ប្រមុខ​ដឹកនាំ​អាស៊ាន លើក​ពី​ជំនាញ​ដ៏​សំខាន់​មួយ សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច

  • 2018-09-12 09:26:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា រួម​ទាំង​ប្រមុខដឹកនាំ​នៃ​ប្រទេស​វៀតណាម សិង្ហបុរី ឥណ្ឌូណេស៊ី ឡាវ និង​ភូមា បាន​ចាត់​ទុក​ការ​រួម​សហការ​លើ​​វិស័យ​ឯកជន​ជាមួយ​រដ្ឋាភិបាល ​ជា​រឿង​ចាំបាច់​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​កំណើន​សេដ្ឋកិច្ច។ ជាពិសេស គេ​ត្រូវ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកវិទ្យា​ ដែល​ជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​ខឿន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព។

សម្ដេច ហ៊ុន សែន ថ្លែងក្នុងវេទិកាសេដ្ឋកិច្ច​ពិភពលោក នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ​២០១៨​ នៅក្រុងហាណូយ ប្រទេសវៀតណាម (រូបថត៖ ហ្វេសប៊ុកផ្លូវការរបស់សម្ដេច ហ៊ុន សែន)
ការ​លើកឡើង​នេះ ត្រូវ​ធ្វើឡើង​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក លើក​ទី​២៧ ក្រោម​ប្រធានបទ "យុវជន បច្ចេកវិទ្យា និង​កំណើន​ការ​ធានា​ពី​គុណ​ប្រយោជន៍​ផ្នែក​ប្រជាសាស្ត្រ​និង​ឌីជីថល​របស់​អាស៊ាន" នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នា​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ដែល​មាន​ការ​ចូលរួម​ពី​បណ្តា​មេដឹកនាំ និង​ផ្នែក​ធុរកិច្ច អ្នកសេដ្ឋកិច្ច និង​ម្ចាស់​ក្រុមហ៊ុន​ធំៗ​លើ​ពិភពលោក​ជាច្រើន​រូប។

យោង​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច ហ៊ុន សែន បាន​ឲ្យដឹង​ថា សព្វ​ថ្ងៃ​នេះ ពលរដ្ឋ​ជាពិសេស​យុវជន​កំពុង​ប្រើប្រាស់​ស្មាតហ្វូន និង​បច្ចេកវិទ្យា​ថ្មីៗ រួម​ទាំង​ការ​ធ្វើ​ពាណិជ្ជកម្ម និង​លក់​ទំនិញ​អនឡាញ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​តាម​ធនាគារ និង​ទូទាត់​តាម​ប្រព័ន្ធ​ឆ្លាតវៃ​នានា ព្រមទាំង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ទប់ស្កាត់​អំពើ​ភេរវកម្ម​ផ្សេងៗ ដែល​បាន​ជួយ​បង្កើត​ការងារ​និង​មុខរបរ​បាន​យ៉ាង​ច្រើន។ ទន្ទឹម​នឹង​នេះ ជំនាញ​បច្ចេកវិទ្យា ​កំពុង​ជួយ​ពន្លឿន​ដល់​សមាហរណកម្ម​ក្នុង​តំបន់ ព្រម​ទាំង​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​រវាង​ពលរដ្ឋ និង​ពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង​ទៀត​ផង​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;