ក្រសួង​ដែនដី ណែនាំ​ឱ្យ​រៀបចំ​កន្លែង​សម្រាក​ទទួលទាន​អាហារ​ថ្ងៃត្រង់ ក្នុង​រោងចក្រ

  • 2018-09-19 09:50:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម និង​សំណង់ បាន​ណែនាំ​ឱ្យមាន​ការរៀបចំ​កន្លែង​សម្រាក​ពិសា​អាហារ​ថ្ងៃត្រង់​នៅក្នុង​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​នានា ដើម្បី​សម្រួល​ដល់ការ​បំពេញ​ការងារ​របស់​កម្មករ​និយោជិត។ នេះបើ​តាម​លិខិត​របស់​លោក​ឧប​នាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី ផ្ញើ​ទៅកាន់​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី-ខេត្ត នៅ​ថ្ងៃទី១៩ កញ្ញា ២០១៨​នេះ។

ក្នុង​លិខិត​នេះ លោក ជា សុផារ៉ា បាន​ណែនាំ​ឱ្យ​ប្រធាន​មន្ទីរ​ចាត់វិធានការ​ដូច​ខាងក្រោម៖

១. ចំពោះ​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​នានា ដែល​កំពុង​ដំណើរការ ត្រូវ​រៀបចំ​ឱ្យមាន​កន្លែង​សមស្រប​សម្រាប់​កម្មករ​និយោជិត សម្រាក​ពិសា​អាហារ​ថ្ងៃត្រង់។

២. ចំពោះ​ការ​ស្នើសុំ​សាងសង់​ថ្មី ដូចជា​អគារ​រោងចក្រ សហគ្រាស គ្រឹះស្ថាន ឬ​អគារ​សេវាកម្ម​ដែលមាន​មនុស្ស​ច្រើន​បម្រើ​ការងារ ត្រូវគូស​បញ្ជាក់​អំពី​កន្លែង​សម្រាប់​សម្រាក​ពិសា​អាហារ​ថ្ងៃត្រង់ នៅក្នុងគំនូស​ប្លង់​ស្ថាបត្យកម្ម ស្នើសុំ​លិខិត​អនុញ្ញាត​សាងសង់ ឱ្យបាន​សមស្រប​តាម​បទដ្ឋាន​បច្ចេកទេស និង​បទដ្ឋាន​គតិយុត្តិ​នានា​ជា​ធរមាន។

កម្មការិនី កំពុងទិញចំណីអាហារ ពេលម៉ោងសម្រាកថ្ងៃត្រង់ នៅរោងចក្រមួយកន្លែង
សូម​បញ្ជាក់​ថា ការ​ណែនាំ​ឱ្យមាន​ការរៀបចំ​បែបនេះ បន្ទាប់ពី​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ​នៅ​ខេត្ត​កំពង់ស្ពឺ កាលពី​ព្រឹកមិញ បាន​ស្នើឱ្យ​ម្ចាស់​រោងចក្រ រៀបចំ​ឱ្យមាន​គិលានដ្ឋាន និង​កន្លែង​ទទួល​ទាន​អាហារ ឱ្យ​បាន​សមរម្យ​សម្រាប់​កម្មករ-កម្មការិនី៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;