អាជ្ញាធរ ផ្អាកការ​ធ្វើ​ចរាចរណ៍​ទាំងស្រុង​នៅ​លើ​កំណាត់ផ្លូវ​ជាតិ​លេខ៤ ព្រឹកនេះ

  • 2018-08-19 02:15:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឱ្យដឹងថា ការ​ធ្វើចរាចរណ៍​នៅលើ​កំណាត់​ផ្លូវជាតិលេខ៤ ត្រង់​ចំណុច​ស្ពាន​សំរាង (គីឡូម៉ែត្រលេខ ១១៦-១១៧) ភូមិស្ទឹងសំរោង ឃុំ​អូរបាក់រទេះ ស្រុក​រទេះ ស្រុកកំពង់សីលា ខេត្ត​ព្រះសីហនុ ត្រូវបាន​អាជ្ញាធរ​ផ្អាកទាំងស្រុងហើយ​នាព្រឹកថ្ងៃទី១៩សីហានេះ។ មូលហេតុ​គឺ​ដោយសារ​ភ្លៀង​នៅ​បន្ត​ធ្លាក់ ធ្វើឱ្យ​ទឹកជំនន់នៅ​ត្រង់​ចំណុចនេះ ​បាន​កើនឡើង​មួយ​កម្រិត​បន្ថែម​ទៀត និង​កំពុង​ហូរកាត់ពីលើផ្លូវ និង​ស្ពាន ប្រវែង​ជាង ៣០០​ម៉ែត្រ។

ជំនន់ទឹកភ្លៀង​នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង នាព្រឹកថ្ងៃទី១៩សីហា ២០១៨។ រូបថត៖ ក្រសួងធនធានទឹក
សូម​រំលឹក​ថា កាលពី​ព្រឹក​ម្សិលមិញ​នេះ អាជ្ញាធរ​ក៏បាន​ផ្អាកការ​ធ្វើចរាចរណ៍​នៅ​កំណាត់​ផ្លូវ​ជាតិលេខ៤ ត្រង់ចំណុចស្ពាន​អូរគគី (គីឡូម៉ែត្រលេខ ១០៦-១០៧) ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់​រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះ​សីហនុ​ផងដែរ ដោយសារតែ បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ច្រើន​នៅ​តំបន់​ជួរភ្នំ​ក្រវាញ បាន​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង ជន់​ហូរ​កាត់​​ផ្លូវ​ត្រង់ចំណុចនេះ។ ប៉ុន្តែ​នៅពេល​រសៀល អាជ្ញាធរ​បាន​បើក​ការ​ធ្វើ​ចរាចរណ៍​ជា​ធម្មតា​វិញ បន្ទាប់ពី​ទឹក​បាន​ស្រក​ចុះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;