AFF Suzuki Cup៖ ថៃ មិន​អាច​កោះហៅ​កីឡាករ​ឆ្នើម ៤នាក់​​ ដែល​កំពុង​លេង​នៅ​ក្រៅ​ប្រទេស

  • 2018-09-21 03:28:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើសជាតិ​ថៃ នឹង​ត្រូវ​អវត្តមាន​កីឡាករ​ឆ្នើម ៤រូប ដែល​កំពុង​ប្រកប​អាជីព​នៅ​លីគ​នៅ​ក្រៅ​ប្រទេស គឺខ្សែ​បម្រើ​ Chanathip Songkrasin ខ្សែ​ប្រយុទ្ធ Teerasil Dangda ខ្សែ​ការពារ​ស្លាប Theerathon Bunmathan និង​អ្នក​ចាំទី Kawin Thamsatchanan នៅ​ក្នុង​ការ​ប្រកួត​កីឡា​បាល់ទាត់​តំបន់​អាស៊ាន AFF Suzuki Cup ឆ្នាំ២០១៨។

ពួកគេ​ត្រូវ​អវត្តមាន ព្រោះ​គ្រូបង្វឹក​ Milovan Rajevac មិន​អាច​កោះហោះ​ពួកគេ​មក​ចូលរួម​ក្នុង​ក្រុមជម្រើសជាតិថៃបាន​នោះទេ។ មិន​អាច​កោះហៅ​បាន ដោយសារ​តែ​​ AFF Suzuki Cup រៀបចំ​ឡើង​ មិន​ចំ​ពេល​វេលា​ប្រកួត​ជម្រើសជាតិ ដែល FIFA បាន​កំណត់ (ចំពេល​ប្រកួត​លីគ)។

លោក Milovan Rajevac គ្រូបង្វឹក​ជម្រើសជាតិ​ថៃ (រូបភាព៖ ក្រុមបាល់ទាត់​ជម្រើសជាតិថៃ)

យ៉ាងណាក្ដី គ្រូបង្វឹក​សញ្ជាតិ​ស៊ែប ដែល​ធ្លាប់​ជួយ​ហ្គាណា ឡើង​ដល់​វគ្គ​ ៨ក្រុម​ចុងក្រោយ FIFA World Cup 2010 នៅ​តែ​មាន​មាន​ទំនុក​ចិត្ត ថា​ក្រុម​ជម្រើសជាតិ​ថៃ នឹង​អាច​ទទួល​បាន​ជោគជ័យ ទោះ​គ្មាន​កីឡាករ ៤រូប​ខាងលើ​ក៏ដោយ។

លោក​បាន​ថ្លែង​ប្រាប់​វិបសាយ​ផ្លូវការ​របស់ AFF Suzuki Cup ថា៖ "ជារឿងសោកស្ដាយ ដែល​ពួកគេ (កីឡាករ​ ៤រូប​ខាងលើ) មិន​អាច​លេង​នៅ AFF Suzuki Cup បាន ប៉ុន្តែ​យើង​មាន​កីឡាករ​មាន​ទេពកោសល្យ​ជាច្រើន​នាក់​ទៀត។ ទោះ​គ្មាន​ពួកគេ ក៏យើង​នៅ​តែ​ជាក្រុមដែល​រំពឹង​ថា​នឹងឈ្នះ​ពាន។ ខ្ញុំ​មាន​ជំនឿ​ចិត្ត​លើសមត្ថភាព​កីឡាករ​ផ្សេងៗ​ទៀត ថា​អាច​ដោះស្រាយ​សម្ពាធ​នេះ​បាន ដោយ​លេង​តាម​ការ​បង្ហាត់​របស់​ខ្ញុំ..."។

លោក Rajevac ក៏​នឹង​មិន​កោះហោះ​ពួកគេ​ទាំង ៤នាក់ មក​ចូលរួម​ប្រកួត​មិត្តភាព​ទល់​នឹង​ក្រុម​ហុងកុង និងក្រុមទ្រីនីដាត-តូបាហ្គោ នា​ខែតុលា​ខាងមុខ​នេះដែរ ទោះ​បី​ជា​ចំ​ថ្ងៃដែល FIFA កំណត់​ក៏ដោយ (ថ្ងៃ​ដែល​កីឡាករ​អាច​ចេញ​ពី​ក្លឹប ទៅ​ជួយ​ជម្រើសជាតិ) ដោយសារ​តែ​លោក Rajevac ចង់​ឲ្យ​កីឡាករ​ទាំងអស់ ​ត្រៀម​លក្ខណៈ​លេង​ដោយ​គ្មានពួកគេ​ទាំង ៤ ឲ្កយ​ហើយ មុនពេល Suzuki Cup មក​ដល់​នា​ខែ​វិច្ឆិកា។

សូម​បញ្ជាក់ថា កីឡាករ​ថៃ​ទាំង ៤នាក់​ខាង​លើ កំពុង​លេង​នៅ​ក្លឹប​ក្រៅ​ប្រទេស​រៀងខ្លួន ដែល​មាន​ដូចជា៖ Chanathip Songkrasin លេងនៅ​ក្លឹបជប៉ុន Consadole Sapporo, Teerasil Dangda លេង​នៅ​ក្លឹប​ជប៉ុន Sanfrecce Hiroshima, Theerathon Bunmathan លេង​នៅក្លឹប​ជប៉ុន Vissel Kobe និង Kawin Thamsatchanan កំពុង​លេង​នៅ​ក្លឹប​បែលហ្សិក Oud-Heverlee Leuven។

ការ​ប្រកួត AFF Suzuki Cup ឆ្នាំ​ ២០១៨ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ៨ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី ១៥ ខែធ្នូ ឆ្នាំ​២០១៨៕

hanathip Songkrasin អបអរ​ ក្រោយ​ស៊ុត​បញ្ចូលទី​ឲ្យ​ក្រុម​ជម្រើសជាតិ​ថៃ​នាពេលកន្លងមក (រូបភាព៖ Reuters)
Teerasil Dangda ក្នុង​ការ​ប្រកួត​ឲ្យ​ក្រុម​ជម្រើសជាតិ​ថៃ នាពេលកន្លងមក (រូបភាព៖ Reuters)
Theerathon Bunmathan ពេល​លេង​ឲ្យ​ក្រុមជម្រើសជាតិ​ថៃ នាពេលកន្លងមក (រូបភាព៖ The Nation)
Kawin Thamsatchanan ពេល​លេង​ឲ្យ​ក្រុមជម្រើសជាតិ​ថៃ ក្នុង​វគ្គ​ជម្រុះ FIFA World Cup 2018 (រូបភាព៖ Zimbio)

អត្ថបទ៖ សុខ សុវត្ថិ