ក្រសួង​រៀបចំ​ដែនដី​ ព្រមាន​ចាត់វិធានការ​ក្រុមហ៊ុន​ពុះ​ដី​ឡូត៍​លក់​ដែល​គ្មាន​ច្បាប់​អនុញ្ញាត

  • 2018-09-25 06:29:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​ជាតិ​រៀបចំ​ដែនដី នគរូបនីយកម្ម​ថ្នាក់​ជាតិ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ព្រមាន​ចាត់​វិធានការ​ចំពោះ​ក្រុមហ៊ុន​ពុះ​ដីឡូត៍​លក់​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ និង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មុន​នឹង​ទិញ​ដី​ពុះ​ឡូត៍​ ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ត្រឹមត្រូវ​។

លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​ដូច្នេះ​ នៅ​ក្រៅ​សិក្ខា​សាលា​ស្តីពី​ការ​ផ្សព្វផ្សាយ​ប្រកាស​ស្តី​ពី​ការ​អភិវឌ្ឍ​ដី នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​នេះ នៅ​ក្រសួង​រៀបចំ​ដែនដី​។

លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨​
លោក ប៉ែន សុផល បាន​ថ្លែង​ថា បន្ទាប់ពី​ប្រកាស​ឲ្យ​អនុវត្ត​ប្រកាស​ស្តីពី​ការ​អភិវឌ្ឍ​ដី គឺ​ការ​អភិវឌ្ឍ​ដី​ទាំងអស់ រួម​ទាំង​ដី​ពុះ​ឡូត៍ ជា​គម្រោង​មួយ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ដី ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឬ​ក៏​សាលា​រាជធានី ខេត្ត​ ឬ​ក៏​សាលា​ក្រុង ស្រុក ខណ្ឌ ទៅ​តាម​ទំហំ​សមត្ថកិច្ច។

លោក​បន្ត​ថា នៅ​ក្នុង​ប្រកាស និង​បទដ្ឋាន​គតិយុត្តិ​ជាច្រើន​ទៀត​របស់​ក្រសួង គឺ​ទាំង​វិស័យ​ឯកជន និង​វិស័យ​វិជ្ជាជីវៈ រួម​ទាំង​សាធារណៈ និង​ឯកជន ត្រូវតែ​គោរព​តាម​គោលការណ៍​ច្បាប់​ជា​ធរមាន។ ក្នុង​ករណី​មិន​គោរព​តាម ក្រសួង​នឹង​មាន​ការ​ដាក់​ទណ្ឌកម្ម និង​ផាក​ពិន័យ។

​លោក​រដ្ឋលេខាធិការ​​បាន​បន្ថែម​ថា ចំពោះ​ការ​ទិញ​ដី​ពុះ​ឡូត៍ ​ក្រសួង​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​តែ​ពិនិត្យ​មើល​មុន​នឹង​ទិញ​ថា តើ​ដី​ពិតជា​មាន​ការ​ចុះ​បញ្ជី​ត្រឹមត្រូវ ហើយ​ជា​ដី​អ្នក​ដែល​បាន​លក់​ពិត​ប្រាកដ​។ ហើយ​ជា​ទូទៅ​ អ្នក​ដែល​យក​ដី​របស់​ខ្លួន​ទៅ​លក់​បន្តគ្នា គឺ​ត្រូវ​មាន​ទោស ទាំង​ច្បាប់​ភូមិបាល និង​ក្រម​ព្រហ្មទណ្ឌ។

លោក ប៉ែន សុផល បាន​បញ្ជាក់​ថា ការ​អភិវឌ្ឍ​ដី​នៅ​កម្ពុជា មាន​ដំណើរការ​ល្អ​នៅ​ក្នុង​រាជធានី ខេត្ត ហើយ​ការ​អភិវឌ្ឍ​ដី​នាំ​ឲ្យ​មាន​ការ​សាងសង់ ការ​វិនិយោគ និង​សំណង់​ល្អ​ៗ ខ្ពស់​ៗ សំណង់​កម្ពស់​មធ្យម ទាប បាន​កើត​ឡើង​ជា​ច្រើន។

ជាមួយ​គ្នា​នេះ លោក​ក៏​បង្ហើប​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន ដោយ​នៅ​មាន​ចំណុច​មួយចំនួន​ដែល​ត្រូវ​ពង្រឹង​ការ​គ្រប់គ្រង​បន្ថែម ធ្វើ​យ៉ាង​ណា​ដើម្បី​ធានា​បាន​ទាំង​គុណភាព បរិមាណ សោភ័ណភាព សម្រាប់​ធានា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា​៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;