មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ថ្មី ថ្លែង​ដូចម្ដេច​ខ្លះ ក្នុង​ពិធី​ផ្ទេរ​ភារកិច្ច​នៅថ្ងៃនេះ?

  • 2018-09-12 11:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧត្តម​សេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ថ្មី​ បាន​ថ្លែង​បញ្ជាក់​ថា ការ​ផ្ទេរ​ភារកិច្ច​មេបញ្ជាការ​កង​ទ័ព​ជើង​គោក​នេះ មិនមែន​មាន​ន័យ​ថា ជា​ការ​ផ្ទេរសិទ្ធិ ឬ​ផ្ទេរ​អំណាច​នោះ​ទេ ប៉ុន្តែ​ជា​ការ​ផ្ទេរ​នូវ​ការ​ទទួល​ខុសត្រូវ​បន្ត​មួយ និង​ផ្តល់​កិត្តិយស ផ្តល់​ឱកាស​ក៏ដូចជា​លទ្ធភាព​ដ៏​ធំធេង​បន្ថែម​ទៀត​សម្រាប់​រូបលោក​ បាន​ចូលរួម​បម្រើ​កងយោធពលខេមរភូមិន្ទ ក្នុង​ការ​ធានា​បាន​សុខ​សន្តិភាព ស្ថិរភាព សន្តិសុខ អធិបតេយ្យភាព បូរណភាពទឹកដី និង​ការ​អភិវឌ្ឍន៍​មាតុភូមិ។

លោកឧត្តម​សេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ ទទួលភារកិច្ចមេបញ្ជាការ​កង​ទ័ព​ជើង​គោក​ នៅថ្ងៃទី១២កញ្ញានេះ នៅបញ្ជា​ការដ្ឋាន​កង​ទ័ព​ជើង​គោក (រូបថត៖ ផ្ដល់ឲ្យ)
ការ​ថ្លែង​បញ្ជាក់​នេះ ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​ពិធី​ផ្ទេរ​កិច្ច​មេបញ្ជាការ​កងទ័ព​ជើង​គោក នៅ​បញ្ជា​ការដ្ឋាន​កង​ទ័ព​ជើង​គោក នា​​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨នេះ​។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​ប្តេជ្ញា​ចិត្ត​ថា លោក​នឹង​ស្មោះត្រង់​ដាច់​ខាត​ចំពោះ​ជាតិ សាសនា និង​ព្រះមហាក្សត្រ អស់​មួយ​ជីវិត និង​គោរព​និង​អនុវត្ត​តាម​ជានិច្ច​នូវ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត លោក​នឹង​ដើរ​តាម​មាគ៌ា​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ជាពិសេស​គោរព និង​អនុវត្ត​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦។

លោក​ឧត្តម​សេនីយ៍ឯក បន្ថែម​ថា លោក​នឹង​គោរព​និង​អនុវត្ត​តាម​គោលការណ៍ និង​លក្ខន្តិកៈ​កងយោធពលខេមរភូមិន្ទ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​បំផុត និង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ឲ្យ​បាន​ចំពោះ​តួនាទី​របស់​ខ្លួន និង​ហ៊ាន​បូជា​អាយុ​ជីវិត មិន​ស្តាយ​ស្រណោះ ដើម្បី​បុព្វហេតុ​ការពារ​ប្រជាជន និង​ជាតិ​មាតុភូមិ។

សូមរំលឹកថា ​កាលពីថ្ងៃទី ៦ខែកញ្ញា សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទូល​ស្នើ​ព្រះ​មហាក្សត្រតែងតាំង​ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជា​មេ​បញ្ជាការ​កងទ័ព​ជើង​គោក បន្ថែម​ពី​លើ​មុខងារ​បច្ចុប្បន្ន ដែល​ជា​អគ្គ​មេ​បញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ។ ហើយនៅថ្ងៃដដែល ព្រះករុណាព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី បាន​ត្រាស់​បង្គាប់​តែងតាំង​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាផ្លូវការ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;