ក្រសួង គាំទ្រគម្រោងបង្កើតអាជីវកម្មសេវាជួសជុល និងដំឡើងនាវា នៅខេត្តព្រះសីហនុ
- 2018-09-12 10:01:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួង គាំទ្រគម្រោងបង្កើតអាជីវកម្មសេវាជួសជុល និងដំឡើងនាវា នៅខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
គម្រោងបង្កើតអាជីវកម្មសេវាជួសជុល និងដំឡើងនាវា លើទំហំផ្ទៃដី ១០ ៤២៦ម៉ែត្រក្រឡា ស្ថិតក្នុងភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទទួលបានការគាំទ្រក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA)។ កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញានេះ ដឹកនាំដោយលោក ទា ជុប អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។
ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រៅពីការសម្រេចគាំទ្រគម្រោងបង្កើតអាជីវកម្មសេវាជួសជុល និងដំឡើងនាវា អង្គប្រជុំក៏បានធ្វើការណែនាំដល់ក្រុមហ៊ុនទាំង២ផងដែរ នូវចំណុចមួយចំនួនដូចខាងក្រោម៖
ក្រុមហ៊ុនម្ចាស់គម្រោងត្រូវអនុវត្តតាមនិតិវិធីរបស់គណៈកម្មការអភិវឌ្ឍន៍តំបន់ឆ្នេរ។
ក្រុមហ៊ុនម្ចាស់គម្រោងត្រូវចុះបញ្ជីបុគ្គលិក-កម្មករជាមួយការិយាល័យ បេឡារបបសន្តិសុខសង្គម ខេត្តព្រះសីហនុ។
ក្រុមហ៊ុនទីប្រឹក្សា ត្រូវសហការជាមួយក្រុមហ៊ុនម្ចាស់គម្រោងដើម្បីសិក្សាពីសារធាតុគីមីដែលបានប្រើប្រាស់លើការជួសជុល និងដំឡើងនាវា ដូចជា ប្រភេទថ្នាំបាញ់ច្រេះ បាញ់ពណ៌ ព្រមទាំងបញ្ជាក់អំពីចំនួន ឱ្យច្បាស់លាស់ផងដែរ។
ក្រុមហ៊ុនម្ចាស់គម្រោង ត្រូវជីកស្រះដើម្បីស្តុកសំណល់រាវ ដែលចេញពីការលាងសម្អាត ពេលខាត់នាវា និងសំណល់រាវដែលចេញពីអាងបញ្ចុះកម្តៅក្រោយពេលកាត់ដែក។
ក្រុមហ៊ុនម្ចាស់គម្រោង ត្រូវរៀបចំអាងប្រព្រឹត្តិកម្មបែបគីមីសាស្រ្ត ទៅតាមផែនការរបស់ក្រុមហ៊ុនដែលមានរយៈពេល ៥ឆ្នាំ។
ក្រុមហ៊ុនម្ចាស់គម្រោង ត្រូវគ្រប់គ្រងសំណល់រឹងដែលចេញពីសង្វាក់ផលិតកម្ម ឱ្យបានត្រឹមត្រូវដោយយកទៅចាក់នៅទីលានចាក់សំណល់គ្រោះថ្នាក់ដែលមានការទទួលស្គាល់ពីក្រសួងបរិស្ថាន។
ក្រុមហ៊ុនទីប្រឹក្សា ត្រូវកែសម្រួលរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានទៅតាមមតិអង្គប្រជុំអន្តក្រសួង ដើម្បីដាក់ជូនក្រសួងបរិស្ថាន ពិនិត្យ និងសម្រេច៕