គ្រូ​ណាហ្គា បង្ហាញ​ក្តី​បារម្ភ មុន​ប៉ះ​ទ័ព​ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ Hun Sen Cup

  • 2018-08-31 09:02:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុន​ជំនួប​ជាមួយ​ក្រសួង​ការពារ​ជាតិ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់ Hun Sen Cup គ្រូ​បង្វឹក​ណាហ្គាវើល លោក មាស ចាន់ណា បាន​បង្ហាញក្តី​បារម្ភ​ដ៏​ធំមួយ​ គឺ​កង្វះ​កីឡាករ​ដោយសារតែ​របួស និង​ជាប់ពិន័យ។ នេះ​បើតាម​ការចុះផ្សាយ​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) កាលពីថ្ងៃទី​៣០សីហា​ម្សិលមិញ​នេះ។

លោក មាស ចាន់ណា បាន​បង្ហើប​ថា លោក​នឹង​ដាក់​យុវជន​មួយ​ចំនួន ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត ហើយ​លោក​ជឿជាក់​កីឡាករ​វ័យក្មេង​ទាំងនេះ​ ថា​អាច​រ៉ាប់រង​ការងារ​ជំនួស​រៀមច្បង​ពួកគេ​បាន។

លោក មាស ចាន់ណា ថ្លែងទៅកាន់អ្នកកាសែត ក្រោយពេលប្រកួតនៅពហុកីឡដ្ឋានជាតិ នាពេលកន្លងមក
ម្ចាស់​ពាន​រង្វាន់​គ្រូបង្វឹក​សម្បូរ​ប្រជាប្រិយភាព​ឆ្នាំ២០១៧​រូបនេះ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «**អ្វីដែល​ព្រួយ​បារម្ភ គឺ​កីឡាករ​ឈឺ​ច្រើន ហើយ​ថែមទាំង​មាន​កីឡាករ​ត្រូវ​ព្យួរ​ទៀត សុទ្ធតែ​សំខាន់ៗ​ទាំងអស់។ លើកនេះ​មើលទៅ​យើង​ប្រើយុវជន​ហើយ។ ធម្មតា​បាល់ទាត់ ចាញ់​ឈ្នះ យើង​ត្រូវតែ​ទទួល​ហើយ យើង​នឹង​នៅតែ​ព្យាយាម តែយើង​គិតថា ទោះ​បាត់បង់ ២-៣​នាក់ យើងនៅ​តែល្អ​អ៊ីចឹង ព្រោះយើង​គិតថា ពួកគាត់​ក៏មិន​អន់ដែរ**»។

យ៉ាងណា​ក៏ដោយ គ្រូ​បង្វឹក​រូបនេះ មិនបាន​បង្ហើប​ចំៗ​ថា កីឡាករ​រូប​ណា​ដែលនឹង​ត្រូវ​អវត្តមាន​ឡើយ។

សូម​ជម្រាប​ថា ក្រុម​ណាហ្គាវើល នឹង​ប្រកួត​ជាមួយ​ក្រសួង​ការពារជាតិ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ នៅថ្ងៃទី១ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ៦កន្លះ​ល្ងាច នៅ​ពហុកីឡដ្ឋាន​ជាតិ។ ចំណែក​១គូទៀត គឺ​អង្គរថាយហ្គឺរ នឹង​ប៉ះ អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ នៅថ្ងៃទី​២ ខែ​កញ្ញា៕

ក្រុមណាហ្គាវើល ប្រកួតជាមួយក្រសួងការពារជាតិ ក្នុងលីគកំពូលកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១៧ នៅពហុកីឡដ្ឋាន​ជាតិ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;