ថ្ងៃ​ប្រឡង​បាក់ឌុប៖ នគរបាល​ចរាចរណ៍​​រាជធានី នឹងត្រូវ​ដាក់​នៅ​គ្រប់​ដងផ្លូវ​សំខាន់ៗ​

  • 2018-08-17 13:11:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី២០-២១ ខែ​សីហា ឆ្នាំ​២០១៨ ដែល​ជាថ្ងៃ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងដាក់​កម្លាំង​នគរបាល​ចរាចរណ៍ នៅ​គ្រប់​ដងផ្លូវ​សំខាន់ៗ​ទាំងអស់ ជាពិសេស​ផ្លូវ​ចេញ​ចូលទៅ​គ្រប់​មណ្ឌល​ប្រឡង​​ ចាប់ពី​ម៉ោង​៥ព្រឹក​តទៅ។ នេះបើតាម​ការបញ្ជាក់​របស់​លោក នួន ផារ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ក្នុង​កិច្ច​ប្រជុំ​ស្តីពី​ការ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ នៅថ្ងៃ​ប្រឡង​បាក់ឌុប កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ។ កិច្ចប្រជុំ​នេះ ក៏មាន​តំណាង​មកពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ចូលរួម​ផងដែរ។ នេះបើ​តាមការ​ចុះផ្សាយ​របស់ AKP។

លោក​ នួន ផារ័ត្ន បាន​ឱ្យដឹង​ថា នៅថ្ងៃ​ប្រឡង​បាក់ឌុប​ខាងមុខ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានត្រៀម​កម្លាំង​សមត្ថកិច្ច​គ្រប់គ្រាន់​ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព ជូនដល់​បេក្ខជន​ប្រឡង​ទាំងអស់។

បេក្ខជនបាក់ឌុប ក្នុងពេលចេញពីការប្រឡងនៅមណ្ឌលវិទ្យាល័យឥន្រ្ទទេវី កាលពីឆ្នាំកន្លងទៅ
​លោក ជា ជាតិ អនុ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ បានថ្លែង​ក្នុងកិច្ច​ប្រជុំនេះ​ថា  មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន ​២៥​មណ្ឌល គិតជា​បន្ទប់​ប្រឡង​មាន​ចំនួន ៩១៣​បន្ទប់ ដែលមាន​បេក្ខជន​ប្រឡង​ចំនួន ២២ ៧៧៨​នាក់។

ជាមួយគ្នា​នេះ ​លោក​ក៏​បាន​ស្នើឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​សមត្ថកិច្ច​ ត្រូវ​បន្ដ​កិច្ច​សហការ​គាំទ្រ ដើម្បី​ធ្វើការ​សម្រប​សម្រួល​បេក្ខជន​ ក្នុង​អំឡុង​ពេល​ប្រឡង​បាក់ឌុប​ឆ្នាំនេះ​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ល្អ​ប្រសើរ។

​ចំណែក​លោក ឃាង សេង អនុ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក្នុងកិច្ច​ប្រជុំ​នេះ ក៏បាន​ស្នើឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចូលរួម​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ២៤​ម៉ោង លើ​២៤​ម៉ោង នៅតាម​មណ្ឌល​ប្រឡង​ទាំងអស់ និង​ការពារ​សុវត្ថិភាព នៅ​មណ្ឌល​ទាំង១០​កន្លែង ក្នុង​រាជធានី​ភ្នំពេញ រហូត ដល់ថ្ងៃ​ទី២៩ ខែ​សីហា ឆ្នាំ​២០១៨។ លោក ឃាង សេង បាន​បញ្ជាក់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ នឹង​ដាក់​អ្នក​សង្កេតការណ៍​ស្ម័គ្រចិត្ត ចំនួន ១ ១១៤​នាក់ ទូទាំង​២៥ មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ​នេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;