ក្រសួង ណែនាំ​ពី​ការ​បង្ការ​បញ្ហា​សុខភាព ​ក្រោយ​ទឹក​ជំនន់​ស្រក

  • 2018-09-03 07:11:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្ដី​ណែនាំ ស្ដីពី​ការ​បង្ការ​បញ្ហា​សុខភាព​ក្រោយ​ទឹក​ជំនន់​ស្រក ជៀសវាង​ការ​កើត​មាន​ជំងឺ​មួយ​ចំនួន​ដូចជា ជំងឺ​រាក គ្រុនឈាម កមរមាស់ និង​ជំងឺ​ព្រូន​ជាដើម។

ពលរដ្ឋ ជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ពីទឹកជំនន់
លិខិត​របស់​ក្រសួង​សុខាភិបាល បាន​ណែនាំ​ដូច​ខាងក្រោម៖
  • ត្រូវ​បន្ត​បរិភោគ​ចំណី​អាហារ​ស្អាត-ឆ្អិនល្អ ពិសា​និង​ប្រើប្រាស់​ទឹក​ស្អាត ព្រមទាំង​អនាម័យ​ខ្លួន​ប្រាណ និង​ឧស្សាហ៍​សម្អាត​ដៃ​នឹង​សាប៊ូ​រាល់​ពេល​ចម្អិន​អាហារ មុន​ពេល​បរិភោគ និង​ក្រោយ​ពេល​បន្ទោបង់

  • ត្រូវ​សម្រាន្ត​ក្នុង​មុង ដើម្បី​ការពារ​ជំងឺ​គ្រុន​ឈាម គ្រុន​ចាញ់ និង​ជំងឺ​ផ្សេងៗ ដែល​ឆ្លង​ដោយ​សារ​មូស

  • ត្រូវ​ពិនិត្យ​មើល​ផ្ទះ​សម្បែង ក្រែង​មាន​បាក់​ស្រុត​នាំ​ឲ្យ​គ្រោះថ្នាក់ ប្រុង​ប្រយ័ត្ន​ក្រែង​មាន​សត្វ​ពស់ ឬ​សត្វ​អាសិរពិស​ផ្សេងៗ នៅ​ទីនោះ​ដែល​អាច​ចឹង ឬ​ខាំ

  • ត្រូវ​សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ និង​ក្នុង​ផ្ទះ ព្រោះ​ក្រោយ​ពេល​ទឹក​ស្រក​ទៅ​ បាន​បន្សល់​នូវ​ភាព​កខ្វក់ កាក​សំណល់​ និង​មេរោគ​ជាច្រើន​

  • ត្រូវ​លុប​ថ្លុក ឬ​កន្លែង​ដែល​មាន​ទឹក​ដក់​ជុំវិញ​ផ្ទះ នាំ​ឲ្យ​មាន​ដង្កូវ​ទឹក បង្ក​ឲ្យ​កើត​ជា​មូសខ្លា និង​មូស​ដែក​គោល ដែល​ជា​ប្រភព​បង្ក​ជំងឺ​គ្រុន​ឈាម គ្រុន​ចាញ់ និង​ជំងឺ​ផ្សេងៗ

  • ចាំ​បាច់​ត្រូវ​ស្ដារ និង​សម្អាត​អណ្ដូង​ទឹក​ឡើងវិញ​មុន​នឹង​ប្រើប្រាស់

  • ជួសជុល និង​សង់​បង្គន់​ឡើង​វិញ ដោយ​ជានិច្ចកាល​ ត្រូវ​បន្ទោបង់​ក្នុង​បង្គន់​គ្រប់​ពេល

  • ហាល​កំរាល ឬ​សម្ភារៈ​ប្រើប្រាស់​ដែល​សើម និង​បើកទ្វារ បើក​បង្អួច​ទាំងអស់ ឲ្យ​មាន​លំហូរ​ខ្យល់​ចេញ​ចូល​គ្រប់គ្រាន់​ក្នុង​ផ្ទះ ដើម្បី​កុំឲ្យ​ដុះ​ផ្សិត​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​រាករូស និង​ជំងឺ​ផ្លូវ​ដង្ហើម

  • ចៀសវាង​ប៉ះ​ខ្សែភ្លើង​ដែល​បាន​ធ្លាក់​ចុះ និង​ត្រូវ​ប្រុងប្រយ័ត្ន​បំណែក​កញ្ចក់ ឬ​ដែក​ស្រួច​នៅ​ក្នុង​បរិវេណ​ផ្ទះ ដែល​អាច​នាំឲ្យ​មុត ឬ​របួស​។

ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ទៅ​ពិនិត្យ​និង​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​បំផុត ឬ​ទាក់ទង​លេខ​ទូរសព្ទ​ទាន់​ហេតុការណ៍​ដោយ​ឥតគិតថ្លៃ ១១៥ ឬ ទាក់ទង​ក្រសួង​សុខាភិបាល លេខ ០១២ ៨២៥ ៤២៤​ (លោក លី សូវ៉ាន់)៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;