ឡាវ បង្ហាញ​ក្ដី​សោកស្ដាយ និង​ការ​អបអរសាទរ​មក​លើ​កម្ពុជា​ក្នុង​ពេល​តែ​មួយ

  • 2018-08-17 07:03:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨ សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Prasith Sayasith ឯក​អគ្គរដ្ឋទូត​ឡាវ​ប្រចាំ​កម្ពុជា ដែល​ផុត​អាណត្តិ។ នេះ​​បើ​យោង​​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច ហ៊ុន សែន។

ក្នុង​ជំនួប​នេះ លោក​ឯក​អគ្គរដ្ឋទូត​ឡាវ បាន​គោរព​សម្ដែង​នូវ​ការ​សោកស្ដាយ ចំពោះ​គ្រោះ​ទឹក​ជំនន់​ដែល​បាន​កើត​ឡើង​មក​លើ​ប្រជាជន​កម្ពុជា ដោយសារ​តែ​ការ​បាក់​ទំនប់​វារីអគ្គិសនី​នៅ​ក្នុង​ខេត្ត​អាត់តាពើ ប្រទេស​ឡាវ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា​កន្លង​ទៅ។ បន្ថែម​ពី​នេះ លោក​បាន​អរគុណ​ដល់​កម្ពុជា ដែល​បាន​បរិច្ចាគ​ប្រាក់​ជំនួយ​ដល់​ឡាវ ពាក់ព័ន្ធ​នឹង​គ្រោះ​មហន្តរាយ​ថ្នាក់​ជាតិ​នេះ។

ក្រៅ​ពី​បង្ហាញ​សេចក្ដី​សោកស្ដាយ ភាគី​ឡាវ​​ក៏​បាន​សម្ដែង​នូវ​ការ​អបអរ​សាទរ​ចំពោះ​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​ផង​ដែរ។ លោក​ Prasith Sayasith ថា លោក​ក៏​បាន​ធ្វើ​ជា​អ្នក​សង្កេតការណ៍​ផង​ដែរ នៅ​អំឡុង​ពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​របស់​កម្ពុជា ដែល​​ជា​ការ​បោះឆ្នោត​មាន​តម្លាភាព និង​ការ​រៀបចំ​ល្អ។

លោក Prasith Sayasith បាន​ជម្រាប​ជូន​សម្ដេច ហ៊ុន សែន អំពី​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​នា​ពេល​កន្លង​ទៅ ដែល​មាន​ការ​កើន​ឡើង​ទ្វេ​ដង គឺ​ពី​១០​លាន​ដុល្លារ ទៅ ២៤​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៨។

ជា​ការ​ឆ្លើយ​តប សម្ដេច បាន​កោត​សរសើរ​ចំពោះ​លោក​ឯកអគ្គរដ្ឋទូត​ឡាវ ដែល​បាន​ចូលរួម​ពង្រឹង​ចំណង​មិត្តភាព និង​ជំរុញ​ទំហំ​សេដ្ឋកិច្ច​​រវាង​កម្ពុជា-ឡាវ រយៈពេល​៤​ឆ្នាំ ២​ខែ​កន្លង​មក។ យ៉ាង​ណា​មិញ សម្ដេច បាន​បញ្ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​នេះ​មិន​ទាន់​សមស្រប​ទៅ​នឹង​សក្ដានុពល ដែល​ប្រទេស​ទាំង​២​មាន​នោះ​ឡើយ ដូច្នេះ​សម្ដេច​បាន​ស្នើសុំ​ឲ្យ​មាន​ការ​ប្រឹងប្រែង​បន្ថែម​ទៀត​ចំពោះ​កិច្ចការ​នេះ។

ជា​ចុង​ក្រោយ សម្ដេច​ក៏​បាន​សម្ដែង​នូវ​ការ​ចូលរួម​សោកស្ដាយ​ចំពោះ​ពលរដ្ឋ​ឡាវ ដែល​បាន​បាត់បង់​ជីវិត ដោយសារ​គ្រោះ​ទឹក​ជំនន់​កាល​ពី​ពេល​ថ្មីៗ​ផង​ដែរ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;