រដ្ឋាភិបាល​ថៃ ប្រតិកម្ម​នឹង​លោក ថាក់ស៊ីន ដែល​បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម

  • 2018-09-19 08:02:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថៃ លោក Sansern Kaewkamnerd បាន​ថ្លែង​ថា ប្រជាជន​ថៃ​អាច​មើល​ឃើញ​ដោយ​ខ្លួនឯង ចំពោះ​ស្ថានភាព​នៅ​ប្រទេស​ថៃ និង​បាន​លើក​ពី​បញ្ហា​ពាក់ព័ន្ធ​នឹង​រឿង​ស្រូវ​អង្ករ​របស់​អតីត​រដ្ឋាភិបាល​របស់​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។ ប្រតិកម្ម​របស់​រដ្ឋាភិបាល​ថៃ​នេះ ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ការ​បញ្ចេញ​មតិ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាល​ពី​ថ្ងៃ​ទី១៨ ខែ​កញ្ញា ឆ្នាំ​២០១៨។

លោក ថាក់ស៊ីន បង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២០១៨ ដោយមានប្រតិបត្តិពីខាងរដ្ឋាភិបាលថៃ (រូបភាព៖ Bangkok Post)
លោក ថាក់ស៊ីន បាន​សរសេរ​ថា មាន​បុគ្គល​មួយ​ចំនួន​បាន​ក្លាយ​ជា​អ្នកមាន ក្រោយ​រដ្ឋប្រហារ​ចំនួន២​លើក​កន្លង​ទៅ ពោល​គឺ​រដ្ឋប្រហារ​រដ្ឋាភិបាល​លោក ថាក់ស៊ីន និង​រដ្ឋប្រហារ​រដ្ឋាភិបាល​លោកស្រី យីងឡាក់ ដែលត្រូវ​ជា​ប្អូនស្រី​របស់​លោក​។ លោក​បន្ត​ថា វិស័យ​មួយ​ចំនួន​របស់​ប្រទេស​ថៃ​ ត្រូវ​បាន​ធ្លាក់​ចុះ ​ហើយ​ថៃ​ត្រូវ​បាន​ពិភពលោក​មើល​ក្នុង​ផ្លូវ​មិន​ល្អ​។

យ៉ាង​ណា​ក៏ដោយ លោក Sansern Kaewkamnerd បាន​ថ្លែង​ថា ប្រសិនបើ​រដ្ឋាភិបាល​ពុក​រលួយ នោះ​ប្រទេស​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​ដ៏​ពិបាក ដែល​លោក​សំដៅ​លើ​គម្រោង​ស្រូវ​អង្ករ​របស់​លោកស្រី យីងឡាក់។ លោក​បន្ត​ថា តុលាការ​ផ្ដន្ទាទោស​ប្អូនស្រី​បង្កើត​របស់​លោក​ថាក់ស៊ីន ដោយសារ​បញ្ហា​ពុក​រលួយ ហើយ​មិន​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ​។

សូម​ជម្រាប​ថា លោក​ស្រី យីងឡាក់ ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​រឿង​មិន​ប្រក្រតី​ក្នុង​ការ​ទិញ​ស្រូវ​មក​ស្ដុក​ទុក ដែល​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​រដ្ឋ​យ៉ាង​ហោច​ណាស់ ៨​ពាន់​លាន​ដុល្លារ។

បច្ចុប្បន្ន​ លោក​ថាក់ ស៊ីន និង​លោកស្រី​យីង ឡាក់ កំពុង​រស់នៅ​ក្រៅ​ប្រទេស​ ដែល​មិន​មាន​ប្រភព​ណា​មួយ អាច​បញ្ជាក់​ពី​​ប្រទេស​ដែល​បងប្អូន​ទាំង​២ កំពុង​ស្នាក់នៅ​បាន​ឡើយ៕

អត្ថបទទាក់ទង

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;