អាមេរិក៖ ចិន​គាបសង្កត់​កូរ៉េ​ខាង​ជើង មិន​ឲ្យ​លុប​បំបាត់​កម្មវិធី​នុយក្លេអ៊ែរ

  • 2018-08-31 06:37:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ចិន អំពី​រឿង​ដែល​កូរ៉េ​ខាង​ជើង​មិន​ព្រម​ដំណើរការ​កម្ទេច​ចោល​នូវ​កម្មវិធី​នុយក្លេអ៊ែរ ដូច​ដែល​បាន​សន្យា​កាល​ពី​ជំនួប​កំពូល​នៅ​សិង្ហបុរី កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។

លោក ត្រាំ បាន​អះអាង​ថា ចិន​បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ទៅ​លើ​កូរ៉េ​ខាង​ជើង ក្រោយ​ពី​កើត​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​នឹង​អាមេរិក។ លោក​ប្រធានាធិបតី បន្ត​ថា ចិន​បាន​ផ្ដល់​ជំនួយ​ជា​ច្រើន​ប្រភេទ​ទៅ​ឲ្យ​កូរ៉េ​ខាង​ជើង ជា​ថ្នូរ​នឹង​ការ​មិន​លុប​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ដូចជា ​ប្រេង​ឥន្ធនៈ ជី និង​ទំនិញ​មួយ​ចំនួន​ផ្សេងៗ​ទៀត។

បើ​ទោះ​ជា​អ្វី​ដែល​ធ្លាប់​សន្យា​គ្នា​រវាង​អាមេរិក និង​កូរ៉េ​ខាង​ជើង មិន​ទទួល​បាន​ជោគជ័យ លោក ដូណាល់ ត្រាំ បាន​សង្កត់​ធ្ងន់​ថា ទំនាក់​ទំនង​លោក និង​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន គឺ​នៅ​តែ​ល្អ និង​កក់​ក្ដៅ​ដដែល។

"យ៉ាង​ណា​ក៏​ដោយ លោក​ប្រធានាធិបតី​ជឿ​ថា ទំនាក់​ទំនង​របស់​លោក ជាមួយ​លោក គីម ជុងអ៊ុន គឺ​នៅ​ល្អ និង​កក់ក្ដៅ ហើយ​គ្មាន​មូលហេតុ​ណា​មួយ​នៅ​ពេល​នេះ​ដែល​ត្រូវ​ចំណាយ​លុយ​ច្រើន​សន្ធឹក ដើម្បី​ធ្វើ​សមយុទ្ធ​អាមេរិក​-កូរ៉េ​ខាង​ត្បូង​នោះ​ទេ។ ក្រៅ​ពី​នេះ លោក​ប្រធានាធិបតី​អាច​ចាប់​ផ្ដើម​ធ្វើ​សមយុទ្ធ​ភ្លាមៗ​ជាមួយ​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ប្រសិន​បើ​លោក​ជ្រើសរើស​បែប​នេះ។ បើ​លោក​ធ្វើ​មែន នោះ​វា​នឹង​មាន​លក្ខណៈ​ធំ​ជាង​មុន​ឆ្ងាយ​ណាស់" នេះ​ជា​សារ​បង្ហោះ​នៅ​លើ​គណនី Twitter ផ្លូវការ​របស់​លោក ត្រាំ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៨៕

ប្រភព៖ RT ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;