ក្រសួង​អប់រំ គ្រោងផ្តល់​ថវិកា​ជាង ៧០​ម៉ឺន​ដុល្លារ ឱ្យ​ ៤០​សហព័ន្ធ​កីឡា នៅឆ្នាំ​២០១៩

  • 2018-09-21 12:44:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោងនឹង​​ផ្តល់​ថវិកា​ជាតិ​សរុប​ចំនួន ២៩៨០លាន​រៀល (ជាង ៧២ម៉ឺន​ដុល្លារ) ទៅឱ្យ​ ៤០​សហព័ន្ធ​កីឡា​ សម្រាប់​គម្រោង​អភិវឌ្ឍន៍​វិស័យ​កីឡា នាឆ្នាំ​២០១៩​ខាងមុខ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួងអប់រំ នៅក្នុង​ឱកាស​បើក​ការ​ប្រកួត​កីឡា​និស្សិត​ឧត្តម​សិក្សា និង​មធ្យម​សិក្សា​បច្ចេកទេស​ជើង​ឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​សិក្សា​២០១៨ កាលពី​ល្ងាចថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨។

បើតាម​ការ​ចុះផ្សាយ​របស់ AKP លោក ស សុខា បាន​លើកឡើង​ថា ក្រសួង​បាន​ប្រតិភូកម្ម​ការងារ និង​គាំទ្រ​ថវិកា​ដល់​សហព័ន្ធ​កីឡាជាតិ​លើ​ការងារ​រដ្ឋបាល ២០​ភាគរយ ការងារ​បណ្តុះ​បណ្តាល ៣៥​ភាគរយ និង​ការ​ចំណាយ​លើការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត ៤៥​ភាគរយ ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍ​ឆ្ពោះទៅ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​អាស៊ាន ស៊ីហ្គេម លើកទី​៣២ នាឆ្នាំ​២០២៣ ខាងមុខ។

លោក ស ខេង ក្នុងពិធីបើក​ការ​ប្រកួត​កីឡា​និស្សិត​ឧត្តម​សិក្សា និង​មធ្យម​សិក្សា​បច្ចេកទេស​ជើង​ឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​សិក្សា​២០១៨ កាលពីថ្ងៃទី២០កញ្ញា ២០១៨។ រូបថត៖ AKP
ទិសដៅ​បន្ទាប់​របស់​ក្រសួង​អប់រំ សម្រាប់​អាណត្តិ​ទី៦ (២០១៨-២០២៣) ដោយនឹង​ត្រូវ​បន្ត​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ ដើម្បី​លើក​កម្ពស់ និង​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា ឆ្ពោះទៅ​ស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​ក្នុងនោះ​រួមមាន៖ បន្តការ​ជួសជុល កែ​លម្អ និង​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​កីឡា បណ្តុះបណ្តាល​ធនធាន​មនុស្ស មន្ត្រី​កីឡា គ្រូ​បង្វឹក អាជ្ញាកណ្តាល​ចៅ​ក្រម កីឡាករ កីឡាការិនី​ថ្នាល និង ជម្រើស​ជាតិ។ ក្រៅពីនេះ​ក៏មានការ​បន្ត​កែ​ទម្រង់​ការ​ប្រកួត​កីឡា​គ្រប់​ប្រភេទ បន្ត​ប្រតិភូកម្ម​ការងារ និង​គាំទ្រ​ថវិកា​ដល់​សហព័ន្ធ​ជាតិ​ផងដែរ។ លោក​រដ្ឋលេខាធិការ​បញ្ជាក់​បន្ថែម។

ជាមួយគ្នា​នេះ នៅឆ្នាំ​២០១៩​ខាងមុខ់ ក្រសួង​នឹង​ពង្រឹង និង​ពង្រីក​សកម្មភាព​អប់រំកាយ និងកីឡា នៅតាម​រាជធានី-ខេត្ត ឱ្យ​កាន់តែ​ផុសផុល ដែលជា​មូលដ្ឋាន និងជា​សក្តានុពល ដើម្បី​ចូលរួម​ប្រកួត​កីឡា​សិស្ស-និស្សិត ថ្នាក់ជាតិ និងថ្នាក់​តំបន់​ឆ្ពោះ​ទៅ​ស៊ីហ្គេម ឆ្នាំ២០២៣។

បន្ថែម​ពីនេះទៀត ក្រសួង​អប់រំ នឹង​ធ្វើ​កំណែទម្រង់​ការ​ប្រកួត​កីឡា​សិស្ស-និស្សិត ពីការ​ប្រកួត​ជ្រើសរើស ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​ទៅជា​ការ​ប្រកួត​ពហុកីឡា​សិស្ស​ថ្នាក់​ជាតិ (National School Games) និង​ពហុកីឡា​និស្សិតថ្នាក់​ជាតិ (National University Games) រៀងរាល់​២ឆ្នាំ​ម្តង ចាប់ពីឆ្នាំ​២០១៩ តទៅ។

គួរ​រម្លឹក​ថា កាលពីឆ្នាំ​២០១៧ ក្រសួង​បាន​ចំណាយ​ថវិកា​ចំនួន ១៦៧០លានរៀល (ជាង ៤០ម៉ឺន​ដុល្លារ) ដល់​សហព័ន្ធកីឡា​ជាតិ​នានា​ចំនួន​២១។ ការផ្តល់​កញ្ចប់​ថវិកា​សរុប​ទាំងអស់​នេះ​តាម​ឆ្នាំនី​មួយៗ គឺត្រូវ​បាន​បែងចែក​ទៅតាម​សហព័ន្ធ​ជំនាញ​នីមួយៗ ដោយ​សហព័ន្ធ​បាន​រៀបចំ​ការងារ​ទាំង៣ គឺ​ការងារ​រដ្ឋបាល ការ​បណ្តុះបណ្តាល និង​ការ​ប្រកួត​ដោយ​ខ្លួនឯង៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;