EU បន្ត​គាំទ្រ​កម្ពុជា​លើ​កម្មវិធី​មួយ​ចំនួន គិតជា​ទឹកប្រាក់​ជាង ១៣០លាន​ដុល្លារ

  • 2018-08-23 04:17:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ George Edgar ឯកអគ្គរដ្ឋទូត និង​ជាប្រធាន​ប្រតិភូ​សហភាពអឺរ៉ុប​ប្រចាំ​កម្ពុជា បាន​បង្ហាញ​ពី​សុឆន្ទៈ​នៃ​កិច្ច​សហប្រតិបត្តិការ ក្នុងការ​បន្ត​គាំទ្រ​កម្ពុជា ​លើ​កម្មវិធី​មួយ​ចំនួន​ដែល​គិតជា​ទឹកប្រាក់​សរុប​ប្រមាណ ១១៥លាន​អឺរ៉ូ (ជាង ១៣២លាន​ដុល្លារ)។ ការ​ប្តេជ្ញា​នេះ ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក George Edgar និង​លោក​ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង។

លោក​ George Edgar ក្នុងជំនួបពិភាក្សាជាមួយលោក អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។ រូបថត៖ FB ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​ស្តីពី​លទ្ធផល​នៃ​ជំនួប​ខាងលើនេះ បាន​ឱ្យដឹង​ថា កម្មវិធី​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល EU ប្តេជ្ញា​បន្ត​គាំទ្រ​នោះ​រួមមាន​ដូចខាង​ក្រោម៖
  • កម្មវិធី​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដំណាក់កាល​ទី៣ ពីឆ្នាំ​២០២០-២០២១ ប្រមាណ ២២លានអឺរ៉ូ (ជាង ២៥លានដុល្លារ)

  • កម្មវិធី​សម្រាប់​កំណើន​ប្រកប​ដោយ​និរន្តភាព និង​បរិយាប័ន្ន​នៅ​កម្ពុជា លើ​វិស័យ​ជលផល​ប្រមាណ ៨៧លានអឺរ៉ូ (ជាង ១០០លានដុល្លារ)

  • និង​កម្មវិធីសម្ព័ន្ធភាព​ការ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា ដំណាក់កាល​ទី៣ ប្រមាណ ៦លាន​អឺរ៉ូ (ជិត ៧លានដុល្លារ)។

ក្នុង​ជំនួប​នេះ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែង​អំណរគុណ​ចំពោះ​ការ​គាំទ្រ​របស់​ EU ទាំង​ជំនួយ​ជា​ហិរញ្ញប្បទាន​ឥតសំណង និង​ជំនួយ​បច្ចេកទេស ដើម្បី​គាំទ្រ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ប្រកប​ដោយ​ជោគជ័យ និង​ចីរភាព។ លោក​បាន​គូស​បញ្ជាក់​ថា នេះ​គឺជា​ការឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​កិច្ច​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង EU៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;