អាជ្ញាធរ កំណត់​គោលដៅ​ចុះ​បង្ក្រាប​គ្រឿងញៀន ១០​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ

  • 2018-09-20 09:58:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​នាយ​ឧត្តម​សេនីយ មាស វិរិទ្ធ អគ្គ​លេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​បញ្ជាក់​ថា អាជ្ញាធរ​បាន​កំណត់​យក​ក្លឹប​កម្សាន្ត និងទី​កន្លែង​សប្បាយ​ចំនួន ១០​ទីតាំង​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​បង្ក្រាប​គ្រឿងញៀន។ ការថ្លែង​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ពាក់ព័ន្ធ នឹង​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹកថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨។

លោក​​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «ការ​ទប់ស្កាត់​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ដែលយើង​មិនទាន់​ចូលទៅ​ដល់ ពិសេស​ក្លឹប​កម្សាន្ត និងទី​កន្លែង​សប្បាយ​។ យើងបាន​ដាក់​ទៅឱ្យ​អាជ្ញាធរ ខណ្ឌ សង្កាត់ តែបើ​ធ្វើមិនបាន ត្រូវ​រាយការណ៍ មក​អាជ្ញាធរ​រាជធានី ដើម្បី​ចាត់តាំង អនុវត្ត​ការងារ​នេះ​បន្ត»។

គ្រឿងញៀន ដែលត្រូវបានអាជ្ញាធរ​ដុតបំផ្លាញចោល កាលពីពេលថ្មីៗនេះ
លោក​នាយ​ឧត្តមសេនីយ មាស វិរិទ្ធ បាន​លើកឡើង​ថា ការ​បង្កើតឲ្យ​មាន​កិច្ចប្រជុំ​នេះឡើង គឺក្នុង​គោល​បំណង ដើម្បី​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ អនុវត្ត​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ឲ្យកាន់តែ​ល្អ​ប្រសើរ​ទៅតាម​ការ​ណែនាំ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន សំដៅ​ធ្វើយ៉ាងណា រក្សា​បរិស្ថាន​សន្តិសុខ ឲ្យបាន​ល្អ​ប្រសើរ នៅក្នុង​រាជធានី​ភ្នំពេញ។ ក្នុងនោះ​ក៏មាន​ការ​ណែនាំ​មិនឲ្យ​មាន​ការ​នាំចូល​នូវ​រុក្ខជាតិ​ញៀន ចូលមក​ក្នុង​រាជធានី ក៏​ដូចជា​ចូលមក​ ប្រទេស​កម្ពុជា​ផងដែរ។

អាជ្ញាធរ​ ក៏នឹង​ធ្វើការ​បិទ​សេចក្តី​ប្រកាស ចំនួន​ ២៣៩៨កន្លែង​ផងដែរ ដែលមាន​ទាំង​ផ្ទះ​សំណាក់ និង​ខុនដូ។ ដោយឡែក ការចាប់​ពិនិត្យ​មើល​ទឹកនោម​របស់​អ្នក​​ប្រើប្រាស់​ថ្នាំគ្រវី នឹងត្រូវ​ធ្វើឡើង​នៅតាម​ក្លឹប។ «ការងារ​នេះ ភ្នំពេញ ត្រូវបាន​សម្រេច​ជា​គំរូ​មុនគេ បន្ទាប់​មក​ខេត្ត​ព្រះសីហនុ និង​សៀមរាប បើមាន​បញ្ហា​នៅ​កន្លែងណា​ អាជ្ញាធរ​នៅទីនោះ ជាអ្នក​ទទួល​ខុសត្រូវ។ បើ​ទីតាំង​ណា​ធ្វើខុស​ពីការ​ណែនាំ យើងមាន​សិទ្ធិ​ក្នុងការ​បិទ​ទីតាំង​នោះ​តែម្តង»។ លោក​នាយ​ឧត្តមសេនីយ មាស វិរិទ្ធ បញ្ជាក់​បន្ថែម។

ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែអ​ក្នុងកិច្ច​ប្រជុំ​នេះ​ថា បញ្ហា​គ្រឿងញៀន ជា​បញ្ហា​ធំ ដោយ​លោក​បាន​ជំរុញ​ឱ្យ​គ្រប់​សង្កាត់ និង​ខណ្ឌ​ទាំង១២ ចុះ​ត្រួត​ពិនិត្យ​នៅ​តំបន់​ស្មុគស្មាញ និង​តំបន់​ដែល​អាជ្ញាធរ​មិនធ្លាប់​ចុះ​ទៅដល់៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី

;