រឿង «​ផ្នូរ​គ្មាន​ឈ្មោះ​» របស់​លោក ប៉ាន់ រិទ្ធី កំពុង​ត្រូវ​​ការគាំទ្រ​ក្នុងស្រុក

  • 2018-09-17 06:55:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាពយន្ត «​ផ្នូរ​គ្មាន​ឈ្មោះ​» របស់​​​អ្នកដឹកនាំរឿង ប៉ាន់ រិទ្ធី កំពុង​ស្ថិត​នៅ​ក្រោម​ក្រសែ​ភ្នែក​របស់​គណៈកម្មកា​រ​ជ្រើសរើស​អន្តរជាតិ សម្រាប់​យក​ទៅ​ប្រកួត​​ពានរង្វាន់​អូ​ស្ការ លើក​ទី​៩១។ ប៉ុន្តែ​មុន​​បោះជំហាន​ទៅ​ភាពយន្ត​មួយ​នេះ​ត្រូវ​ការ​ ការ​​គាំទ្រ​របស់​ទស្សនិកជន​នៅ​កម្ពុជា​ជាមុនសិន ដោយ​​​បច្ចុប្បន្ន​​​​ «ផ្នូរគ្មានឈ្មោះ» កំពុង​ត្រូវបាន​​ចាក់​បញ្ចាំង​នៅ​តាម​រោងភាពយន្ត​​ទំនើបៗ​ទាំង​អស់​​ នៅរាជធានី​ភ្នំពេញ​ និង​ខេត្ត​សៀមរាប។

លោក ជា សុភាព នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​បុប្ផា​ណា ដែល​បានរួម​ចំណែក​ផលិតភាព​យន្ត​នេះ លើក​ឡើង​​​ក្នុង​សន្និសីទ​សារព័ត៌មាន​​មួយ​​​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ថា ​រឿង «​ផ្នូរ​គ្មាន​ឈ្មោះ​»  ជា​ប្រភព​ដ៏​សំខាន់​មួយ ដើម្បីឱ្យ​ក្មេង​ជំនាន់​ក្រោយ បាន​ស្វែងយល់​បទពិសោធ​ពី​អតីតកាល ដើម្បី​សិក្សា​ពី​បច្ចុប្បន្ន និង​អនាគត។

លោក​បញ្ជាក់​ថា៖ «មជ្ឈមណ្ឌល​បុប្ផា​ណា​ជា​កន្លែង​រក្សាទុក​ភាពយន្ត​ឯកសារ ដូច្នេះ​ភាពយន្ត​មួយ​នេះ ​មជ្ឈមណ្ឌល បាន​ធ្វើ​ការ​គាំទ្រ​ និង​មាន​មោទនភាព ដែល​​បាន​ស្ថិត​ក្នុង​​ក្រសែ​ភ្នែក​គណៈកម្មការ​ជ្រើសរើស​រឿង​​ចូល​រួម​ទៅ​លើ​ការ​ប្រកួត​នៃ​ពានរង្វាន់ Oscar ​បែប​នេះ»។

រូបភាពពីក្នុងរឿង «​ផ្នូរ​គ្មាន​ឈ្មោះ​»
រឿង «​ផ្នូរ​គ្មាន​ឈ្មោះ​» និយាយ​ពី​ព្រលឹង​តែលតោល ដែល​បាន​ស្លាប់​នៅ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍ ខ្មែរក្រហម​។ ភាពយន្ត​ឯកសារ​នេះ​ឆ្លុះបញ្ចាំង​ពី​ភាព​ឈឺចាប់ និង​ការ​ព្យាយាម របស់​អ្នក​នៅ​រស់​រាន​មាន​ជីវិត ដើម្បី​តាម​ស្វែងរក​ឆ្អឹង​សាច់ញាតិ​របស់​ពួកគេ​។ រឿង​នេះ​ក៏បាន​ឆ្លុះ​ប​ញ្ចាំង​ពី​ជំនឿ​អរូបី​របស់​ខ្មែរ​ផង​ដែរ​។

គណៈកម្មការ​ជ្រើសរើស​រឿង​នៃ​ពានរង្វាន់ Oscar នៅ​កម្ពុជា អ្នកស្រី Mariam Arthur ឱ្យដឹង​ថា ភាពយន្ត​របស់​​អ្នកដឹកនាំ​ ប៉ាន់ រិទ្ធី​ នេះ ​កំពុងស្ថិត​ក្នុងការ​ពិចារណា​របស់​គណៈកម្មការ​ជ្រើសរើស​រឿង​នៅ​ឡើយ។ ភាពយន្ត​នេះ​អាចមាន​ឱកាស​ច្រើន​ដើម្បី​ក្លាយខ្លួន ជា​ជម្រើស​សម្រាប់​យកទៅ​ប្រកួតប្រជែង​ពានរង្វាន់ Oscar លុះត្រា​ណា​តែ​រឿងនេះ​បាន​បញ្ចាំង​នៅក្នុង​ស្រុក​យ៉ាងហោចណាស់​មួយ​សប្ដាហ៍ ហើយ​មាន​អ្នកគាំទ្រ​ច្រើន​។ ​

អ្នក​ស្រី​លើក​ឡើង​ថា ក្នុងនាម​ជា​គណៈកម្មការ​ជ្រើសរើស​រឿង អ្នកស្រីពេញចិត្ត​ភាពយន្ត​មួយ​នេះ ព្រោះ​វា​បានបង្ហាញ​អំពី​ស្ថានភាព​សង្គម​​ពិត។

អ្នកស្រី Mariam Arthur ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីរឿង «ផ្នូរគ្មានឈ្មោះ»

បច្ចុប្បន្ន រឿង «​ផ្នូរ​គ្មាន​ឈ្មោះ​» កំពុងតែ​ដាក់​បញ្ចាំង​នៅ​រោងភាពយន្ត ប៉ារីស អេ​ដិ​ន ក្នុង​មជ្ឈមណ្ឌល​បុ​ប្ផាណា​, Legend Cinema, Prime Cineplex, Major Cineplex តម្លៃ​សំបុត្រ​ត្រឹមតែ​៣​ដុល្លារ និង​២ ដុល្លារ។ ថវិកា​ទាំងអស់​ដែល​ទទួល​បាន រោងភាពយន្ត​នឹង​ផ្ដល់​ជូន​​ដល់​មជ្ឈមណ្ឌល​បុប្ផា​ណា ដើម្បី​ទ្រទ្រង់​មជ្ឈមណ្ឌល​​មួយ​នេះ។

សូមរំលឹក​ថា កាលពី​ឆ្នាំ​២០១៤ ភាពយន្ត​រឿង «​កង្វះ​រូបភាព​» (The Missing Picture) របស់​​​លោក ប៉ាន់ រិទ្ធី ដដែល ​​​ក៏​ធ្លាប់​ត្រូវ​​​គណៈកម្មការ​​ជ្រើសរើស​ភាពយន្ត​​យក​ទៅ​ប្រកួត​ក្នុង​មហោស្រព​ភាពយន្ត​ពិភពលោក ពានរង្វាន់​អូ​ស្ការ​នេះ​ផង​ដែរ ដោយបាន​ជាប់​ជម្រើស ៥រឿង​ចុងក្រោយ៕

ប្រភព៖ Sabay News អត្ថបទៈ ស៊ុនហួត

អត្ថបទថ្មី
;