ក្រុមហ៊ុន​ដែល​ផលិត​កាំ​ភ្លើងអាកា៤៧ សម្ញែង​រ៉ូបូត​ពិឃាដ​ថ្មី ទម្ងន់​ជាង​៤​តោន

  • 2018-08-22 08:07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ផលិត​សព្វាវុធ​រុស្ស៊ី ឈ្មោះ ​Kalashnikov Concern បាន​ធ្វើការ​បង្ហាញ​ជា​សាធារណៈ​នូវ​រ៉ូបូត​ពិឃាដ​ ដែល​មាន​កម្ពស់​ជិត​៤ម៉ែត្រ សម្រាប់​បម្រើ​ដល់​វិស័យ​យោធា​ក្នុង​ប្រទេស​រុស្ស៊ី ក្នុង​ពិធី​តាំង​ពិព័រណ៍​យោធា​ឆ្នាំ​​២០១៨ នៅ​ក្រុង​ម៉ូស្គូ កាលពី​ពេល​ថ្មី​ៗ​នេះ​។

រ៉ូបូត Igorek ត្រូវបានដាក់បង្ហាញនៅពិធីពិព័រណ៍យោធាមួយ នៅក្រុងម៉ូស្គូ (រូបថត៖ Kalashnikov.media)
យោង​តាម​ក្រុមហ៊ុន​ដែល​ជា​អ្នក​ផលិត​កាំភ្លើង​ប្រភេទ AK-47 កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៤០ នេះ បាន​ឲ្យដឹង​ថា រ៉ូបូត​ពណ៌​​មាស​ដែល​មាន​ឈ្មោះ​ថា “Igorek” ជា​ប្រភេទ​រ៉ូបូត​កំពុង​ស្ថិតក្នុង​ការ​អភិវឌ្ឍ​នៅ​ឡើយ ដោយ​មិនទាន់​ត្រូវ​បាន​បញ្ចេញ​ពី​លក្ខណៈ​សម្បត្តិ​របស់​វា​នៅ​ឡើយ​ទេ។ រ៉ូបូត​នេះ អាច​ដើរ​បាន និង​អាច​បញ្ជា​បាន​ដោយ​មនុស្ស​ម្នាក់​ នៅ​ខាង​ក្នុង​។

Igorek មាន​ទម្ងន់ ៤,៥​តោន ហើយ​អាច​ចាប់​កាន់​អាវុធ​ផ្សេង​ៗបាន។ ផ្នែក​ខាងក្រៅ​របស់​វា អាច​ការពារ​ពី​គ្រាប់​កាំភ្លើង និង​គ្រឿងផ្ទុះ។ វេបសាយ​របស់ Kalashnikov បាន​បញ្ជាក់​ថា គោល​បំណង២ នៃ​ការ​បង្កើត​រ៉ូបូត​នេះ គឺ​បម្រើ​ដល់​វិស្វកម្ម និង​សមរភូមិ​ប្រយុទ្ធ។

រ៉ូបូត Igorek ត្រូវបានដាក់បង្ហាញនៅពិធីពិព័រណ៍យោធាមួយ នៅក្រុងម៉ូស្គូ (រូបថត៖ Kalashnikov.media)

លោក Vladimir Dmitriev នៃ​ក្រុមហ៊ុន Kalashnikov Concern បាន​បញ្ជាក់​ថា រ៉ូបូត​ខាងលើ​គ្រាន់តែ​ដាក់​តាំង​បង្ហាញ​សិន​តែ​ប៉ុណ្ណោះ។ ចំពោះ​លក្ខណៈ​សម្បត្តិ​របស់​វា នឹង​ត្រូវ​បង្ហាញ​នៅ​ពេល​ក្រុមហ៊ុន​សម្រេច​ប្រកាស​ជា​ផ្លូវការ​។

សូម​ជម្រាប​ថា ពិធី​តាំង​ពិព័រណ៍​យោធា​នៅ​ក្រុង​ម៉ូស្គូ មាន​ក្រុមហ៊ុន​ជាង ១២០០​ បាន​ចូលរួម និង​បង្ហាញ​អាវុធ​ថ្មីៗ​ប្រហែល ២៦០០០ ប្រភេទ​។

អាវុធ​ធុន​ស្រាល​ជាង ៩៥% នៅ​រុស្ស៊ី ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន Kalashnikov Concern ។ ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន​នេះ​ក៏​បាន​​ចែកចាយ​ទៅ​កាន់ ២៧​ប្រទេស​ផ្សេង​ទៀត នៅ​លើ​ពិភពលោក​ផងដែរ​។ អាវុធ​ល្បី​ជាង​គេ​របស់ Kalashnikov Concern គឺ អាកា​៤៧ (AK-47) ដែល​មាន​ឈ្មោះ​ពេញ​ថា Avtomat Kalashnikov 1947​ ៕

បុរសម្នាក់ ចាប់កាន់សាកល្បងអាវុធ ក្នុងពិព័រណ៍យោធា (រូបថត៖ EPA)

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;