ក្រសួងទេសចរណ៍ ប្រគល់​ជយលាភី “យុវជន​ទេសចរណ៍​ឆ្នើម​ឆ្នាំ​២០១៨”

  • 2018-09-21 07:41:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅរសៀល​ថ្ងៃទី២០ ខែ​កញ្ញា ឆ្នាំ២០១៨ គណៈកម្មាធិការ​ជាតិ​វាយតម្លៃទីក្រុងស្អាត ក្រសួង​ទេសចរណ៍ បាន​រៀបចំពិធីប្រគល់​ជ័យលាភី “យុវជន​ទេសចរណ៍​ឆ្នើម ឆ្នាំ២០១៨” ក្រោម​អធិបតីភាព​របស់​លោក ជា បូរ៉ា រដ្ឋមន្រ្តីស្តីទីនៃ​ក្រសួងទេសចរណ៍ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍។

យោងតាម​គណៈកម្មការវាយ​តម្លៃកម្មវិធី​ប្រកួតប្រជែង​យុវជន​ទេសចរណ៍​ឆ្នើម ឆ្នាំ​២០១៨ បាន​ឱ្យ​ដឹង​ថា កម្មវិធី​ប្រកួត​ប្រជែង​នេះ ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ «ការ​រៀបចំ​វត្ត​ទេសចរណ៍​គំរូ» វិញ្ញាសា «វត្ត​ហរិរក្សរាជិនី (វត្ត​វាំង​ចាស់)» ដែល​ជា​វត្ត​ទេសចរណ៍​គំរូ ស្ថិត​នៅ​ភូមិ​ក្នុង​វាំង ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ។ កម្មវត្ថុ​សំខាន់​ចំនួន​៣​របស់​កម្មវិធី​ប្រកួត​ប្រជែង​មានដូចជា៖

(ទី១.) វត្ត​ទេសចរណ៍​គំរូដើរ​តួនាទីជា​ផលិតផល​ទេសចរណ៍ដ៏​សំខាន់មួយ ជា​ផ្នែក​មួយ​នៃ​ផលិតផល​ទីក្រុងស្អាត និង​ជាការ​ឆ្លើយតបនឹង​គោលនយោបាយ​ផែនការ​យុទ្ធសាស្រ្ត​របស់​ក្រសួងទេសចរណ៍ និង​រាជរដ្ឋាភិបាល ​ក្នុងការ​ជំរុញ​ការ​ធ្វើ​ពិពិធកម្ម​ផលិតផល​ទេសចរណ៍​ឱ្យ​កាន់​តែ​សម្បូរ​បែប ក៏ដូចជា​ការ​ពង្រឹងគុណភាព​ផលិតផល​បន្ថែម ជាពិសេស​គឺការ​គាស់កកាយ​នូវសក្តានុពល​ទេសចរណ៍ដែល​មាននៅតាម​បណ្តា​រាជធានី-ខេត្ត

(ទី២.) ប្រទេស​កម្ពុជា​ជា​ប្រទេស​មាន​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់រដ្ឋ មាន​វត្តអារាមនៅ​ទូទាំងប្រទេស​ច្រើន​ពាន់​កន្លែង ហើយ​ការរីក​ចម្រើន​នៃពុទ្ធចក្រ​ក៏បាន​ដើរស្របគ្នា​នឹងការ​រីកចម្រើន​នៃវិស័យ​អាណាចក្រ

(ទី៣.) ការ​ជំរុញ​ការចូលរួមពី​យុវជនជា​និស្សិតដែល​មានគំនិត​ឆ្នៃប្រឌិត​ក្នុងការបង្កើត​ថ្មី​នានា ជាការ​ជំរុញ​លើកទឹកចិត្តឱ្យមានការចូល​រួមពីយុវជន​ក្នុងការអភិវឌ្ឍទីតាំង​វត្តអារាមឱ្យក្លាយជាផលិតផល​ទេសចរណ៍ដ៏ទាក់ទាញ ដោយរួម​បញ្ចូល​ទេសចរណ៍ វប្បធម៌ និង​សាសនា ឈរលើ​គោលគំនិត​នៃការអភិវឌ្ឍ និង​ការអភិរក្ស ភាពស្អាត និង​បៃតង គុណ​ភាព និងភាព​សំបូរបែប។

ពិធីប្រគល់​ជ័យលាភី “យុវជន​ទេសចរណ៍​ឆ្នើម ឆ្នាំ២០១៨” (រូបភាព៖​ ផ្ដល់​ឲ្យ)
ជាក់ស្តែង ក្រោយ​ពីមានការដាក់​ចេញនូវសេចក្តីជូនដំណឹង​លេខ​១៦០ សជណ.អគឧ ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ២០១៨ និង​បានធ្វើពិធី​ផ្សព្វផ្សាយនៅទី​តាំងវត្តវាំងចាស់ ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដោយ​មានការចូលរួម​ពីអាជ្ញាធរថ្នាក់ខេត្ត ស្រុក និង​មន្ទីរពាក់ព័ន្ធ មាន​បេក្ខជន-បេក្ខនារីដែល​ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង​នេះ ជា​និស្សិត​មកពី៖ សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ត​សេដ្ឋកិច្ច វិទ្យាស្ថាន​បច្ចេកវិទ្យាភ្នំពេញ សាកលវិទ្យាល័យ​ន័រតុន សាកលវិទ្យាល័យ​លីមកុកវីង។ បេក្ខជន​នៃក្រុមនីមួយ​ៗ​បានឆ្លងកាត់ការត្រួតពិនិត្យ និង​ផ្តល់មតិយោបល់​ពីគណ:កម្មការ​ជាច្រើន​លើក មុន​នឹងឈាន​មកដល់ការវាយ​តម្លៃដំណាក់​កាល​ចុងក្រោយ ដោយ​គណ:កម្មការ​បានធ្វើការ​វាយតម្លៃ​បច្ចេកទេស​ចុងក្រោយ (ពិន្ទុ​បច្ចេកទេស៨០%) លើ​លទ្ធផលការងារ​ក្រុមឆ្នើម​ទាំង​៥ក្រុម (Top 5) ដែលជាបេក្ខភាពដណ្តើមយកជ័យលាភីយុវជនទេសចរណ៍ឆ្នើមឆ្នាំ២០១៨។ ក្រោយមកទៀត ដើម្បី​ឲ្យសាធារណជន​បាន​ចូលរួមផ្តល់មតិ​យោបល់លើ​លទ្ធផល​ការងារនៃ​ក្រុមឆ្នើមនីមួយៗ។

គណ:កម្មការ​បាន​ធ្វើការ​បង្ហោះ​ជាផ្លូវការ​នូវ​វីដេអូអំពីស្នាដៃនៃក្រុមទាំង​៥ នៅ​លើគេហទំព័រ​ផ្លូវការរបស់ក្រសួង​ទេសចរណ៍ ដើម្បី​ឲ្យសាធារណជន​ធ្វើការ​ចុច Like បោះឆ្នោត​ជូនក្រុមដែល​ពេញចិត្តជាង​គេ(ពិន្ទុ២០%)។

ជា​លទ្ធផល ជយលាភី​បាន​ទៅ​លើ​ក្រុមនិស្សិត​រួម​មាន លោក ងួន ពិសិដ្ឋ (មកពី​សាកលវិទ្យាល័យន័រតុន ផ្នែក​បដិសណ្ឋារកិច្ច និង​ទេសចរណ៍) លោក ឡេង ដេវីដ (មកពី​សាកលវិទ្យាល័យ​លីមកុកវីង ផ្នែក​ស្ថាបត្យកម្ម) កញ្ញា ឆាង វ៉ាន់លីកា (មកពី​សាកលវិទ្យាល័យ​លីមកុកវីង ផ្នែក​ស្ថាបត្យកម្ម)។ ក្រុមជ័យលាភី​ទទួល​បានវិញ្ញាបនបត្រ​ជយលាភី និង​ទឹកប្រាក់ឧបត្ថម្ភ​ចំនួន​៣លាន​រៀល។ឮ

គួរ​បញ្ជាក់​ដែរ​ថា ក្រុមការងារ​នឹង​រៀបចំ​ចងក្រង​ស្នាដៃរួមលើការរៀប​ចំវត្តទេសចរណ៍​គំរូ ដោយរួម​បញ្ចូលខ្លឹមសារគោលចំបង​ៗនៃ​លទ្ធផលសិក្សាស្រាវ​ជ្រាវរបស់​ក្រុមនិស្សិត​ទាំង៥ក្រុម ដើម្បីធ្វើ​ការចែករំលែក ផ្សព្វផ្សាយ​បន្ត និង​ជំរុញឱ្យមានការ​រៀបចំជាវត្តទេសចរណ៍​គំរូនៅតាម​បណ្តារាជធានី-ខេត្តទូទាំង​ប្រទេសកម្ពុជា ក៏ដូចជា​ជំរុញដល់ផ្នែក​ឯកជនឱ្យរៀបចំជា​កញ្ចប់ទស្សនកិច្ចទៅកាន់​គោលដៅ​វត្តទេសចរណ៍គំរូ​ទាំងនេះ​ផងដែរ៕

អត្ថបទ​៖ ផ្ដល់​ឲ្យ

អត្ថបទថ្មី
;