Facebook ប្ដេជ្ញា​ប្រើប្រាស់ថាមពល​​កកើត​ឡើង​វិញ​ឲ្យ​បាន ១០០% នៅ​ឆ្នាំ​២០២០

  • 2018-08-29 06:27:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស Facebook បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៨​សីហា​ថា ខ្លួន​កំពុង​កាត់​បន្ថយ​ការ​សាយភាយ​ឧស្ម័ន​ផ្ទះ​កញ្ចប់​បាន​ចំនួន ៧៥% ហើយ។ គម្រោង​នេះ នឹង​បង្កើន​ភាគរយ​ឲ្យ​ដល់ ១០០ នៃ​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ នៅ​ត្រឹម​ចុង​ឆ្នាំ​២០២០​ខាង​មុខ។

Facebook ប្រាប់​ថា ការ​ធ្វើ​ដូចនេះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ។ Facebook បាន​ចុះ​កិច្ច​សន្យា​ប្រើប្រាស់​ថាមពល​ព្រះ​អាទិត្យ និង​ថាមពល​ខ្យល់​ទំហំ​ច្រើន​ជាង ៣​មេហ្គាវ៉ាត់ គិត​ចាប់​តាំង​ពី​ការ​អនុវត្ត​នៅ​ឆ្នាំ​២០១៣។ គម្រោង​ថាមពល​ទាំង​នេះ បាន​ដាក់​ដំណើរ​ការ​នៅ​មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ​របស់ Facebook ជា​ច្រើន​មក​ហើយ ដូចជា នៅ​រដ្ឋ Oregon រដ្ឋ Virginia រដ្ឋ New Mexico និង​ប្រទេស​ស៊ុយអែត ជា​ដើម។

កាល​ពី​ឆ្នាំ​២០១៥ Facebook មាន​គម្រោង​កំណត់​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​ឲ្យ​បាន ៥០% គិត​ត្រឹម​ដើម​ឆ្នាំ​២០១៨។ យ៉ាង​ណា​មិញ គម្រោង​នេះ​បាន​លើស​ពី​ផែនការ​ដែល​បាន​កំណត់​ទៅ​ទៀត ដោយ​ការ​ប្រើប្រាស់​ថាមពល​ឡើង​វិញ​មាន​ចំនួន​ដល់​ទៅ ៥១% នៅ​ត្រឹម​ឆ្នាំ​២០១៧។

សូម​ជម្រាប​ថា មិន​ខុស​ពី Facebook ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​ទៀត​ក៏​កំពុង​ស្ទុះស្ទា​រឿង​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ ដើម្បី​ការពារ​បរិស្ថាន​ផង​ដែរ។ នៅ​ខែ​មិថុនា ឆ្នាំ​២០១៨ ក្រុមហ៊ុន Samsung បាន​សន្យា​ថា ដំណើរការ​របស់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក អឺរ៉ុប និង​ចិន នឹង​ត្រូវ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​ឲ្យ​បាន​ពេញ​លេញ ១០០% នៅ​ត្រឹម​ឆ្នាំ​២០២០។ Apple និង Google ក៏​បាន​ចាប់ផ្ដើម​ទិញ​ថាមពល​កកើត​ឡើង​វិញ ដូចជា ថាមពល​ព្រះ​អាទិត្យ និង​ថាមពល​ខ្យល់ ផង​ដែរ គិត​តាំង​ពី​ខែ​មេសា៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;