ដូណាល់ ត្រាំ លើកឡើងពីព្យុហយាត្រាយោធា​ក្នុង​​បុណ្យ​ខួប ៧០​ឆ្នាំ​របស់​កូរ៉េខាងជើង

  • 2018-09-09 22:39:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក កាលពី​ថ្ងៃ​ទី៩ ខែ​កញ្ញា ២០១៨ ម្សិលមិញ បាន​អរគុណ​លោក គីម ជុងអ៊ុន មេដឹកនាំ​កំពូល​កូរ៉េខាងជើង ដែល​ធ្វើ​ព្យុហយាត្រា​យោធា ដោយ​គ្មាន​ការ​បង្ហាញ​មីស៊ីល​នុយក្លេអ៊ែរ ដើម្បី​អបអរសាទរ​ខួប ៧០​ឆ្នាំ​នៃ​ការ​បង្កើត​ប្រទេស​កូរ៉េខាងជើង។

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក/ រូបភាព៖ Reuters
លោក ត្រាំ បង្ហោះ​តាម Twitter ថា "នេះ​គឺ​ជា​ការ​បង្ហាញ​ដ៏​ធំ និង​យ៉ាង​វិជ្ជមាន​មួយ​ពី​កូរ៉េខាងជើង។ អរគុណ​លោក​ប្រធាន គីម។ យើង​ទាំង​ពីរ​នឹង​បញ្ជាក់​ថា អ្នក​រាល់គ្នា​ខុស"។

លោក ត្រាំ បន្ដ​ទៀត​ថា "គ្មាន​អ្វី​ល្អ​ដូច​កិច្ច​សន្ទនា​រវាង​មនុស្ស ២នាក់​ដែល​ចូលចិត្ត​គ្នា​នោះ​ទេ! ប្រសើរ​ជាង​មុន​ខ្ញុំ​ចូល​កាន់​តំណែង [ប្រធានាធិបតី]”។

“មូលបទ គឺ​សន្ដិភាព និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច"។ លោក ត្រាំ បន្ថែម។

សូម​បញ្ជាក់​ថា មេដឹកនាំ​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ប្រទេស​សិង្ហបុរី កាលពី​ខែ​មិថុនា ២០១៨ កន្លង​ទៅ ដោយ​បាន​សន្យា​បិទ​បញ្ចប់​ការ​តេស្ដ​សាកល្បង​មីស៊ីល និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;