កូរ៉េ កម្ពុជា ​បន្ត​សហការ​ជួសជុល​សំណង់​បុរាណ​ចំនួន​២ នៅ​ខេត្ត​សៀមរាប

  • 2018-09-22 09:59:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ជាតិ​អប្សរា​ និង​ភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) នឹង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នៅ​ចុង​ឆ្នាំ​២០១៨ ដើម្បី​បន្ត​ជួសជុល​ក្រុម​ប្រាសាទ​ព្រះ​ពិធូរ​ ជំហាន​ទី២ និង​ព្រះលាន​ជល់​ដំរី។

ជំនួបរវាងលោក ហង់ ពៅ អគ្គនាយក​រង​អាជ្ញាធរ​ជាតិ​អប្សរា ជាមួយលោកស្រី Weon Jihye អនុ​ប្រធាន​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ (រូបថត៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
ការ​ឲ្យ​ដឹង​ដូច្នេះ ត្រូវ​បាន​ធ្វើឡើង​ កាលពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្នុង​ជំនួប​ពិភាក្សា​ការងារ​មួយ​ចំនួន​នៅ​តំបន់​អង្គរ​ រវាង​លោក ហង់ ពៅ អគ្គនាយក​រង​អាជ្ញាធរ​ជាតិ​អប្សរា តំណាង​លោក​ ស៊ុ ម៉ាប់ អគ្គ​នាយក​អាជ្ញាធរ​ជាតិ​អប្សរា​ ជាមួយ​គណៈប្រតិភូ​កូរ៉េ​ដឹកនាំ​ដោយ​លោកស្រី Weon Jihye អនុ​ប្រធាន​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA)។

ក្នុង​ជំនួប​នេះ បាន​ឲ្យ​ដឹង​ថា ការ​ជួសជុល​ក្រុម​ប្រាសាទ​ព្រះ​ពិធូរ​ជំហាន​ទី១ បាន​បញ្ចប់​ប្រកប​ដោយ​ជោគជ័យ ហើយ​ថែម​ទាំង​បាន​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ បាន​យ៉ាង​ច្រើន​និង​ពេញ​ដោយ​សមត្ថភាព​ការងារ​។

ប្រាសាទព្រះពិធូរ (រូបថត៖ មន្ទីរព័ត៌មានខេត្តសៀមរាប)

គួរ​រំឭក​ថា KOICA បាន​ចាប់ផ្តើម​គម្រោង​ជួសជុល​អភិរក្ស​ក្រុម​ប្រាសាទ​ព្រះ​ពិធូរ​ កាលពី​ឆ្នាំ​២០១៥ និង​បញ្ចប់​ជំហាន​ដំបូង​នៅ​ចុង​ឆ្នាំ​២០១៨​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;