សត្វ​កន្ធាយ​ក្បាល​កង្កែប​ជាង ៥០០​ក្បាល ត្រូវបាន​ព្រលែង​ឱ្យទៅ​រស់នៅ​ក្នុង​ធម្មជាតិ​វិញ

  • 2018-09-20 06:22:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) សហការ​ជាមួយ​រដ្ឋបាល​ជលផល Wildlife Reserve Singapore និង​សម្ព័ន្ធ​ដើម្បី​ការ​រស់រាន​ប្រភេទ​សត្វ​អណ្តើក (Turtle Survival Alliance) បាន​លែង កូនសត្វ​កន្ធាយក្បាល​កង្កែប (ឬរមិច) ចំនួន ៥៦៥​ក្បាល ឲ្យ​ទៅ​រស់នៅក្នុង​ទី​ជម្រក​ធម្មជាតិ​នៅតាម​ដង​ទន្លេ​មេគង្គ​វិញ។ នេះ​បើតាម​ការ​ប្រកាស​របស់​អង្គការ WCS នៅថ្ងៃទី​២០ កញ្ញា ២០១៨​នេះ។

សកម្មភាពព្រលែងសត្វកន្ធាយក្បាលកង្កែប ចូលក្នុងទន្លេមេគង្គ (រូបថត៖ អង្គការ WCS)
លោក ញូន ចន្ទី អ្នក​សម្រប​សម្រួល​គម្រោង​អភិរក្ស​សត្វ​កន្ធាយ​ក្បាល​កង្កែប​នៃ​អង្គការ WCS បាន​និយាយ​ថា ការ​លែង​កូន​កន្ធាយ​ក្បាលកង្កែប​នេះ ធ្វើឡើង​ក្នុងគោល​បំណង​ដើម្បី​បង្កើន​ចំនួន​សត្វ​កន្ធាយក្បាល​កង្កែប​រស់នៅ​ក្នុង​ធម្មជាតិ។ ការ​លែង​សត្វ​នេះ ក៏នឹង​ជួយ​បង្កើន​ប្រាក់​ចំណូល​សម្រាប់​ប្រជា​សហគមន៍ និង​លើក​ទឹកចិត្ត​ឲ្យ​ពួកគាត់​គាំទ្រ និង​ចូលរួម​ក្នុងការ​អភិរក្ស​ប្រភេទ​សត្វនេះ​ផងដែរ។

កន្ធាយ​ក្បាល​កង្កែប​ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ដែលជា​ប្រភេទ​រងគ្រោះ​ជិតផុត​នៅលើ​សាកលលោក ខណៈ​ចំនួន​របស់វា​នៅតែ​បន្ត​ធ្លាក់ចុះ​គួរឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ។

សត្វកន្ធាយក្បាលកង្កែប (រូបថត៖ អង្គការ WCS)

អង្គការ WCS បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា៖ «យើងបាន​គិតថា​កន្ធាយ​ក្បាល​កង្កែប បាន​ផុតពូជ​ពី​កម្ពុជា​ទៅហើយ រហូតដល់ឆ្នាំ​២០០៧ គេបាន​រកឃើញ​វត្តមាន​ពួកវា​ម្តងទៀត​នៅក្នុង​បរិវេណ ៤៨គីឡូម៉ែត្រ​នៅដង​ទន្លេមេគង្គ​ចន្លោះ​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង»។

ចាប់តាំង​ពី​ឆ្នាំ២០០៧មក អង្គការ WCS បាន​អនុវត្ត​គម្រោង​អភិរក្ស​កន្ធាយ​ក្បាល​កង្កែប (កន្លងមក​អនុវត្តដោយ​អង្គការ​អភិរក្ស​អន្តរជាតិ) ដោយ​សហការ​ជាមួយ​រដ្ឋបាល​ជលផល និង​សម្ព័ន្ធ​ដើម្បី​ការ​រស់រាន​ប្រភេទ​សត្វ​អណ្តើក។

បើតាម​អង្គការដដែល​នេះ បន្ថែម​ថា តាម​រយៈ​កម្មវិធី​ការពារ​សំបុក​សត្វនេះ បាន​លើកទឹក​ចិត្ត​ឲ្យ​ប្រជា​សហគមន៍ រស់នៅ​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង ចូលរួម​ការពារ​សត្វកន្ធាយ​ក្បាល​កង្កែប ដោយបាន​ជ្រើសរើស​អតីត​អ្នក​ប្រមូល​ពង និង​មេពូជ​កន្ធាយក្បាល​កង្កែប​ឲ្យ​មកធ្វើ​ការងារ​ជាបុគ្គលិក​របស់​គម្រោង ​ដើម្បី​ស្វែងរក និង​ការពារ​សំបុក​សត្វ​កន្ធាយ​ក្បាល​កង្កែប​ជំនួស​ឲ្យការ​ប្រមូល​យកពង និង​មេពូជ​សម្រាប់​ហូប និង​លក់។ «ចាប់តាំង​ពីពេលនោះ​មក យើងបាន​ការពារ​សំបុកពង​កូន​បាន​ចំនួន ៤០២​សំបុក និងបាន​លែងកូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន ៩០៤៧​កូន»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;