ជប៉ុន ចង់​នាំ​យក​ម៉ាស៊ីន​ចម្រោះ​ទឹក​​សមុទ្រ ទន្លេ ទឹក​ស្អុយ ​មក​កាន់​កម្ពុជា​

  • 2018-09-15 04:05:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Techno System Organization for Global Environment Conservation មកពី​ប្រទេស​ជប៉ុន បាន​បង្ហាញ​ពី​បំណង​ក្នុង​ការ​នាំចូល​ម៉ាស៊ីន​ចម្រោះ​ទឹក​ស្អាត ដែល​ជា​បច្ចេកវិទ្យា​របស់​ជប៉ុន​ដែល​មាន​ខ្នាត​តូច និង​ធំ មក​ប្រតិបត្តិការ​នៅ​កម្ពុជា ជាពិសេស​តំបន់​ដែល​មាន​ការ​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​។

ការ​ឲ្យ​ដឹង​ដូច្នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជាមួយ​ប្រតិភូ​ក្រុមហ៊ុន Techno System Organization for Global Environment Conservation ដឹកនាំ​ដោយ​លោក Yamamoto Tadashi អគ្គលេខាធិការ​រង​នៃ​ក្រុមហ៊ុន នៅ​ទីស្ដីការ​ក្រសួង កាល​ពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៨។

លោក ចម ប្រសិទ្ធ ជួបជាមួយប្រតិភូក្រុមហ៊ុន Techno System Organization for Global Environment Conservation ពិភាក្សាស្ដីពី ការនាំយកម៉ាស៊ីនចម្រោះ​ទឹក​ស្អាត មកកាន់កម្ពុជា កាលពីថ្ងៃទី១៣ កញ្ញា ឆ្នាំ​២០១៨ នៅទីស្ដីការក្រសួងឧស្សាហកម្ម (រូបថត៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម)
លោក Yamamoto Tadashi បាន​ឲ្យដឹង​ថា ម៉ាស៊ីន​ចម្រោះ​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​លោក មាន​សមត្ថភាព​ចម្រោះ​ចេញ​ពី​ប្រភព​ទឹក​គ្រប់​ប្រភេទ ដូចជា ទឹកសមុទ្រ ទឹកទន្លេ បឹង​ បួរ និង​ទឹក​ស្អុយ ជាដើម ឲ្យ​ក្លាយ​ជា​ទឹក​ស្អាត​អាច​ផឹក និង​ប្រើប្រាស់​បាន។ លោក​បន្ត​ថា ម៉ាស៊ីន​នេះ​មិន​ប្រើប្រាស់​ថាមពល​អគ្គិសនី​ទេ តែ​ប្រើប្រាស់​ផ្ទាំង​សូ​ឡា​ពី​ថាមពល​ព្រះអាទិត្យ។ វា​មាន​សមត្ថភាព​ផលិត​ទឹក​ស្អាត តាម​ខ្នាត​ម៉ាស៊ីន​តូច ឬ ធំ ចាប់​ពី ៧០០លីត្រ​ក្នុង​មួយថ្ងៃ រហូត​ដល់ ៤​ម៉ឺន​លីត្រ​ក្នុង​មួយ​ថ្ងៃ។

លោក ចម ប្រសិទ្ធ បាន​លើកឡើង​ថា ម៉ាស៊ីន​ចម្រោះ​ទឹក​ស្អាត​ប្រភេទ​នេះ មាន​លក្ខណៈ​ប្រសើរ​ណាស់​សម្រាប់​ផ្គត់ផ្គង់​តំបន់​ដី​កោះ​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ តំបន់​ដាច់​ស្រយាល និង​តំបន់​ជាយ​ក្រុង ជាពិសេស​អាច​ធ្វើ​អន្តរាគមន៍​ផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​ដល់​ប្រជាពលរដ្ឋ​ពេល​ជួប​គ្រោះ​ទឹក​ជំនន់​ក្នុង​ប្រទេស​។

លោក​ទេសរដ្ឋមន្ត្រី បាន​បន្ត​ថា រាជរដ្ឋាភិបាល​នឹង​គិតគូរ​ពី​តម្លៃ​ច្បាស់លាស់​តាំង​ពី​ការ​ដំឡើង​ និង​ប្រភេទ​រថយន្ត​ដឹក​ចល័ត​ជាដើម ដើម្បី​ងាយស្រួល​ធ្វើ​ការ​បញ្ជា​ទិញ ។ ក្នុងនោះ រាជរដ្ឋាភិបាល អាច​ទិញ​យក​មក​ប្រើប្រាស់​ជា​លក្ខណៈ​កម្ចី ODA (Official Development Assistant) ឬ​ ជា​លក្ខណៈ​ជំនួយ​ឥត​សំណង (Grant Aid) ។ ដោយឡែក​ក្រុមហ៊ុន​ឯកជន ក៏​នឹង​អាច​មាន​ចំណាប់​អារម្មណ៍​ផងដែរ បើ​តម្លៃ​មាន​លក្ខណៈ​សមរម្យ​។

ជា​ការ​ឆ្លើយតប ក្រុមហ៊ុន​ខាងលើ នឹង​នាំ​ចូល​ប្រភេទ​ម៉ាស៊ីន​ចម្រោះ​ទឹក​ស្អាត​មួយ​ឈុត មក​សាកល្បង​ជា​គំរូ នៅ​អំឡុង​ខែ​ក្រោយ​នេះ ព្រមទាំង​បញ្ជាក់​ពី​តម្លៃ​របស់​វា​ផងដែរ ។

សូម​ជម្រាប​ថា ក្រុមហ៊ុន Techno System Organization for Global Environment Conservation បាន​ធ្វើ​ប្រតិបត្តិការ​ជាច្រើន​ប្រទេស​លើ​ពិភពលោក ក្នុង​ជំនាញ​បច្ចេកទេស ដូចជា ផ្នែក​ទឹកស្អាត ចំណី​អាហារ​ និង​អគ្គិសនី​ជាដើម៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;