ប្រធាន​រដ្ឋបាល​ព្រៃឈើ​ថ្មី ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ

  • 2018-09-20 02:08:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 84

ចន្លោះមិនឃើញ

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ប្រកាស​និង​ផ្ទេរ​តំណែង​ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ និង​ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គ​នាយកដ្ឋាន​កសិកម្ម នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែ​កញ្ញា​នេះ ក្រោម​អធិបតីភាព​លោក​ វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។

លោក កែវ អូម៉ាលីស្ស ត្រូវតែងតាំងជា ប្រធាន​រដ្ឋបាល​ព្រៃឈើ ក្នុងពិធីប្រកាសតែងតាំងក្រោមអធីបតីភាពលោក វេង សាខុន នៅព្រឹកនេះ

យោង​តាម​ព្រះ​រាជ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ ដែល​ចុះ​ហត្ថលេខា​ដោយ​សម្ដេច សាយ ឈុំ ប្រមុខ​រដ្ឋ​ស្តីទី បាន​ត្រាស់​បង្គាប់​តែងតាំង​លោក​ កែវ អូម៉ាលីស្ស ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ជំនួស​លោក អ៊ុង សំអាត ដែល​បាន​ទទួល​ភារកិច្ច​ថ្មី។

ចំណែក លោក ងិន ឆាយ ត្រូវ​តែងតាំង​ជា​ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម មាន​ឋានៈ​ស្មើ​អនុ​រដ្ឋលេខាធិការ ជំនួស​លោក ហ៊ាន វណ្ណថន ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី។ ចំណែក​លោក ចាន់ សុវត្ថិភាព ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យតែងតាំងជាអនុប្រធានរដ្ឋបាលព្រៃឈើ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។

លោក ងិន ឆាយ ត្រូវតែងតាំងជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ក្នុងពិធីប្រកាសតែងតាំងក្រោមអធីបតីភាពលោក វេង សាខុន នៅព្រឹកនេះ

គួរ​រំឭក​ថា លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​ធ្វើ​លិខិត​ទៅ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​តែងតាំង​មន្ត្រី​ចំនួន​បី​រូប រួម​មាន៖

១- លោកកែវ អូម៉ាលីស្ស ស្នើ​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ជំនួស​លោក អ៊ុង សំអាត ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី (អនុរដ្ឋលេខាធិការ)

២- លោក ងិន ឆាយ ស្នើ​ជា​ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គ​នាយកដ្ឋាន​កសិកម្ម មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ជំនួស​លោក ហ៊ាន វណ្ណថន ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី (រដ្ឋលេខាធិការ)

៣- លោក ចាន់ សុវត្ថិភាព ស្នើ​ជា​អនុ​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ជំនួស​លោក កែវ អូម៉ាលីស្ស៕

ពិធីប្រកាស​និង​ផ្ទេរ​តំណែង​ នៅព្រឹកនេះ
លោក កែវ អូម៉ាលីស្ស
លោក ងិន ឆាយ

អត្ថបទ៖ សោភា