៥​សន្លឹក បង្ហាញ​ពី​មុខរបរ​​សិប្បកម្ម​​ផលិត​រនាំង​ឈើ នៅ​ខេត្ត​កំពង់ចាម

  • 2018-08-19 07:29:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមការងារ​ផ្លូវ​ទៅស្រុក សូម​បង្ហាញ​មុខរបរ​មួយ​ទៀត នៅ​ខេត្ត​កំពង់ចាម គឺសិប្បកម្ម​ផលិត​រនាំង​ឈើ។ ចង់ដឹង​មុខរបរ​នេះ​​ មាន​ដំណើរ​ការ​ដូចម្ដេច និង មានទីផ្សារ​យ៉ាង​ណា​នោះ សូមតាមដាន​ទស្សនា​រូបភាព អមដោយ​ការរៀបរាប់​ខាងក្រោម​នេះ៖

១. លោក ម៉ៅ វណ្ណនី អាយុ៣៥ឆ្នាំ ជា​ម្ចាស់​សិប្បកម្ម​ផលិត​រនាំង​ឈើ នៅ​ក្នុង​ភូមិ​ស្លែង ឃុំជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម។ លោក​ចាប់​ផ្តើម​ប្រកប​របរ​នេះ តាំង​ពីឆ្នាំ ២០០៧​មកម្ល៉េះ ដោយ​កាល​ណោះ លោក​ធ្វើ​រនាំង​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​។ ដោយសារ​គុណភាព និង ការ​រចនា​រូបភាព​លើ​រនាំង​របស់​លោក​មាន​ភាព​ស្រស់​ស្អាត​ល្អ លោក​ទទួល​បាន​ការ​បញ្ជា​ទិញ​កាន់តែ​ច្រើនៗ ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ។ បច្ចុប្បន្ន​លោក​ម៉ៅ វណ្ណនី​មាន​កូន​ជាង​ ​៧នាក់ ដើម្បី​ផលិត​រនាំង​បំពេញ​តម្រូវ​ការ​អតិថិជន។

២. ឈើ​ផ្តៀក គឺជា​វត្ថុធាតុ​ដើម ដែល​លោក​ម៉ៅ វណ្ណនី តែង​យក​មក​ប្រើ​ដើម្បី​ធ្វើ រនាំង។ លោក តែង​ទិញ​ឈើ​ប្រភេទ​នេះ ពីដេប៉ូ​លក់​ឈើ​នៅ​ក្នុង​ខេត្ត ដោយ​ក្នុង មួយ​ម៉ែត្រ​គូប​មាន​តម្លៃ​ជិត ២​លានរៀល។ ក្នុងមួយឈើ១ម៉ែត្រគូប លោក​អាច ផលិត​ជា​រនាំង​បាន​ពី​៥ ទៅ ៦ផ្ទាំង។ នៅ​ក្នុង​រូប​នេះ លោក​ម៉ៅ វណ្ណនី កំពុងតែ ច្រៀក​ឈើ​ផ្ដៀក​ជា​ចម្រៀក​តូចៗ​ប៉ុន​២​ធ្នាប់ដៃ និង មាន​កម្រាស់​ប្រហែល ៣ មីលី្លម៉ែត្រ។

៣. ចម្រៀក​ឈើ​ដែល​ច្រៀក​រួចហើយ ត្រូវ​យក​ទៅ​ហាលថ្ងៃ​ប្រហែល​២ ទៅ ៣ម៉ោង ដើម្បី​ឱ្យ​ឈើ​ស្រពាប់។ បន្ទាប់មក កម្មករ​របស់​លោក​យក​ចម្រៀក​ឈើ​ទាំង​នោះ ទៅ​តភ្ញាប់​គ្នា​ដោយ​កន្លាស់​ធ្វើ​ពី​សសៃ​លួស​រឹងមាំ។ ក្នុងមួយថ្ងៃ កម្មករ​ម្នាក់​អាច​ដំឡើងជារនាំងបានចំនួន២។ នៅ​ក្នុង​រូបនេះ កម្មករ​ម្នាក់​របស់ លោក ម៉ៅ វណ្ណនី កំពុង​អង្គុយ​ដំឡើង​រនំាង​នៅ​ក្នុង​រោង​ជាង។

៤. រនាំង​ឈើ​ដែល​ដំឡើង​រួចហើយ នឹង​ត្រូវ​យក​ទៅ​ហាល​ថ្ងៃ​ឱ្យ​ស្ងួតល្អ ដោយ​ប្រើ​ពេល​ពី២ ទៅ ៥ថ្ងៃ តាម​អាកាសធាតុ។ ហាល​ស្ងួត​ហើយ កម្មករ​នឹង​កាត់​តម្រឹម​រនាំង​ឈើ​នៅ​តាម​ខ្នាត​ដែល​គេ​ចង់​បាន។ បន្ទាប់​មក​គេ​យក​រនាំង​ឈើរ​នោះ ទៅ​បាញ់​ថ្នាំ​ពណ៌​ជា​រូប​គំនូរ​ផ្សេងៗ។ នៅ​ក្នុង​រូបនេះ លោក ម៉ៅ វណ្ណនី កំពុង​បាញ់​ថ្នាំ​ពណ៌​ឱ្យ​ចេញ​ជា​រូប​ប្រាសាទ​អង្គរ​វត្ត​នៅ​លើ​រនាំង​ឈើ​របស់​លោក។

៥. រនាំង​ឈើ​របស់​លោក ម៉ៅ វណ្ណនី មាន​ទីផ្សារ​នៅ​ក្នុង​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ ។ ក្រៅពី​នេះ ក៏​មាន​អ្នក​ភ្នំពេញ រតនគិរី បាត់ដំបង និង​ប៉ោយប៉ែត ផងដែរ។ រនាំង​ឈើ​ភាគច្រើន​ធ្វើ​ឡើង​តាម​ការ​បញ្ជា​ទិញ​របស់​អតិថិជន ​បន្ទាប់ពី​លោក ម៉ៅ វណ្ណនី ចុះ​ទៅ​ដល់​គេហដ្ឋាន​ដើម្បី​បញ្ចុះ​បញ្ចូល និង ចរចា​រឿង​តម្លៃ។ រនាំង​ឈើ​ដែល​មាន​ទំហំ ២.៨ម៉ x ៣ម៉ មាន​តម្លៃ​ប្រមាណពី ១៣០ដុល្លារ ទៅ ១៦០ដុល្លារ៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី
;