ក្រសួង​ផែនការ-ធនាគារ​ជាតិ រួមគ្នា​ចងក្រង​ស្ថិតិ និង​ទិន្នន័យ​ថ្នាក់​ជាតិ

  • 2018-08-17 10:07:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ផែនការ និង​ធនាគារជាតិ​នៃ​កម្ពុជា បាន​សហការ​ប្រមូល និង​ចងក្រង​ស្ថិតិ​ ដើម្បី​ទុកជា​ទិន្នន័យ​ជាតិ​មួយ​ប្រកប​ដោយភាព​ត្រឹមត្រូវ សម្រាប់​ប្រើប្រាស់​ក្នុងការ​រៀបចំ​គោល​នយោបាយ និង​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់ AKP នៅ​ថ្ងៃទី​១៧ ខែ​សីហា​នេះ។

​ក្នុង​សិក្ខា​សាលា​ស្ដីពី​សារៈសំខាន់​នៃការ​ចងក្រង​ស្ថិតិ កាលពី​ព្រឹក​មិញ នៅ​សណ្ឋាគារ​ភ្នំពេញ លោក​ស្រី ហង់ លីណា ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួង​ផែនការ​បាន​បញ្ជាក់​ថា ការ​រៀបចំ​ចង​ក្រង​ស្ថិតិ​ គឺ​ពិតជា​មាន​សារៈ​សំខាន់​ណាស់ ក្នុងការ​ពង្រីក​វិសាលភាព​ទិន្នន័យ ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​អ្នក​សិក្សា​ស្រាវជ្រាវ​ សិស្ស និសិ្សត អង្គការ​ជាតិ អន្ដរជាតិ អ្នក​វិនិយោគ និង​វិស័យ​ឯកជន ស្វែងរក និង​ទទួល​ទិន្នន័យ​បាន​ជាក់លាក់ និង​ទាន់ពេល​វេលា ដើម្បី​អាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រើប្រាស់​កាន់តែ​មាន​ភាព​ទូលំ​ទូលាយ។

លោក​ស្រី​បាន​លើកឡើង​ថា ការ​ចងក្រង​ទិន្ន័យ​នេះ​ គឺជា​ការ​ចាំបាច់​បំផុត​ក្នុងការ​ផ្គង់ផ្គង់​ទិន្នន័យ​ប្រកបដោយ​គុណភាព​សម្រាប់​ពង្រីក​ការ​យល់ដឹង​ពី​សារៈសំខាន់​ស្ថិតិ និងការ​ប្រើប្រាស់​ទិន្នន័យ​ទុកជា​ភស្ដុតាង ក្នុងការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត ការ​តាក់តែង​គោល​នយោបាយ និងការ​រៀបចំ​ផែនការ​អភិវឌ្ឍន៍​នានា នៅតាម​ក្រសួង ស្ថាប័ន​ទាំងក្នុង​វិស័យ​រដ្ឋ និង​ឯកជន កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ថែមទៀត។

ធនាគារជាតិនៃកម្ពុជា ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម
ចំណែក​លោកស្រី នាវ ច័ន្ទថាណា ទេសា​ភិបាលរង​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​សិក្ខាសាលា​នេះ​ថា ការ​ចងក្រង​ស្ថិតិ​នេះ គឺបាន​ដើរតួនាទី​យ៉ាង​សំខាន់​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ ក្រុម​អ្នកវិភាគ និងអ្នក​អនុវត្ដ​គោល​នយោបាយ​ ដែល​ចង់ដឹង និង​ស្វែងរក​ព័ត៌មាន ទិន្នន័យ​ដែល អាចផ្ដល់​នូវភាព​ត្រឹមត្រូវ និង​ជឿទុកចិត្ដ សម្រាប់​រៀបចំ​ផែនការ ការវិភាគ ការព្យាករ​ពី ស្ថានភាព​សេដ្ឋកិច្ច និងការ​អភិវឌ្ឍ​ជាតិ។

លោកស្រី​បន្ដ​ថា នេះគឺជា​ចំណុច​អាទិភាព​មួយ ដែល​ធនាគារ​ជាតិ​តែងតែ​យកចិត្ត​ទុកដាក់​ខ្ពស់ តាមរយៈ​ការធ្វើ​បច្ចុប្បន្ន​កម្ម លើ​វិធីសាស្រ្ដ ចងក្រង ការ​ពង្រីក​វិសាលភាព​លើ​ប្រភព​ទិន្នន័យ និងការ​កែលម្អ​វិធីសាស្រ្ដ​នៃការ​ប្រមូល​ទិន្នន័យ។ លោកស្រីថា ​ស្ថិតិ​ដែលមាន​គុណភាព​ល្អ គឺជា​បុរេ​លក្ខខណ្ឌ​មួយ​សម្រាប់​ធនាគារ​កណ្ដាល អាច​សម្រេច​បាននូវ​គោលដៅ​រក្សា​ស្ថិរភាព​រូបិយវត្ថុ និង​ហិរញ្ញវត្ថុ ព្រមទាំង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ឱ្យមាន​ការរីក​ចម្រើន​ថែមទៀត៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;