ចិន និង​រុស្ស៊ី អំពាវនាវ​ឲ្យ​លុប​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង

  • 2018-09-28 02:13:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​មហា​អំណាច ចិន និង​រុស្ស៊ី បាន​អំពាវនាវ​ឲ្យ​លុប​ទណ្ឌកម្ម​កូរ៉េខាងជើង ដោយ​បដិសេធ​ការ​ជំរុញ​របស់​អាមេរិក​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ សម្រាប់​ការ​អនុវត្ត​ទណ្ឌកម្ម​ឲ្យ​តឹងរឹង​បន្ថែម​ទៀត​លើ​កូរ៉េខាងជើង។

ការ​អំពាវនាវ​ឲ្យ​លុប​ទណ្ឌកម្ម​នេះ ត្រូវ​បាន​ធ្វើឡើង​ដោយ​លោក Wang Yi រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន និង​មាន​ការ​គាំទ្រ​ដោយ​លោក Sergei Lavrov រដ្ឋមន្រ្តី​ក្រសួង​ការបទេស​រុស្ស៊ី។

លោក Wang Yi រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន អំឡុង​ពេល​លោក​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ/ រូបភាព៖ AFP
អំឡុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា ២០១៨ ម្សិលមិញ លោក​ប្រមុខ​ការទូត​ចិន​លើកឡើង​ថា ការ​វិវឌ្ឍ​ជា​វិជ្ជមាន​ក្នុង​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង រួមជាមួយ​ទំនាក់ទំនង​អាមេរិក-កូរ៉េខាងជើង​កាន់តែ​កក់ក្ដៅ​ជាង​មុន គួរតែនាំ​ទៅរក​ការ​លើកលែង​ទណ្ឌកម្ម។

ក្រោយ​ការ​លើកឡើង​នេះ លោក​ប្រមុខ​ការទូត​រុស្ស៊ី​បាន​គាំទ្រ​ការ​លើកឡើង​របស់​ចិន ដោយ​បញ្ជាក់​ថា វា​ដល់​ពេល​ហើយ​ដើម្បី​ផ្ដល់​សញ្ញា​វិជ្ជមាន​ដល់​ក្រុង​ព្យុងយ៉ាង ដើម្បី​ជំរុញ​សម្បទាន​នានា។ "ជំហាន​នានា​ដោយ​កូរ៉េខាងជើង​ឆ្ពោះ​ទៅ​រក​ការ​រំលាយ​អាវុធ​ជា​បន្ដបន្ទាប់ គួរតែ​ត្រូវ​បាន​ទទួល​មក​វិញ​ដោយ​ការ​លុបចោល​ទណ្ឌកម្ម"។ លោក Lavrov បន្ថែម។

សូម​បញ្ជាក់​ថា លោក Mike Mompeo រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក បាន​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ ដោយ​លោក​បាន​ទាមទារ​ឲ្យ​រឹត​បន្ដឹង​ការ​អនុវត្ត​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;