មជ្ឈមណ្ឌល​ពិសោធន៍​ឧស្សាហកម្ម​ធំ​ជាង​គេ​នៅ​កម្ពុជា នឹង​លេច​រូបរាង​នៅ​ឆ្នាំ​ក្រោយ

  • 2018-08-18 01:20:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិធី​បញ្ចុះ​បឋម​សិលា បើក​ការដ្ឋាន​សាងសង់​អគារ​មជ្ឈមណ្ឌល​មន្ទីរ​ពិសោធន៍​ឧស្សាហកម្ម​កម្ពុជា ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី១៧ ខែ​សីហា ​ឆ្នាំ​២០១៨​ ដោយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ចុងឆ្នាំ​២០១៩​ខាងមុខ។ មជ្ឈមណ្ឌល​មន្ទីរ​ពិសោធន៍​ឧស្សាហកម្ម​ធំ​ជាង​គេ​នៅ​កម្ពុជា​នេះ មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ តំបន់​ចាក់អង្រែ​លើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

លោក ចម ប្រសិទ្ធ ដឹកនាំថ្នាក់ដឹកនាំ មន្ត្រី បើកការដ្ឋាន​សាងសង់អគារ​មជ្ឈមណ្ឌល​មន្ទីរ​ពិសោធន៍​ឧស្សាហកម្ម​កម្ពុជាកាលពី​ថ្ងៃ​ទី១៧ ខែ​សីហា ​ឆ្នាំ​២០១៨​ (រូបថត៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម)
ពិធី​បញ្ចុះ​បឋមសិលា​នេះ ​ត្រូវ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ក្រោម​ឱវាទ​ក្រសួង​។

អគារ​មជ្ឈមណ្ឌល​មន្ទីរ​ពិសោធន៍​ឧស្សាហកម្ម​កម្ពុជា មាន​កម្ពស់ ៧​ជាន់ សាង​សង់​លើ​ផ្ទៃដី ៦ពាន់​ម៉ែត្រការ៉េ ទំហំ​អគារ ២០​ម៉ែត្រ គុណ​នឹង ៣០ម៉ែត្រ លម្អ​ដោយ​សួន​ច្បារ ទីធ្លា​ចត​យានយន្ត និង​អាង​ប្រព្រឹត្តិកម្ម​ទឹក ជា​ដើម​។

រូបតំណាង

មន្ទីរ​ពិសោធន៍​នេះ​នឹង​បម្រើ​អតិថិជន ក្នុង​វិស័យ​ឯកជន ជា​អ្នក​ផលិត អាជីវករ និង​អ្នក​នាំចេញ​ផលិតផល ក្នុង​មុខ​សញ្ញា​ជាច្រើន​ដូចជា៖ ផ្នែក​ម្ហូបអាហារ មីក្រូ​សរីរាង្គ ផ្នែក​គីមី ផ្នែក​គីមី​មិនមែន​ម្ហូបអាហារ ផ្នែក​មេកានិច​និង​យានយន្ត ផ្នែក​សម្ភារៈ​សំណង់ ផលិតផល​អេឡិចត្រូនិក ផ្នែក​ថ្នាំ​សម្លាប់​សត្វ​ល្អិត ផ្នែក​សំណង់​លោហៈ​ធ្ងន់ និង​សំណង់​ជាតិ​ពុល​ជាដើម​។ ​ បើ​តាម​លោក​ ចម ប្រសិទ្ធ បាន​ឲ្យដឹង​ថា ទីតាំង​ខាងលើ​ធ្លាប់​ជា​រោងចក្រ​ផលិត​សំបក​កង់ និង​តមក ជា​រោងចក្រ​ស័ង្កសី​បូព៌ា តែ​ត្រូវ​បាន​ក្ស័យ​ធន​ជា​បន្តបន្ទាប់​៕

ការបើកការដ្ឋានសាងសង់អគារ​មជ្ឈមណ្ឌល​មន្ទីរ​ពិសោធន៍​ឧស្សាហកម្ម​កម្ពុជា (រូបថត៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម)

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;