភេទ​ពី​បរទេស ដែល​ក្នុង​នោះ​មាន​ដូចជា​បន្ទះ​សៀគ្វី​អគ្គិសនី ទូរទស្សន៍ និង​គ្រឿង​បន្លាស់​អេឡិចត្រូនិច​ចាស់ៗ ជា​ដើម។ ការ​អនុម័ត​ទៅ​លើ​បម្រាម​ថ្មី នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល​៦​ខែ​ខាង​មុខ។ នេះ​បើ​យោង​តាម​ក្រសួង​បរិស្ថាន​ថៃ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៨។

ដោយ​ឡែក កាល​ពី​ចុង​ខែ​កក្កដា និង​ដើម​ខែ​សីហា វៀតណាម និង​ម៉ាឡេស៊ី ក៏​បាន​បង្ហាញ​ពី​ជំហរ​របស់​ខ្លួន​ក្នុង​ការ​បញ្ឈប់​ការ​នាំ​ចូល​សំរាម​ពី​បរទេស​ផង​ដែរ។ ការ​ហាម​ឃាត់​របស់​វៀតណាម ផ្ដោត​សំខាន់​ទៅ​លើ​ប្រភេទ​សំរាម​ប្លាស្ទិក ក្រដាស និង​លោហធាតុ ខណៈ​ឯ​ម៉ាឡេស៊ី បាន​ដក​ហូត​សិទ្ធិ​នាំ​ចូល​សំរាម​ប្លាស្ទិក​បរទេស​ពី​រោងចក្រ​ចំនួន ១១៤​កន្លែង៕

ប្រភព៖ telegraph | Waste 360 ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;