ខ្លះៗ​អំពី​ភ្នំសំពៅ ដែល​ជា​រមណីយដ្ឋាន​ដ៏​ទាក់ទាញ​មួយ​នៅ​បាត់ដំបង

  • 2018-09-26 03:56:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំសំពៅ ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ស្ថិត​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥៧ (អតីត​ផ្លូវ​ជាតិ​លេខ​១០) ស្ថិត​ក្នុង​ឃុំ​ភ្នំសំពៅ ស្រុក​បាណន់។ ភ្នំ​នេះ​មាន​កម្ពស់​ប្រមាណ ១០០​ម៉ែត្រ កាំ​ជណ្ដើរ​ឡើង​ចំនួន ១០៣០​កាំ និង​មាន​ចម្ងាយ ១២​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​បាត់ដំបង ។

នៅ​លើ​កំពូល​ភ្នំ មាន​វត្ត​មួយ ឈ្មោះ​ថា វត្ត​គិរីរម្យ និង​មាន​ល្អាង រូង​ភ្នំ​ជា​ច្រើន សរុប​ទាំង​អស់​ចំនួន ១២ ដូចជា ១. ល្អាង​ផ្កា​ស្លា ២. ល្អាង​គក់ទ្រូង ៣. ល្អាង​ខ្យល់ ៤. ល្អាង​តែងខ្លួន ៥. ល្អាង​ល្ខោន ៦. ល្អាង​ជ្រៃ ៧. ល្អាង​ពេជ្រ ៨. ល្អាង​ខ្វែង ៩. ល្អាង​ប្រេង ១០. ល្អាង​ស្ថានីយ ឬ​ល្អាង​ធំ ១១. ល្អាង​ក្បាល​ខ្មោច ១២. ល្អាង​ប្រចៀវ ប៉ុន្តែ​ល្អាង​ដែល​ភ្ញៀវ​និយម​ចូល​ទស្សនា​មាន​តែ​ល្អាង​ផ្កាស្លា និង​ល្អាង​ល្ខោន។

នៅ​ក្បែរ​ភ្នំ​សំពៅ​មាន​ចង្កោម​ភ្នំ​សំខាន់ៗ មួយ​ចំនួន​ទៀត ដែល​មាន​ជាប់​ទាក់​ទង​នឹង​រឿង ព្រេង​និទាន​ខ្មែរ គឺ​រឿង​ព្រះ​បាទ​រាជកុល នាង​រំសាយ​សក់។ ភ្នំ​ទាំង​នោះ​មាន ភ្នំ​ក្តោង ភ្នំ​ក្រពើ ភ្នំ​អណ្តើក ភ្នំ​ទ្រុងមាន់ ភ្នំ​ទ្រុងទា ភ្នំ​នាងរំសាយសក់ ភ្នំ​តាគ្រាម និង​ភ្នំ​សងក្បាល់ ។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត ភ្នំ​សំពៅ មិន​ត្រឹម​តែ ជា​រមណីយដ្ឋាន​ធម្មជាតិ ដ៏​​មាន​ប្រជាប្រិយភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​កន្លែង​កម្សាន្ត​មួយ ដ៏​ទាក់​ទាញ ក្នុង​ចំណោម រមណីយដ្ឋាន​ជា​ច្រើន​ក្នុង​ខេត្ត​បាត់ដំបង ជាពិសេស​ទស្សនីយភាព​ហ្វូង​សត្វ​ប្រជៀវ​រាប់​លាន​ក្បាល ដែល​ហោះ​ចេញ​ពី​ល្អាង។

អ្នក​ស្រុក​តែង​តែ​ហៅ​ហ្វូង​ប្រជៀវ​ទាំង​នោះ​ថា “កងទ័ព​ប្រជៀវ​ដ៏​ក្លាហាន” ពី​ព្រោះ​ការ​ហោះហើរ របស់​ហ្វូង​សត្វ​ប្រជៀវ​ទាំង​នោះ ប្រៀប​បាន​ទៅ​នឹង​ចរន្ត​ទឹក​ហូរ​លើ​ផ្ទៃ​អាកាស ។ ជា​រៀងរាល់​ថ្ងៃ នៅ​មុន​ពេល​សូរិយា​រៀប​អស្ដង្គត នៅ​ចន្លោះ​ម៉ោង ៥៖៣០ នាទី ដល់​ម៉ោង ៦៖ ១៥​នាទី​ល្ងាច គឺ​ជា​ពេល​វេលា​ដ៏​ជាក់លាក់ ដែល​ហ្វូង​សត្វ​ប្រជៀវ​ចាប់​ផ្ដើម​ហោះហើរ​បណ្ដែត​ខ្លួន​ចេញ​ពី​រូង ខ្មៅ​ដេរដាស​ពេញ​មេឃ និង​តម្រង់​ជួរ​គ្នា​ចេញ​ពីរូង ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​ពី​គ្រប់​ទិសទី។ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​រាប់រយ​នាក់ក្នុង​មួយ​ថ្ងៃៗ ដែល​នាំ​គ្នា​អង្គុយ​រង់ចាំ ទស្សនា​ហ្វូង​សត្វ​ប្រជៀវ​រាប់​លាន​ក្បាល​ហើរ​ចេញ​ពី​ល្អាង សុទ្ធតែ​បាន​បង្ហាញ​ពី​ទឹក​មុខ​រីករាយ​ចំពោះ​ទិដ្ឋភាព​អស្ចារ្យ​នេះ ។ ម្យ៉ាង​វិញ​ទៀត​ហ្វូង​សត្វ​ប្រជៀវ​ទាំង​អស់​នោះ​ត្រូវ​បាន​ការពារ និង​អភិរក្ស​យ៉ាង​តឹងរ៉ឹង ដោយ​អាជ្ញាធរ​មូលដ្ឋាន។

ប្រជា​ពល​រដ្ឋ​នៅ​តំបន់​នោះ​ឈ្មោះ អ្នកស្រី ញឹង ភាព ជា​អ្នក​ទទួល​ខុស​ត្រូវ​យាម​ល្អាង​សត្វ​ប្រជៀវ និង​ជា​អ្នក​ប្រមូល​អាចម៍​ប្រជៀវ​លក់ បាន​ឲ្យ​ដឹង​ថា ការ​អភិរក្ស​សត្វ​ប្រជៀវ​គឺ​ពិបាក​មែន​ទែន ដោយសារ​តែ​មាន​ជន​ឆ្លៀត​ឱកាស​មក​លួច​បាញ់ តែ​មកទល់​ពេល​បច្ចុប្បន្ន​នេះ គ្រាន់​បើ​ជាង​មុន ហើយ​ដោយសារ​តែ​ប្រជាពលរដ្ឋ​មាន​ការយល់​ដឹង​ពី​សារប្រយោជន៍​របស់​វា និង​យល់​ដឹង​អំពី​ការ​ប្រឈម​នឹង​ផ្លូវ​ច្បាប់។ បើ​និយាយ​ពី​អត្ថប្រយោជន៍​នៃ​សត្វ​ប្រជៀវ​ទាំង​នេះ វា​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់ គឺ​វា​ជួយ​បំផ្លាញ​សត្វ​ល្អិត​ចង្រៃ​ដែល​បំផ្លាញ​ដំណាំ របស់​កសិករ និង​អាចម៍​របស់​គេ​យក​ធ្វើ​ជា​ជី​ទៀត​ផង ហើយ​អ្វី​ដែល​ពិសេស​បំផុត​នោះ គឺ​ហ្វូង​សត្វប្រជៀវ​ទាំង​ក្លាយ ជា​ផលិតផល​ទេសចរណ៍​ដ៍​ទាក់ទាញ។

ដោយសារវត្តមាន​ភ្ញៀវទេសចរនេះ ហើយ ធ្វើ​ឲ្យ​បង្កើន​សេដ្ឋកិច្ច ដល់​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន តាម​រយៈការ​លក់ដូរ ចំណី អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍​ជាដើម ។ បើ​និយាយ​ពីសេវាដឹក​ជញ្ជូន វិញ នៅ​ភ្នំសំពៅ​មាន​ឡានសម្រាប់ដឹក​ភ្ញៀវឡើង​ភ្នំ​ចំនួន ០៨ គ្រឿង ដែល​សុទ្ធតែបាន​មក​ធ្វើអាជ្ញាបណ្ណ​នៅមន្ទីរ ទេសចរណ៍​ខេត្តបាត់ដំបង ។ ចំពោះ​កត្តា​សន្តិសុខ​វិញ នៅ​រមណីយដ្ឋាន​ភ្នំសំពៅ​មានកម្លាំង​នគរបាល​ទេសចរណ៍​ចំនួន ០២​រូប និង​កម្លាំង​ប្រជាការពារ​ឃុំ​ចំនួន ០៦​រូប នៅ​ប្រចាំ​ការជា​រៀងរាល់ថ្ងៃ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;