វៀតណាម ​គ្រោង​បិទសាកល​វិទ្យាល័យ​ជា​ច្រើន​ដែល​គ្មាន​គុណភាព

  • 2018-09-20 00:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ និង​បណ្ដុះបណ្ដាល នៃ​ប្រទេស​វៀតណាម បាន​ប្រកាស​ថា សាកលវិទ្យាល័យ​ដែល​មាន​គុណភាព​ខ្សោយ និង​មិន​អាច​ទាក់ទាញ​សិស្ស​ឲ្យ​ចូលរៀន​បាន នឹង​ត្រូវ​ដាក់​បញ្ចូល​ជាមួយ​សាលា​ផ្សេង​ទៀត ឬ នឹង​ត្រូវ​រំលាយ​ចោល​ប្រសិនបើ​សាលា​ទាំង​នោះ មិន​អាច​ពង្រឹង​គុណភាព​របស់​ខ្លួន​បាន​ក្នុង​រយៈ​ពេល​២ ទៅ ៥​ឆ្នាំ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​វេបសាយ Vietnam Net កាលពី​ថ្ងៃ​ទី១៩ ខែ​កញ្ញា ឆ្នាំ​២០១៨។

និស្សិតផ្នែកអគ្គិសនី កំពុងទទួលការណែនាំ នៅសាកលវិទ្យាល័យមួយនៅវៀតណាម (រូបថត៖ english.vietnamnet.vn)
Vietnam Net បាន​ឲ្យដឹង​ថា ដើម្បី​ពង្រឹង​គុណភាព​សាកល​វិទ្យាល័យ ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម បាន​ស្នើឲ្យ​មាន​ការ​ដាក់​បញ្ចូល​គ្នា ឬ​រំលាយ​ចោល នូវ​គ្រឹះស្ថាន​សិក្សា​ទាំងឡាយ​ដែល​មាន​គុណភាព​ខ្សោយ។ ក្រសួង​ដដែល​បន្ត​ថា ចំណាត់ការ​នេះ​គឺ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ។

បច្ចុប្បន្ន វៀតណាម បាន​បង្កើត​សាកលវិទ្យាល័យ​រហូត​ជាង ៣០០ សាកល​វិទ្យាល័យ ដើម្បី​ឲ្យ​មនុស្ស​២០០នាក់​ក្នុង​ចំណោម ១​ម៉ឺន​នាក់ ទទួល​បាន​ការ​ចូលរៀន​នៅ​សាកលវិទ្យាល័យ។ យ៉ាងណាមិញ ការ​បង្កើត​សាលា​ច្រើន​ដូច្នេះ បាន​បង្ក​ជា​បញ្ហា ដូចជា កង្វះ​គ្រូ​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ និង គុណភាព​សិស្ស​បញ្ចប់​ការសិក្សា​ដើម្បី​ឆ្លើយតប​នឹង​ទីផ្សារ​ការងារ។

សិស្ស​វៀតណាម​ប្រហែល​ជាង ៨៦​ម៉ឺននាក់​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​ចំណេះដឹង​ទូទៅ​ក្នុង​១ឆ្នាំ ដោយ​គិត​ពី​ឆ្នាំ២០១៥ ដល់ ២០១៧។ ក្នុង​នោះ សិស្ស ៦០ម៉ឺន​នាក់​ចង់​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;