គណបក្ស​ចំនួន៤ បកស្រាយ​ការ​មិន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​រាជរដ្ឋាភិបាល

  • 2018-08-21 02:37:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស​នយោបាយ​ចំនួន១៦ បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិគ្រោះយោបល់​ជាមួយ​រាជរដ្ឋាភិបាល ខណៈ​គណបក្ស​នយោបាយ​ចំនួន ៤​ទៀត មិន​ចូលរួម​នោះ​ទេ។ នេះ​បើ​តាម​បញ្ជីសមាសភាព​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិគ្រោះយោបល់​រវាង​រាជរដ្ឋាភិបាល និង​គណបក្ស​នយោបាយ​ទាំង​២០ ដែល​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​សីហា​នេះ។

កិច្ចប្រជុំពិគ្រោះយោបល់​រវាង​រាជរដ្ឋាភិបាល​ និង​គណបក្សនយោបាយ នៅ​វិមានសន្ដិភាព/ រូបភាព៖ ហ្វេសប៊ុក​លោក ផៃ ស៊ីផាន
គណបក្សនយោបាយ​ទាំង៤ ដែល​មិន​ចូលរួម​នោះ បាន​បកស្រាយ​ថា៖

គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​បញ្ជាក់​ថា គណបក្ស​មិន​បាន​ចូលរួម​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​រាជរដ្ឋាភិបាល​ទេ។ ការ​មិន​បាន​ចូលរួម ត្រូវ​បាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​លើកឡើង​នៅ​ហេតុផល​ចំនួន​ពីរ។ ទី​មួយ គឺ​ជោគជ័យ​នៃ​សំឡេង​ឆ្នោត​ដែល​គណបក្ស​ប្រជាជន​ទទួល​បាន ស្មើ​នឹង ១២៥អាសនៈ​នៅ​ក្នុង​រដ្ឋសភា គឺ​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ពេញចិត្ត និង​គាំទ្រ​គោលនយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​វា​ជា​ការ​គោរព​ស្មារតី ឬ​ឆន្ទៈ​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា។ ទី​ពីរ គឺ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​លក្ខខណ្ឌ​ថា ការ​ចូលរួម​ឲ្យ​យោបល់​ពី​តំណាង​គណបក្ស​នយោបាយ​ផ្សេងៗ មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។

រី​ឯ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ប្រកាស​ថា ខ្លួន​មិន​ចូលរួម​នៅ​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​រាជរដ្ឋាភិបាល​នោះ​ទេ។ គណបក្ស​នេះ នឹង​ពិចារណា​ចូលរួម​វេទិកា​នៅ​ក្រោយ​ពេល​រដ្ឋសភា និង​រាជរដ្ឋាភិបាល អាណត្តិ​ទី៦ ត្រូវ​បាន​បង្កើត​ឡើង ដែល​ជា​វេទិកា​មួយ​ប្រកប​ដោយ​ភាព​ស្មោះត្រង់ និង​ផ្តល់​អត្ថប្រយោជន៍​ពិតប្រាកដ​ដល់​សង្គមជាតិ។

លោក ក្រវ៉ាញ ដារ៉ន ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​បញ្ជាក់​ថា គណបក្ស​ខ្មែរ​ឈប់​ក្រ អត់​ទៅ​ចូលរួម​វេទិកា​ពិគ្រោះយោបល់​ជាមួយ​រាជរដ្ឋាបាល​ទេ។ លោក​បាន​លើក​ឡើង​ថា “ខ្ញុំ​មិនចង់​ឲ្យ​វត្តមាន​របស់​ខ្ញុំក្លាយ​ទៅ​ជា​ការ​ចោទប្រកាន់​ថា ខ្ញុំ​ជា​មនុស្ស​បង្គ្រប់​ច្បាប់​ផ្លូវការ​ឲ្យ​គណបក្ស​ប្រជាជននោះទេ”។

ចំណែក លោក ចាន់ ប៊ុនហន ប្រធាន​គណបក្ស​មាតុភូមិ​យើង បាន​បញ្ជាក់​ថា លោក​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ចូលរួម ឬ​មិន​ចូលរួម​នៅ​ក្នុងវេទិកា​ពិគ្រោះយោបល់​ជាមួយ​រាជរដ្ឋាភិបាល​នៅ​ឡើយទេ។ លោក​បាន​បញ្ជាក់​ថា “បើទៅចូលរួម​ដើម្បី​អបអរសាទរ ខ្ញុំ​អត់​មាន​អី​អបអរសាទរ”៕

អត្ថបទទាក់ទង៖ គណបក្ស​១៦ ចូលរួម​ក្នុង​វេទិកា​ពិគ្រោះយោបល់​ជាមួយ​រាជរដ្ឋាភិបាល នៅ​ព្រឹក​នេះ

អត្ថបទ៖ សោភា

អត្ថបទថ្មី
;