ចំណូល​ជា​មធ្យម​របស់​ប្រជាជន​កម្ពុជា​ម្នាក់ៗ នឹង​កើនឡើង​ស្ទើរជិត ១៥០០​ដុល្លារ នៅឆ្នាំ​នេះ

  • 2018-09-13 07:40:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងឆ្នាំ២០១៨នេះ កម្ពុជា​នឹង​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​លើសការ​គ្រោងទុក​ក្នុង​រង្វង់​អត្រា ៧,២% ដែល​ធ្វើឱ្យ​ចំណូល​ជា​មធ្យម​របស់​ប្រជាជន​ម្នាក់ៗ កើនឡើង​ស្ទើរតែ​ស្មើនឹង ១៥០០​ដុល្លារ ជាមួយ​នឹង​អត្រា​អតិផរណា ៧% ក្នុង​១ឆ្នាំ។ នេះ​បើយោងតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ជំនួប​​រវាង​លោក​ឧប​នាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច ជាមួយ​គណៈ​ប្រតិភូ​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ានបូក៣ (ARMO) កាលពី​ថ្ងៃទី​១២ កញ្ញា ២០១៨។

លោកស្រី Junhong Chan ប្រធានគណៈប្រតិភូ ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃទី១២កញ្ញា ២០១៨ នៅក្រសួងសេដ្ឋកិច្ច។ រូបថត៖ FB ក្រសួងសេដ្ឋកិច្ច
តាមការ​វាយតម្លៃ​របស់​ភាគី​ទាំង២​ខាងលើ​នេះ គឺបាន​យល់ឃើញ​ដូចគ្នា​ថា សមតុល្យ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ក្នុងឆ្នាំនេះ មាន​ភាព​រឹងមាំ និង​ស្ថានភាព​ហិរញ្ញវត្ថុ​ល្អ​ប្រសើរ។ ចំណែក​ការ​វិនិយោគ​ផ្ទាល់ពី​បរទេស ក៏នឹង​មានចរន្ត​កើនឡើង​ផងដែរ ស្របពេល​ដែល​កម្ពុជា រក្សាបាន​នូវ​ស្ថានភាព​បំណុល​ល្អ​ប្រសើរ។

ទោះជា​យ៉ាងណា សេចក្តី​ជូន​ដំណឹង​ដដែល​នេះ បាន​អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា ក៏នឹង​ប្រឈម​ផងដែរ ទៅនឹង​ហានិភ័យ​នៃ​កត្តា​ខាងក្រៅ​មួយ​ចំនួន ខណៈ​ដែល​បញ្ហា​ប្រឈម​ក្នុងស្រុក កំពុង​បន្ត​ដោះស្រាយ ដើម្បី​ជំរុញ​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា និង​ជំរុញ​ល្បឿននៃការ​ធ្វើពិពិធកម្មសេដ្ឋកិច្ច​ឱ្យកាន់តែ​ឆាប់រហ័ស។

សូម​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ជួបពិភាក្សា​ជាមួយ​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​ពាក់ព័ន្ធ សំដៅ​ប្រមូល​ទិន្នន័យ និង​ព័ត៌មាន​បន្ថែម ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​វាយ​តម្លៃ​ពី​និន្នាការ និង​ការវិវត្តថ្មីៗ នៃ​ស្ថានភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;