ជប៉ុន នឹង​ជួយ​កម្ពុជា​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ

  • 2018-09-20 01:38:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

ក្រសួង​ទេសចរណ៍​កម្ពុជា និង​ក្រុមហ៊ុន​ទេសចរណ៍​ជប៉ុន​ចំនួន​៣ បាន​ឯកភាព​គ្នា​ជំរុញ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ ដើម្បី​ជំរុញ​ទេសចរ​ជប៉ុន​មក​កម្ពុជា ក៏​ដូចជា​ទេសចរ​ប្រទេស​ទី៣ ពី​ជប៉ុន​មក​កម្ពុជា និង ទេសចរ​កម្ពុជា​និង​ប្រទេស​ទី៣ ពី​កម្ពុជា​ទៅ​ជប៉ុន និង​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ច និស្សិត​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែមទៀត​។

លោក ថោង ខុន ជួបជាមួយលោកស្រី Yuko Ishida អនុ​ប្រធាន​សាកល​វិទ្យាល័យ​សេដ្ឋកិច្ច​ហ៊ីរ៉ូស៊ីម៉ា នៅជប៉ុន (រូបថត៖ ក្រសួងទេសចរណ៍)

ការ​ឲ្យ​ដឹង​ដូច្នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ រវាង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ជាមួយ​លោក Hiroyuki Takahashi ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍​ជប៉ុន Japan Travel Bureau និង​លោក Kazufumi Takai ប្រធាន​ក្រុមហ៊ុន Asia Pacific Express Tour ព្រមទាំង​លោកស្រី Yuko Ishida អនុ​ប្រធាន​សាកល​វិទ្យាល័យ​សេដ្ឋកិច្ច​ហ៊ីរ៉ូស៊ីម៉ា ក្នុង​ឱកាស​អញើញ​ទៅ​ចូលរួម​ចូល​ប្រជុំ​តុ​មូល​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​លើក​ទី២ និង​ពិព័រណ៌ JATA នៅ​ក្រុង​តូក្យូ កាលពី​ថ្ងៃ​ទី១៩​ខែ​កញ្ញា ឆ្នាំ​២០១៨​។

គ្រប់​ភាគី​បាន​ឯកភាព​គ្នា​ថា​ ការ​ជំរុញ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ រូមមាន​ការ​បង្កើត តំបន់​ទេសចរណ៍ សម្រាប់​សម្រាក​កម្សាន្ត​ រួម​ទាំង​ការ​យកចិត្ត​ទុកដាក់​ការ​ពង្រឹង​ការ​អកិវឌ្ឍ​សហគមន៍​ទេសចរណ៍​ស្អាត បៃតង តាម​ស្តង់ដារ​សហគមន៍​ទេសចរណ៍​អាស៊ាន, ការ​អភិវឌ្ឍ​និង​ការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍ បេតិកភណ្ឌ​ថ្មី៖ ប្រាសាទ​ព្រះវិហារ ប្រាសាទ​សំបូរ​ព្រៃ​គុក, ការ​ផ្សព្វគោល​ដៅ​ទេសចរណ៍​ទី​ក្រុង​បាត់ដំបង ការ​វិនិយោគ​ឲ្យ​មាន​សេវា​ស្នាក់នៅ សេវា​ហូបចុក​គ្រប់គ្រាន់​នៅ​តាម​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ​ពិភពលោក​ថ្មីៗ, សណ្ឋាគារ​ប្រណិត ផ្កាយ៤ ផ្កាយ៥ នៅ​គ្រប់​គោលដៅ​ទេសចរណ៍​ធំៗ, ការ​បណ្តុះបណ្តាល ភាសា និង​ជំនាញ ការ​ជំរុញ​ឲ្យ​មាន​ការ​ហោះហើរ​ត្រង់​ពី​ជប៉ុន​មកកាន់​ខេត្ត​សៀមរាប ឬ ជប៉ុន ភ្នំពេញ សៀមរាប និង ការ​សម្រួល​បែបបទ​ធ្វើ​ដំណើរ ដែល​ក្នុង​នោះ​បញ្ហា​ទិដ្ឋាការ​ក៏​ត្រូវ​បាន​ជជែក​ពិភាក្សា​ផងដែរ។

កិច្ច​ពិភាក្សា​នេះ គឺ​ជា​ការ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ដើម្បី​រួមចំណែក​អបអរ​សារទរ ខួប​លើក​ទី​៦៥ បង្កើត​ទំនាក់ទំនង​ការ​ទូត រវាង​កម្ពុជា- ជប៉ុន ដែល​គ្រោង​ធ្វើ​ចុងឆ្នាំ​២០១៨​នេះ និង​រៀបចំ​ព្រឹត្តិការណ៍ Mekong Excahange Year 2018។

សូម​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៧ ទេសចរ​ជប៉ុន មក​កម្ពុជា​មាន​ចំនួន​ជាង ២០ម៉ឺន​នាក់ ស្ថិត​ក្នុង​លំដាប់​ទី៧ ក្នុង​កំណើន​ ៧% ។ រីឯ​ទេសចរ​កម្ពុជា​ទៅ​ទស្សនា​ជប៉ុន មាន​ចំនួន ប្រមាណ ១​ម៉ឺននាក់​៕


អត្ថបទ៖ លាភ.