១០​យ៉ាង ដែល​អ្នកគួរ​ដឹង​ពី​មហា​សេដ្ឋី​ចិន Jack Ma

  • 2018-09-08 03:04:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jack Ma បានប្រាប់សារព័ត៌មាន New York Times ថា លោកនឹងចូលនិវត្តន៍ពីក្រុមហ៊ុន Alibaba នៅសប្ដាហ៍ក្រោយ។ ដូច្នេះ ​ថ្ងៃនេះ [ខ្លីៗ] សូមលើកយករឿងគួរឲ្យចាប់អារម្មណ៍ ១០យ៉ាង ​របស់​បុរសវ័យ៥៣ឆ្នាំរូបនេះ ដូចខាងក្រោម៖

១- លោក Jack Ma ត្រូវបានសាកលវិទ្យាល័យ Harvard នៅសហរដ្ឋអាមេរិក បដិសេធចំនួន ១០លើក ក្នុងការ​ដាក់ពាក្យធ្វើជាគ្រូបង្រៀន។ ជាងនេះទៅទៀត លោកប្រឡងចូលរៀននៅ Harvard បរាជ័យ ៣លើក និង ត្រូវគេបដិសេធ ៣០លើកពេលស្វែងរកការងារ រួមទាំង KFC ផងដែរ។

២- លោករៀននិយាយភាសាអង់គ្លេស ដោយធ្វើការស្ម័គ្រចិត្ត ជាមួយភ្ញៀវទេសចរ អស់រយៈពេល ៩ឆ្នាំ។ ហើយឈ្មោះ "Jack” ត្រូវបានភ្ញៀវទេសចរម្នាក់ មកពីរដ្ឋ Tennessee ដាក់ឲ្យលោក។

៣- ក្នុងឆ្នាំ​១៩៩៥ លោក Jack Ma បានធ្វើដំណើរទៅអាមេរិក ហើយលោកបានប្រើប្រាស់អ៊ីនធឺណិតជាលើកដំបូង។ ពេលនោះ លោករកឃើញថា ព័ត៌មានទាក់ទងនឹងប្រទេសចិននៅលើអ៊ីនធឺណិត ស្ទើរតែមិនមាននោះទេ។ មូលហេតុនេះ បានធ្វើឲ្យលោកមានគំនិត បង្កើត​វេបសាយមួយ ទាក់ទងនឹងប្រទេសចិន។

៤- លោកដាក់ឈ្មោះក្រុមហ៊ុន Alibaba ផ្ដើមដោយអក្សរ "A” ព្រោះគេអាចស្វែងរក ឃើញក្រុមហ៊ុនរបស់លោកនៅលើគេបង្អស់​ក្នុងបញ្ជី​។ បច្ចុប្បន្ន Alibaba មានមនុស្សជាង ១០០លាននាក់ ចូលទៅកាន់វេបសាយ ដើម្បីទិញទំនិញផ្សេងៗ ក្នុងមួយថ្ងៃៗ និងបង្កើតការងារជាង ៤០លានកន្លែង នៅចិន។

៥- Jack Ma និយាយថា ការកសាងទំនុកចិត្ត ជារឿងដ៏សំខាន់ក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក។

៦- Jack Ma ថា លោកមិនធ្លាប់យកលុយរដ្ឋាភិបាលចិនឡើយ ហើយទំនាក់ទំនងរបស់លោក និងអាជ្ញាធរចិន គឺមានភាពគួរឲ្យចាប់អារម្មណ៍បំផុត។ ពាក្យមួយឃ្លាដ៏ល្បីរបស់លោកគឺ "Be in love with the government, but don't marry them” ។

៧- មហាសេដ្ឋីរូបនេះ មានប្រសាសន៍ថា លោកមានបំណងបម្រើអតិថិជន ២ពាន់លាននាក់ និងជួយអាជីវកម្មតូចៗ ចំនួន ១០លានអាជីវកម្ម នៅក្រៅប្រទេសចិន តាមរយៈការលក់អនឡាញ។

៨- លោកស្រឡាញ់តួអង្គក្នុងរឿង "Forrest Gump” ដោយអះអាងថា លោកយកគំរូតាម Forrest Gump ដែលជាមនុស្សសាមញ្ញ តែមិនបោះបង់។

៩- Jack Ma ព្រួយបារម្ភចំពោះយុវជន ដែលបាត់បង់ក្ដីសង្ឃឹមរបស់ពួកគេ។ លោកចាត់ទុកខ្សែភាពយន្តហូលីវូដ ជាកត្តាជំរុញលើកទឹកចិត្តឲ្យយុវជន មិនបោះបង់ក្ដីសង្ឃឹម។

១០- Jack Ma ថាក្បាច់គុនថៃជី ជាទស្សនវិជ្ជាមួយ ដើម្បីជួយសម្រួលអារម្មណ៍ និងការរក្សាលំនឹង។ វាអាចប្រើប្រាស់នៅក្នុងអាជីវកម្មបាន៕

រូបថត៖ china.org.cn

អត្ថបទទាក់ទង Jack Ma ប្រកាសចូលនិវត្តន៍ ពីក្រុមហ៊ុន Alibaba ហើយ!

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;