ក្រុមហ៊ុន​ចិន ទិញ​ដី​រាប់ម៉ឺន​ម៉ែត្រ​ការ៉េ​នៅ​តំបន់​ក្បាលថ្នល់ ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ

  • 2018-09-18 06:25:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត ខេមបូឌា គ្រុប ​របស់​ចិន ចង់​ប្រែក្លាយ​តំបន់​ស្ពាន​អាកាស​ក្បាល​ថ្នល់ ឱ្យ​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​គម្រោង​ធំៗ​ចំនួន​៤ នឹង​ត្រូវ​សាងសង់​ឡើង​នៅ​លើ​ទីតាំង​នេះ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក Li Min អគ្គនាយក ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នៅ​ក្នុង​ពិធី​បញ្ចប់​ការ​សាងសង់ គ្រោង​ឆ្អឹង​អគារ​ព្រីនស៍ ម៉ូឌើន ផ្លាហ្សា ជា​ស្ថាពរ​កាល​ពី​ថ្ងៃ​ទី​១៥ ​ខែ​កញ្ញា ឆ្នាំ​២០១៨ ​នៅ​តាម បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ក្បែរ​ស្ពាន​អាកាស​ក្បាល​ថ្នល់។

រូបភាព៖ AKP
លោក Li Min បាន​បញ្ជាក់​ថា ជា​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន គឺ​ចង់​ប្រែ​ក្លាយ​ទីតាំង​តំបន់ ក្បាល​ថ្នល់​នេះ​ឱ្យ​ក្លាយ​ជា​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ ដ៏​ធំ​មួយ​ក្នុង​រាជធានីភ្នំពេញ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អតិថិជន និង​កំណើន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឥត​ឈប់ឈរ។ លោក​បន្ដ​ថា ជាក់ស្ដែង​បច្ចុប្បន្ន ក្រុមហ៊ុន បាន​ប្រមូល​ទិញ​ដី​ក្នុង​ទីតាំង​តំបន់​ស្ពាន​អាកាស​ក្បាល​ថ្នល់​នេះ ជា​ច្រើន​ម៉ឺន​ម៉ែត្រ​ការ៉េ​រួចរាល់​ហើយ ដែល​គម្រោង​ធំៗ​ចំនួន​ពីរ ក៏​បាន​លេច​ជា​រូបរាង​ហើយ​ដែរ គឺ​គម្រោង​ទី​១ ​ឈ្មោះ Prince Central Plaza និង​គម្រោង​ទី​២ ​ឈ្មោះ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា។ ចំណែក​គម្រោង​២​ទៀត ក្នុង​ទីតាំង​នេះ នឹង​ត្រូវ​បាន​ចាប់ផ្តើម សាងសង់​ជា​បន្តបន្ទាប់។

លោក​បន្ថែម​ថា ព្រីនស៍ ម៉ូឌើន ផ្លាហ្សា គឺ​ជា​គម្រោង​អគារ​បែប​ពាណិជ្ជកម្ម និង​ស្នាក់នៅ ហើយ​អគារ​នេះ ត្រូវ​បាន​បែងចែក​ចេញ​ជា​ពីរ គឺ​សម្រាប់​ធ្វើ​ជា​ការិយាល័យ និង​ខុនដូ ដែល​មាន​បន្ទប់​សរុប​ចំនួន​៥៧០ ​យូនីត កម្ពស់​២៧​ជាន់ ចំណាយ​ទុន​វិនិយោគ​សរុប​អស់ ១០០​លាន​ដុល្លារ គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ជា​ផ្លូវការ​នា​ចុង​ឆ្នាំ​២០១៩​ខាង​មុខ។

លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែន​ដី​នគរូបនីយកម្ម និង​សំណង់ បាន​មាន​ប្រសាសន៍​ក្នុង​កម្មវិធី​បញ្ចប់​គម្រោង​អគារ ព្រីនស៍ ម៉ូឌើន ផ្លាហ្សានេះ​ថា វត្តមាន​នៃ​គម្រោងធំៗ​របស់​ក្រុមហ៊ុន ព្រីនស៍ ផ្លាហ្សា នៅ​ក្នុង​ប្រទេស​កម្ពុជា ពិត​ជា​បាន​ចូលរួម​ចំណែក លើក​កម្ពស់​ការ​ស្នាក់នៅ​បែប​ទំនើប​ដល់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង និង​ឆ្លើយតប​ទៅ​នឹង​តម្រូវការ ភ្ញៀវ​ទេសចរ​បរទេស ជា​ពិសេស​ភ្ញៀវ​ទេសចរ​ចិន ដែល​កំពុង​មាន​ការ​កើនឡើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

បើ​តាម​របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បង្ហាញ​ថា ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​ក្នុង​រយៈពេល​៥​ខែ ដើម​ឆ្នាំ​២០១៨​នេះ មាន​ទំហំ​ទឹកប្រាក់១៧៨០​លាន​ដុល្លារ​អាមេរិក និង​មាន​គម្រោង វិនិយោគ​ចំនួន ១៣៧០​គម្រោង ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ក្រសួង។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បាន វិនិយោគ​ទុន​សរុប​ជាង១២០០​លាន​ដុល្លារ ទៅ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ហើយ​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ ក្រុមហ៊ុន នឹង​បង្កើន​ទុន​វិនិយោគ​ឱ្យ​បាន ៥០០០​លាន​ដុល្លារ​បន្ថែម​ទៀត​នៅ​ក្នុង​កម្ពុជា​ផង​ដែរ៕

រូបភាព៖ AKP

ប្រភព៖ AKP ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;