សហជីព​ព្រម​បញ្ចុះ ​៣​ដុល្លារ​តែ​និយោជក​ព្រម​ឡើង​តែ​១​ដុល្លារ ក្នុងកិច្ច​ប្រជុំ​ប្រាក់ឈ្នួល​អប្បបរមា

  • 2018-09-19 02:11:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាគី​សហជីព​ ​បាន​បញ្ចុះ​​តួលេខ​ប្រាក់ឈ្នួល​អប្បបរមា​ឆ្នាំ២០១៩ ​មក​ត្រឹម​១៨៩​ដុល្លារ​។ ​ចំណែក​ភាគី​និយោជក​វិញ​ បាន​​ដំឡើង​តួលេខ​ដល់ ​១៧៦​ដុល្លារ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ហេង សួរ អនុ​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ប្រឹក្សា​ការងារ ក្រោយ​កិច្ចពិភាក្សា​លើកទី៣ ​ស្តីពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​លើ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង ​​ឆ្នាំ​២០១៩​ ​កាលពី​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៨។ ​ ​ ​លោក​អះអាង​ថា​ តាមរយៈ​តួលេខ​នេះ​ គេ​ឃើញថា​កាន់តែ​កៀក​គ្នា​ហើយ​ ពោល​គឺការ​ចរចា​ប្រាក់​ឈ្នួល​លើក​នេះ មាន​លក្ខណៈ​ល្អប្រសើរ​ជាង​លើក​មុន​។​ ជាមួយគ្នា​នេះ លោក​រំពឹងថា ​នៅ​កិច្ចប្រជុំ​ថ្ងៃ​ខាងមុខ ​តួលេខ​នឹង​ខិត​កាន់តែ​ជិតគ្នា​បន្ថែមទៀត​ ហើយ​អាច​នឹង​សម្រេច​លទ្ធផល​នៅ​ថ្ងៃ​ខាងមុខ​នេះ​ផ្ងដែរ។

កម្មការិនីនៅរោងចក្រមួយកន្លែង កំពុងទិញចំណីអាហារ ពេលចេញពីធ្វើការ
​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ត្រីភាគី​​នា​កន្លងមក ​ភាគី​នីមួយៗ​បាន​ដាក់​ចេញ តួលេខ​ផ្លូវការ​រៀងៗ​ខ្លួន សម្រាប់​ប្រាក់​ឈ្នួល​អប្បបរមា ឆ្នាំ​២០១៩​ខាងមុខ ​ដូចជា​ភាគី​សហជីព​ចំនួន ១៩២​ដុល្លារ ភាគី​និយោជក​ចំនួន ១៧៥​ដុល្លារ និង​ភាគី​រាជរដ្ឋាភិបាល​ចំនួន ១៧៧​ដុល្លារ​។​

សូម​​​រំលឹកថា ​​ កាលពី​ថ្មីៗ​នេះ​ លោក ​អ៊ិត​ សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ​បាន​លើកឡើងថា​លទ្ធផល​នៃ​ការ​កំណត់​ប្រាក់​ឈ្នួល​របស់​កម្មករ ​នឹង​ចេញ​នៅមុន​ពិធីបុណ្យ​ភ្នុំ​បិណ្ឌ។​ ​

​ ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​និយោជិត​បច្ចុប្បន្ន​ចំនួន​ ១៧០​ដុល្លារ​ ហើយ​បើ​បូកផ្សំ​ប្រាក់​បន្ថែម​ម៉ោង​ និង​អត្ថប្រយោជន៍​នានា​ផង​កម្មករ​ម្នាក់ៗ​អាច​ទ​ទូល​បាន​ប្រាក់​ឈ្នួល​ក្នុង​ខ្ទង់​ជាង​ ២​០០​ដុល្លារ៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;