ជប៉ុន សម្រេច​នូវការ​ចុះចត​លើ​អាចម៌ផ្កាយ ជាលើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត

  • 2018-09-23 05:07:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នាក់ងារ​អវកាស​ជប៉ុន (JAXA) បាន​ប្រកាស​កាលពី​ថ្ងៃទី​២២កញ្ញា​ម្សិលមិញ​ថា ខ្លួន​បាន​ទទួល​ជោគជ័យ​ជា​លើកដំបូង​ក្នុងប្រវត្តិសាស្រ្ត​ ក្នុងការ​ដាក់​មនុស្ស​យន្ត ចុះចត​នៅលើ​ផ្ទៃដី​អាចម៌ផ្កាយ។

អង្គការ JAXA បាន​ឱ្យដឹង​ថា មនុស្ស​យន្ត​ដែល​មាន​ឈ្មោះ MINERVA-II1 ចំនួន​២​គ្រឿង បាន​បំបែកខ្លួន​ចេញពី​យានអវកាស Hayabusa 2 ហើយ​ចុះចត​បាន​សម្រេច​លើដី​អាចម៌ផ្កាយ​មួយ​ឈ្មោះ Ryugu ​កាលពី​ថ្ងៃទី២១​កញ្ញា។

មនុស្ស​យន្ត​ទាំង​២គ្រឿង ស្ថិតក្នុង​លក្ខណៈ​ល្អ​ប្រសើរ ហើយ​បាន​បញ្ជូន​នូវ​រូបភាព និង​ទិន្នន័យ​មក​ផែនដី​វិញ។ ប៉ុន្តែ​រូបភាព​មាន​សភាព​ព្រាល​ដោយសារតែ​មនុស្ស​យន្ត បាន​ធ្វើ​ចលនា​បង្វិល ក្នុង​ពេលថត។ នេះ​បើតាម​ការ​បង្ហោះ​នៅលើ​បណ្តាញ Twitter របស់​អង្គការ JAXA។

រូបភាពដែលមនុស្សយន្ត បញ្ជូនមកពីអាចម៌ផ្កាយ Ryugu
មនុស្ស​យន្ត​ទីបី​ឈ្មោះ MASCOT ត្រូវបាន​រំពឹង​ថា នឹង​ចាប់ផ្តើម​ចាកចេញ​ពី​យានអវកាស Hayabusa 2 ដើម្បី​ចុះចត​លើ​អាចម៌ផ្កាយ​នេះ នា​ដើមខែ​តុលា​ខាងមុខ​ផងដែរ។

សូម​រំលឹក​ថា យាន​អវកាស​អង្កេត Hayabusa 2 ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ខែធ្នូ ឆ្នាំ​២០១៤ ហើយបាន​ទៅដល់​គន្លង​នៃ​អាចម៌ផ្កាយ​នេះ កាលពី​ខែ​មិថុនា ឆ្នាំ២០១៨​កន្លង​ទៅ។

អង្គការ​​ជប៉ុន បន្ថែម​ថា យាន​អវកាស​នេះ នឹង​ចុះចត​នៅលើ​អាចម៌ផ្កាយ Ryugu នៅចុង​ខែ​តុលា ហើយនឹង​នាំយក​គំរូ​នានា​ពី​អាចម៌ផ្កាយ​នេះ​មក​ផែនដី​វិញ នៅ​ត្រឹមចុងឆ្នាំ​២០២០៕

ប្រភព៖ CNN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;