កម្ពុជា​កំណត់​គោលដៅ​ចំនួន​មេដាយ​មាស ដែល​រំពឹង​ដណ្ដើម​បាន​នៅ Asian Games

  • 2018-08-17 07:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​បង្ហាញ​ក្ដី​រំពឹង​ខ្ពស់ ក្នុង​ការ​ដណ្ដើម​មេដាយ​មាស​ឲ្យ​បាន​លើស​ពី ២ ពេល​ចូលរួម​ប្រកួត​កីឡា​អាស៊ី (Asian Games) នៅ​ឥណ្ឌូណេស៊ី ចាប់​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៨។

លោក ថោង ខុន បាន​ដឹក​នាំ​ប្រតិភូ និង​កីឡាករ​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​កីឡា​អាស៊ី នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​ក្នុង​នោះ​មាន​ប្រភេទ​កីឡា​ចំនួន ៥ ឯ​ប្រភេទ​កីឡា​មួយ​ចំនួន​ទៀត​នឹង​ត្រូវ​ចេញ​ដំណើរ​នៅ​ថ្ងៃ​បន្ត​បន្ទាប់។

លោក​រដ្ឋមន្ត្រី បាន​ថ្លែង​ថា "ក្នុង​ការ​ចេញ​ដំណើរ​ទៅ​លើក​នេះ​ប្រកប​ដោយ​ក្តី​សង្ឃឹម ពី​ព្រោះ​កាល​ពី​កីឡា​អាស៊ី ​ឆ្នាំ​២០១៤ កម្ពុជា​ឈ្នះ​មេដាយ​មាស​១​គ្រឿង លើ​ប្រភេទ​កីឡា​តេក្វាន់ដូ ដែល​ដណ្តើម​បាន​ដោយ​កីឡាការិនី ស៊ន សៀវម៉ី ជា​លើក​ដំបូង ក្រោយ​រយៈពេល​៦០​ឆ្នាំ ដែល​កាល​នោះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ជាតិ​ទាំងមូល​បាន​ដាក់​យុទ្ធសាស្ត្រ​ថា ធ្វើ​យ៉ាង​ណា​ឈ្នះ​មេដាយ​មាស​១គ្រឿង ដោយ​កម្ពុជា​យើង​សម្រេច​បាន​តាម​គោលដៅ​ពិត​ប្រាកដ​មែន"។

ក្រៅ​ពី​មេដាយ​មាស លោក ថោង ខុន ក៏​រំពឹង​ថា កម្ពុជា​នឹង​ឈ្នះ​មេដាយ​ប្រាក់ និង​សំរឹទ្ធិ​មួយ​ចំនួន​ផង​ដែរ។

ប្រភេទ​កីឡា ដែល​កម្ពុជា​សង្ឃឹម​នឹង​អាច​ដណ្ដើម​​មេដាយ​មាស​បាន មាន​ដូចជា តេក្វាន់ដូ ម៉ូតូ​ទឹក និង​ជឺជីតស៊ូ ដែល​ជា​ប្រភេទ​កីឡា​ថ្មី​សម្រាប់​កម្ពុជា។

សូម​បញ្ជាក់​ថា ១៣​ប្រភេទ​កីឡា​ដែល​កម្ពុជា​បញ្ជូន​ទៅ​ប្រកួត​កីឡា​អាស៊ី ឆ្នាំ​២០១៨ រួម​មាន៖

១. ចំបាប់​ ​៧ នាក់

២. តេក្វាន់ដូ​ ៨ នាក់

៣. កីឡា​ហែល​ទឹក​ ៤ នាក់​ ​

៤. កីឡា​ចាក់​សាប​ ៥ នាក់​ ​

៥. កាយ​សម្ព័ន្ធ​ ២ នាក់

៦. កីឡា​ទូក​ក្ដោង​ ​៤​ នាក់​

៧. ជិះ​ស្គី​ ៣ ​នាក់

៨. ជឺជីតស៊ូ (Jujitsu) ៣​នាក់

៩. អត្ត​ពល​កម្ម​ ៦ ​នាក់

១០. ការ៉ាតេ​ ៣ នាក់

១១. សូហ្វតិន្នីស​ ​៦​​នាក់

១២. យូដូ ៣ នាក់

១៣. ទូក​កាណូ ៤ នាក់៕

ប្រភព៖ AKP ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;