អាល្លឺម៉ង់ ប្តេជ្ញា​បន្ត​គាំទ្រ និង​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា

  • 2018-09-20 08:55:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាល្លឺម៉ង់ ប្តេជ្ញា​បន្ត​គាំទ្រ​កម្ពុជា ហើយ​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ជួយ​ជំរុញ​ការអភិវឌ្ឍ ដែល​ឈរ​លើ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដែល​មានស្រាប់ និង​កិច្ច​សហប្រតិបត្តិការ​ដទៃទៀត ដែល​ប្រទេស​ទាំង២ អាច​ធ្វើទៅ​បាន។ នេះបើ​តាម​ការ​បញ្ជាក់​របស់​លោក Markkus Benjamin Koob សមាជិក​រដ្ឋសភា​សហព័ន្ធ​អាល្លឺម៉ង់ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅវិមាន​សន្តិភាព នា​ព្រឹកថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨។

លោក Markkus Benjamin Koob ក្នុងជំនួបពិភាក្សាជាមួយសម្តេច ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០កញ្ញា ២០១៨​។ រូបថត៖ FB សម្តេច ហ៊ុន សែន
លោក Markkus Benjamin Koob បាន​អបអរ​សាទរ និងបាន​ពាំនាំ​នូវការ​អបអរ​សាទរ​ពី លោក​ស្រី​អធិការបតី Angela Markel ជូន​ចំពោះ​សម្ដេច ហ៊ុន សែន ដែលត្រូវ​បាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្រ្តី​នៅក្នុង​ការ​បោះឆ្នោត​កន្លងមក​នេះ។

លោក​បាន​និយាយ​ថា នេះជា​លើកទី១​ហើយ ដែល​លោក​បាន​មក​កម្ពុជា​ដ៏​ស្រស់ស្អាត និង​បាន​ឃើញពី​ភាព​រីកចម្រើន​ ព្រមទាំង​បង្ហាញ​ការ​ពេញចិត្ត​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ដែលបាន​កាត់​បន្ថយភាព​ក្រីក្រ​ផងដែរ។

ជាការឆ្លើយតប សម្តេច ហ៊ុន សែន បាន​អរគុណ​ដល់​​មេដឹកនាំ​​អាល្លឺម៉ង់ ដែល​បាន​ផ្ញើសារ​អបអរ​សាទរ​ចំពោះ​លទ្ធផល​បោះឆ្នោត និងការ​ឡើ​ងកាន់​តំណែង​របស់​សម្តេច។ សម្តេច​បាន​ថ្លែង​បញ្ជាក់​ថា កម្ពុជា និង​អាល្លឺម៉ង់​ នឹង​ខិតខំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា​ ឱ្យ​កាន់តែ​ល្អ​រឹងមាំ​ថែមទៀត​ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ជាច្រើន​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង២។

សូម​បញ្ជាក់បន្ថែម​ផងដែរថា ក្នុងជំនួប​នេះ ភាគីទាំង២ ក៏បាន​ពិភាក្សា​គ្នា​អំពី​ការ​វិនិយោគ​របស់​អាល្លឺម៉ង់ នៅ​កម្ពុជា លើ​ទីផ្សារ​វាយនភណ្ឌ និង​ស្ថានភាព​របស់​កម្មករ​នាពេល​បច្ចុប្បន្ន​នេះ​ផងដែរ៕

អត្ថបទ៖ សំភី

;