ខេត្ត​បាត់ដំបង កំពុង​ទទួល​បាន​ការ​ទាក់ទាញ​លើការ​វិនិយោគ​អចលទ្រព្យ

  • 2018-08-19 04:18:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អូរតាគី គឺជា​ឃុំមួយ​ស្ថិតនៅ​ស្រុក​ថ្មគោល ជាប់​ព្រំប្រទល់​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដែលជា​តំបន់​លេចធ្លោ​ជាងគេ​មួយ​នៅភូមិ​ភាគ​ពាយព្យ ព្រោះ​តំបន់​នេះ កំពុង​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ដែលអ្នក​វិនិយោគ​ក្នុង​ស្រុក និង​ក្រៅស្រុក​ បាន​ដាក់ទុន​វិនិយោគ​សាងសង់​ទៅលើ​គម្រោង​បូរី ដីឡូតិ៍ និង​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​ជាច្រើនទៀត។

លោក ឡែមឌឿន ដាឡឹម អគ្គ​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ អេតសឹលូសិន រៀលអ៊ីស្ទេត បានថ្លែង​ប្រាប់​ឱ្យដឹង​កាល​ពីពេល​ថ្មីៗ​នេះ​ថា វិស័យ​អចលនទ្រព្យ​ក្នុងខេត្ត​បាត់ដំបង ជាពិសេស​ក្នុងក្រុង និង​តំបន់​ជាប់ក្រុង​បាត់​ដំបង មាន​សញ្ញា​ល្អ​ប្រសើរ ទោះបី​ជា​តម្រូវការ​នៅមាន​កម្រិត​ក៏ដោយ។ លោកថា នៅពេល​អនាគត ខេត្តមួយ​នេះ អាចនឹង​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ លើ​តម្រូវការ​លំនៅឋាន បន្ទាប់ពី​រាជធានី​ភ្នំពេញ។

លោក​បន្ត​ទៀត​ថា ថ្មីនេះ​ៗ ការ​សាងសង់​ផ្លូវ​អាស៊ាន ៦០​ម៉ែត្រ កៀកនឹង​តំបន់​ស្ពាន​អូរតាគី និង​គម្រោង​អភិវឌ្ឍន៍​បូរី ដីឡូតិ៍ ផ្សារ និង​រមណីយដ្ឋាន បាន​ធ្វើឱ្យ​ដីធ្លី​នៅ​តំបន់​នេះ មានហាង​ឆេងល្អ​ជាងមុន។ ការ​រីក​ចម្រើន​លើ​វិស័យ​អចលនទ្រព្យ នៅ​តំបន់​អូរតាគី​នេះ ក៏​អាស្រ័យ​ដោយសារ​សាលាខេត្ត​បាត់ដំបង មាន​ប្លង់មេ​សម្រាប់​ការ​អភិវឌ្ឍ​ច្បាស់លាស់។

ចំណែក​លោក ខៀវ ឃៀង ជា​វិនិយោគិន និងជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​លើ​ដីឡូតិ៍ ផ្ទះល្វែង និង​ផ្សារ​សហគមន៍​ទំនើប បាន​មាន​ប្រសាសន៍​ថា គម្រោង​អភិវឌ្ឍន៍​របស់​លោក នៅជិត​ទល់មុខ​នឹងផ្លូវ​អាស៊ាន៦០​ម៉ែត្រ ដែល​ជាផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់។ គម្រោង​អភិវឌ្ឍន៍​របស់​លោក គឺ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជិត ​៥លាន​ដុល្លារ​ជា​ជំហ៊ាន​ដំបូង។

លោក ខៀវ ឃៀង ជាអ្នកវិនិយោគម្នាក់នៅខេត្តបាត់ដំបង
លោក​បន្ត​ថា ដោយសារ​ការ​មើលឃើញ​ពីភាព​រីក​ចម្រើន​នៅក្នុង​ខេត្ត​បាត់ដំបង​ ជាពិសេស​នៅ​តំបន់​ស្ពាន​អូរតាគី​នេះ និង​តម្រូវការ​របស់​​ប្រជាពលរដ្ឋ​ ក្នុង​ខេត្ត​ផង ទើប​លោក​សម្រេចចិត្ត​បោះទុន​វិនិយោគ លើ​វិស័យ​អចលនទ្រព្យ​នេះ។

លោក ខៀវ ឃៀង ក៏បាន​លើកឡើង​បន្ថែម​ទៀត​ដែរ​ថា ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នេះ គឺជា​ចាប់ផ្តើម​ដំបូង​បំផុត​របស់​លោក។ គម្រោង​អភិវឌ្ឍន៍​នេះ គឺ​លោក​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​រហូតដល់​ខេត្ត និង​សហការ​ជាមួយ​អ្នក​ជំនាញ ដែល​មាន​វិជ្ជាជីវៈ​ច្បាស់លាស់។ ហើយ​ការ​លក់ជូន​អតិថិជន គឺ​លក់​ក្នុង​តម្លៃ​ទាប និង​ធានា​តម្លៃ​លើ​ទីផ្សារ ព្រមទាំង​ផ្តល់​ប្លង់រឹង​ជូន​អតិថិជន​គ្រប់រូប​ទៀតផង។

លោក​អះអាង​ថា ការ​វិនិយោគ​នៅ​តំបន់​នេះ មិនមែន​មាន​តែលោក​ទេ គឺមាន​វិនិយោគិន​ផ្សេងៗទៀត ក៏ទៅ​អភិវឌ្ឍ​នៅ​តំបន់​ស្ពាន​អូរតាគី​នោះ​ផងដែរ៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;