លោក ដូណាល់ ត្រាំ បង្ហាញ​ក្តី​រីករាយ​ដែល​ធ្វើការ​ជាមួយ​កម្ពុជា

  • 2018-09-19 01:49:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​លើកឡើង​ថា អាមេរិក មានក្តី​រីករាយ​ធ្វើការ​ជាមួយ​កម្ពុជា​នៅ​ចំពោះមុខការ​ប្រឈម​ជា​ច្រើន​ និង​ជំរុញ​ទំនាក់​ទំនង​ប្រទេស​ទាំង២ ឱ្យ​កាន់តែ​ស៊ី​ជម្រៅ។ ការថ្លែង​នេះ ធ្វើឡើង​ក្នុង​ពេលដែល​លោក ដូណាល់ ត្រាំ ទទួល​សារតាំង​ពី​លោក ជុំសុន្ទរី ឯក​អគ្គរាជទូត​កម្ពុជា​ថ្មី ប្រចាំ​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ​២០១៨។

លោក ដូណាល់ ត្រាំ ក្នុងពិធីទទួលសារតាំងពីលោក ជុំ សុន្ទរី នៅសេតវិមានអាមេរិក កាលពីថ្ងៃទី១៧កញ្ញា ២០១៨
បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កម្ពុជា ប្រចាំ​សហរដ្ឋ​អាមេរិក បាន​ដកស្រង់​សម្តី លោក ដូណាល់ ត្រាំ យ៉ាង​ដូច្នេះ​ថា៖ «**ការ​អញ្ជើញ​មកដល់​របស់​ឯកឧត្តម​នៅទីក្រុង​វ៉ាស៊ីងតោន មាន​សារៈសំខាន់​នៅក្នុង​កម្រិត​ជាច្រើន។ វាមាន​អត្ថន័យ​បញ្ជាក់​អំពី​ទំនាក់ទំនង​ដែលត្រូវ​បាន​ស្តារ​ឡើងវិញ ក្នុង​រយៈកាល​ជាង ២៥​ឆ្នាំ ដែល​យើង​ទទួល​បាន​បន្ទាប់ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។ កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដែល​ប្រទេស​របស់​ឯកឧត្តម​សម្រេច​បាន ក្នុងពេល​នេះ គឺគួរ​ឱ្យភ្ញាក់​ផ្អើល​ណាស់ ហើយ​សហរដ្ឋអាមេរិក មាន​មោទនភាព​ដែល​ជាដៃគូ នៅក្នុង​កិច្ច​អភិវឌ្ឍន៍​នេះ**»។

លោក​ប្រធានាធិបតី​អាមេរិក បាន​បង្ហាញ​ក្តី​រំពឹង​ថា ប្រទេស​ទាំង២ នឹងមាន​ការ​រីកចម្រើន​ក្នុង​ពាណិជ្ជកម្ម​សេរី និង​ត្រឹមត្រូវ សន្តិសុខ​តំបន់ ហើយនឹង​អភិបាលកិច្ច​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ និង​ប្រជាធិបតេយ្យ ហើយ​អាមេរិក​នឹង​ខិតខំ​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើផ្នែក​សុខាភិបាល​ទូទៅ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;