EU បើកការ​ប្រកួត រូបថត​ស្តីពី "បេតិកភណ្ឌ​វប្បធម៌" ​នៅកម្ពុជា

  • 2018-09-21 07:28:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នៅថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​ឲ្យដឹង​ថា ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ប្រកាស​ចាប់ផ្តើម​កម្មវិធី​ប្រកួត​រូបថត​ស្តីពី "បេតិកភណ្ឌវប្បធម៌" នៅ​កម្ពុជា។ EU បាន​អំពាវនាវ ឱ្យ​អ្នក​ស្នេហា​វិស័យ​ថតរូប​ទាំងអស់​នៅក្នុង​ប្រទេស ផ្ញើ​រូបថត​ជា​ស្នាដៃ​របស់ខ្លួន ​ដែល​ឆ្លើយតប​យ៉ាង​សក្តិសម​បំផុត​ទៅនឹង​ប្រធា​នបទ​នេះ។

កម្មវិធី​ប្រកួត​ក្រោមពាក្យ​ស្លោក​ថា "បេតិកភណ្ឌ​របស់​យើង​អតីតកាល ជួប​អនាគត​កាល" ត្រូវបាន រៀបចំ​ឡើង​ដើម្បី​ជា​ផ្នែក​មួយ នៃការ​អបអរ​ឆ្នាំ​នៃ​បេតិកភណ្ឌ​វប្បធម៌​អឺរ៉ុប ហើយ​ដែលមាន​ការ​រៀបចំ​ការ​ប្រកួត​ការ​តាំង​ពិព័រណ៍ និង​ព្រឹត្តិការណ៍​ផ្សេងៗ។ ស្រដៀងគ្នា​នេះ ក៏មាន​ការ​រៀបចំ​ឡើង​ទូទាំង ពិភពលោក​ដែរ។

ក្នុង​សន្និសីទ​សារព័ត៌មាន បើកការ​ប្រកួត​រូបថត ឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុប​ប្រចំា​កម្ពុជា លោក George Edgar បាន​លើកឡើង​ថា «បេតិកភណ្ឌ​វប្បធម៌ មាន​ឥទ្ធិពល​មកលើ​អត្តសញ្ញាណ និង​ជីវិត រស់នៅ​ប្រចាំថ្ងៃ​របស់​យើង។ បេតិកភណ្ឌ​វប្បធម៌​ ស្ថិតនៅ​ជុំវិញ​ខ្លួន យើង​ទាំងអស់គ្នា​ នៅ​ទីក្រុង​ប្រជុំជន នៅ​តំបន់​ទេសភាព​ធម្មជាតិ  និង​ទីតាំង​បុរាណវិទ្យា​របស់​យើង​ទៀតផង»។

ទូត EU ប្រចាំកម្ពុជា ក្នុងសន្និសីទសារព័ត៌មានស្តីពីការកម្មវិធីប្រកួតរូបថត។ រូបថត៖ ផ្តល់ឱ្យ
លោក​បន្ត​ថា បេតិកភណ្ឌ​វប្បធម៌​មិនត្រឹម​តែមាន​ក្នុង​អក្សរសាស្ត្រ​សិល្បៈ និង​វត្ថុ​ផ្សេងៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ក្នុង​វិស័យ​សិប្បកម្ម​ដែលបាន​រៀនសូត្រ​ពី​ដូនតា សាច់រឿង​ដែល​ដំណាលប្រាប់​ដល់ កូនចៅ របស់​អាហារ​ដែល​បរិភោគ និង​ភាពយន្ត​ផងដែរ។

«តាម​រយៈ​កម្មវិធី​នេះ យើង​មាន​បំណង​ចង់ទាញ​ការ​យក​ចិត្ត​ទុកដាក់ លើ​សារៈសំខាន់​នៃ​បេតិកភណ្ឌ​វប្បធម៌​ចំពោះ​រូបយើង​ទាំងអស់​គ្នា ទាំងនៅ​សហភាព​អឺរ៉ុប​ និង​នៅ​កម្ពុជា ក៏ដូចជា​ទី​កន្លែង​ផ្សេងទៀត​ក្នុង​ពិភពលោក»។ លោក George Edgar បន្ថែម។

ការសម្តែងសិល្បៈ របាំបុរាណ ក្នុងពិធីមួយនាពេលកន្លងមក

សូម​បញ្ជាក់​ថា ការ​ប្រកាស​ឈ្មោះ​ជយលាភី នឹងត្រូវ​ធ្វើឡើង​ជា​សាធារណៈ​នៅចុង​ខែ​វិច្ឆិកា ឯ​ពិធី​ប្រគល់​រង្វាន់ ប្រព្រឹត្តទៅ​នៅ ថ្ងៃទី៦ ធ្នូ។ កាលបរិច្ឆេទ​​ផុត​កំណត់​ចុងក្រោយ​សម្រាប់​ការផ្ញើ​រូបថត​ដើម្បី​ចូលរួម គឺថ្ងៃទី ៣១ ខែ​តុលា ឆ្នាំ​២០១៨។

កម្មវិធី​ប្រកួត​រូបថត​នេះ ត្រូវ​បាន​បើកឲ្យ​ចូលរួម​សម្រា​ប់មនុស្សគ្រប់គ្នា ដែលអាច​ផ្ញើររូបថត​ដែលមាន​គុណភាព​ច្បាស់ និងជាស្នាដៃ​ដើម​របស់​ខ្លួន (ក្នុងទម្រង់​ជា JPEG និង​ទំហំ​យ៉ាងហោច​ណាស់ ៥ មេហ្គាភិចសែល) ដោយ​ថតតាម​ទូរស័ព្ទស្មាតហ្វូន ឬ​ម៉ាស៊ីនថត។ រង្វាន់​រួមមាន៖

  • ជយលាភី​លេខ១ នឹង​ទទួលបាន​រង្វាន់​ជា​បណ្ណ​ដែលមាន ទឹកប្រាក់ ៧០០​ដុល្លារ សម្រាប់​ឧបករណ៍​ម៉ាស៊ីន​ថត។

  • លេខ២ ទទួលបាន​បណ្ណ​ដែលមាន​ទឹកប្រាក់ ៦០០ដុល្លារ 

  • និង​លេខ៣ ទទួលបាន​បណ្ណ​ដែលមាន​ទឹកប្រាក់ ៥០០​ដុល្លារ។

រូបថត​របស់​ជយលាភី​ទាំង៣​នាក់ និង​រូបថត​សម្រាំង ល្អបំផុត​ចំនួន១០ នឹងត្រូវ​ដាក់បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​នានា រៀបចំ​ដោយ​សហភាព​អឺរ៉ុប​នៅ​កម្ពុជា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;