ក្រពើ​ដែល​ជាប់មង​នៅ​ខេត្ត​ពោធិ៍សាត់ ត្រូវបាន​យក​ទៅ​លែង​នៅ​ស្ទឹងវិញ​ហើយ

  • 2018-09-27 06:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដោយ​មាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ ក្រុម​ការងារ​ចម្រុះខេត្ត​ពោធិ៍សាត់ ​បាន​សម្រេច​យកក្រពើ​ដែល​ជាប់មង​ ទៅ​លែង​ក្នុង​ទឹកស្ទឹង ដែល​ជាកន្លែង​ចាប់វា​បាន​នោះ​វិញ​ហើយ កាលពី​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨។ ក្រុម​ការងារ​នេះ រួមមាន មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ពោធិ៍សាត់ រដ្ឋបាល​ជលផល ខណ្ឌ​រដ្ឋបាល​ជលផល​ពោធិ៍សាត់ មេ​បញ្ជាការ​វរៈ​សេនាតូច​នគរបាល​ការពារ​ព្រំដែន​គោក លេខ៨២៥ មន្ទីរ​បរិស្ថាន ផ្នែក​រដ្ឋបាល​ជលផល​រាំងទិល មេឃុំ​ថ្មដា និង​អង្គការ​វាយ​អេត ដែល​ដឹកនាំ​ដោយ​លោក​អភិបាលស្រុក​វាលវែង។

ក្រុម​ការងារ បាន​ដឹក​ក្រពើ ដែល​មាន​បណ្តោយ ២,៩៣​ម៉ែត្រ ទម្ងន់ ១៧០​គីឡូក្រាម​នេះ ទៅ​លែង ចូល​ក្នុង​ស្ទឹង​ឆាយ​តាម៉េត ស្ថិត​ក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ និង​បាន​ផ្តល់​ថវិកា លើក​ទឹកចិត្ត​ដល់អ្នក​ចាប់បាន​ចំនួន ៦០០​ដុល្លារ​ផងដែរ។

ក្រពើដែលជាប់មងរបស់ពលរដ្ឋនៅខេត្តពោធិ៍សាត់ ត្រូវបានដាក់នៅលើរថយន្ត (រូបថត៖ ហ្វេសប៊ុក)
សូម​រំលឹក​ថា កាល​ពី​ព្រលឹម​ថ្ងៃទី​២៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ប្រជា​នេសាទ​ម្នាក់ បាន​ដាក់​មង ជាប់​សត្វក្រពើ​មួយ​ក្បាល​នេះ នៅក្នុង​ស្ទឹង​មេទឹក​ ដែល​ស្ថិតក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំសំកុស​ ក្នុង​ភូមិ​កណ្តាល ឃុំ​ថ្មដា។
ស្ទឹងមេទឹក ដែល​ស្ថិតក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំសំកុស​

បើ​តាម​ការចុះផ្សាយ​របស់​វិទ្យុ​ស្រ្តី ដែលបាន​ដកស្រង់​សម្តី​មេឃុំ​ថ្មដា បាន​ឱ្យដឹង​ថា ក្រពើ​ដែល​ជាប់មង​នេះ គឺជា​ក្រពើ​ភ្នំ ហើយ​មិនមែន​មានតែមួយ​ក្បាល​នេះទេ។ ជា​និច្ចកាល​គេ​តែង​ប្រទះ​ឃើញ​សត្វ​ក្រពើ​នេះ​ ស្ថិត​ក្នុង​អន្លង់​ជ្រៅៗ​ ចាប់ពី​១០​ម៉ែត្រ​ឡើង​ទៅ​។​ លោក​មេឃុំ​បន្ដ​ថា​ ការ​ដែល​មិន​មានការ​ទៅ​ចាប់​យក​ក្រពើ​ទាំងនោះ​ចេញពី​ស្ទឺ​ង​នោះ​ ពីព្រោះ​តែ​កន្លង​មក​សត្វ​ក្រពើ​ទាំងនោះ​ មិន​ធ្លាប់​បង្ក​គ្រោះថ្នាក់​ ឬ​វាយប្រហារ​លើ​មនុស្ស​ឡើយ៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;