រដ្ឋមន្រ្តី​កសិកម្ម បញ្ជា​ឱ្យចុះ​ពិនិត្យ​មើលការ​កាន់កាប់​ដី​គម្រប​ព្រៃឈើ នៅ​ខេត្ត​ព្រះសីហនុ

  • 2018-09-21 03:37:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​បញ្ជា​ឲ្យ​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ ដែល​ទើបតែ​តែងតាំង​ថ្មី គឺលោក កែវ អូម៉ាលីស្ស ចុះ​ពិនិត្យ​មើល​ករណី មន្ត្រី​ជាន់ខ្ពស់ និង​អ្នកមាន​មួយ​ចំនួន​ ដែលបាន​កាន់កាប់​ដី​គម្រប​ព្រៃឈើ នៅ​ខេត្ត​ព្រះសីហនុ។

ការ​បញ្ជា​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស និង​ផ្ទេរ​តំណែង​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ និង​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម កាលពី​ព្រឹកថ្ងៃទី​២០ ខែ​កញ្ញា នៅទីស្តីការ​ក្រសួង​កសិកម្ម។

លោក វេង សាខុន (ឆ្វេង) និងលោក កែវ អូម៉ាលីស្ស (ស្តាំ) ក្នុងពិធីប្រកាស និង​ផ្ទេរ​តំណែង​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ កាលពីថ្ងៃទី២០កញ្ញា
ជាមួយ​គ្នានេះ លោក​ក៏បាន​ឲ្យ​មន្ត្រី​របស់​ខ្លួន ខិតខំ​ដាំដុះ​ព្រៃឈើ​ឡើងវិញ និង​ជំនះ​រាល់​ឧបសគ្គ​នានា ដែលមាន​ការ​រាំងស្ទះ​ផងដែរ។

«កន្លងទៅ​នេះ យើង​អត់​ដឹង​អ្នកណា​មាន​ដី​កាន់កាប់​កម្មសិទ្ធិ​ច្បាស់លាស់ ដល់​ពេល​អ្នកក្លែងក្លាយ​ចូលទៅ​វ៉ៃលុក​កន្លែង​តំបន់​ហ្នឹង ហើយ​ស្នើ​មក​ក្រសួង​ឲ្យ​កាត់​ចេញពី​ដី​គម្រប​ព្រៃឈើ ហើយ​ស្រាប់តែ​យក​មកសុទ្ធ​តែ​ប្លង់​រឹង​ទាំងអស់។ ភាគច្រើន គឺ​មន្ត្រី​ជាន់ខ្ពស់ អ្នកមាន​មួយ​ចំនួន គឺមាន​ប្លង់រឹង បានន័យ​ថា លួច​ធ្វើប្លង់​រឹង​ខុសច្បាប់ ហើយ​មក​អួតប្រាប់​ថា គាត់មាន​ប្លង់រឹង​ស្របច្បាប់។ តាមពិត​គាត់​យកមក​ បង្ហាញ​ថា​គាត់​ខុសច្បាប់​រួចហើយ យើង​មិនទាន់​បាន​កាត់​គម្រប​ព្រៃឈើ​នៅឡើយទេ រឿងអី​បាន​ជា​ការ​អនុញ្ញាត​ឲ្យឈាន​ទៅដល់​ការ​ធ្វើ​ប្លង់រឹង»។ នេះ​បើតាម​ការ​បញ្ជាក់​របស់លោក​រដ្ឋមន្រ្តី​កសិកម្ម៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;