កម្ពុជា​ជំរុញ​ប្រតិភូ​ធុរជន​ថៃ ពិចារណា​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស

  • 2018-10-01 07:46:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ជំរុញ​ក្រុម​ប្រឹក្សា​ធុរកិច្ច​ថៃ ពិចារណា​វិនិយោគ​លើ​ការ​បង្កើត​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​តាម​តំបន់​សេដ្ឋកិច្ច​ពិសេស​ទូទាំង​ប្រទេស​កម្ពុជា។ ការ​ជំរុញ​នេះ គឺ​ដើម្បី​ធ្វើ​ពិពិធកម្ម​ខ្សែ​សង្វាក់​តម្លៃ​វិស័យ​ឧស្សាហកម្ម និង​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​លើក​ស្ទួយ​ប្រសិទ្ធភាព​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់​កាល​ទី៤ របស់​រាជរដ្ឋាភិបាល។

លោក​រដ្ឋមន្ត្រី បាន​លើក​សំណើ​នេះ​ឡើង នា​ឱកាស​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ចាន់នីត ចាន់ឆៃណារ៉ុង (Chanitr Charnchainarong) ប្រធាន​ក្រុម​ប្រឹក្សា​ធុរកិច្ច​ថៃ ដែល​បាន​ដឹកនាំ​គណៈ​ប្រតិភូ ស្វែង​រក​យន្តការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា-ថៃ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​០១ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ទី​ស្តី​ការ​ក្រសួង​ពាណិជ្ជកម្ម។

នៅ​ក្នុង​ឱកាស​នោះ លោក ប៉ាន សូរស័ក្តិ បាន​ជម្រាប​ភាគី​ថៃ អំពី​គោលដៅ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ថ្មី ដែល​ជា​របៀប​វារៈ​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​នៅ​ក្នុង​អាណត្តិ​ទី​៦ នៃ​រាជរដ្ឋាភិបាល និង​ផលិតផល​អទិភាព​សំខាន់ៗ​របស់​កម្ពុជា ព្រម​ទាំង​អត្ថប្រយោជន៍​នៃ​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដូចជា​ការ​ផ្តល់​សិទ្ធិ​កាន់កាប់​ស្រប​ច្បាប់ ១០០% និង​ការ​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ទី​បី ជា​ដើម។

លោក​រដ្ឋមន្ត្រី ក៏​បាន​សំណូមពរ​លោក ចាន់នីត ចាន់ឆៃណារ៉ុង ជម្រាប​ទៅ​រដ្ឋាភិបាល​ប្រទេស​ថៃ ជា​ពិសេស​ក្រសួង​សេដ្ឋកិច្ច​ថៃ ធ្វើការ​ពន្លឿន​ការ​ចុះ​អនុស្សរណៈ​លើក​លែង​ពន្ធ​នៅ​តាម​បន្ទាត់​ព្រំដែន ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​សម្រេច​បាន​ទឹក​ប្រាក់ ១៥​ប៊ី​លាន​ដុល្លារ តាម​ផែនការ​នៅ​ត្រឹម​ឆ្នាំ​២០២០។

ជា​ការ​ឆ្លើយ​តប ប្រធាន​ក្រុម​ប្រឹក្សា​ធុរកិច្ច​ថៃ លោក ចាន់នីត ចាន់ឆៃណារ៉ុង បាន​ថ្លែង​អំណរគុណ​ដល់​លោក​រដ្ឋមន្ត្រី ដែល​បាន​ចែក​រំលែក​នូវ​ព័ត៌មាន​សំខាន់ៗ និង​អនុសាសន៍​ល្អៗ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច-ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ។ ទាក់ទិន​នឹង​ការ​លើក​លែង​ពន្ធ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន លោក​បាន​សន្យា​នឹង​នាំ​យក​សំណើ​នេះ​ ទៅ​ជម្រាប​ជូន​រដ្ឋាភិបាល​ប្រទេស​ថៃ ដើម្បី​ពន្លឿន​កិច្ចការ។

គួរ​រំលឹក​ដែរ​ថា កាល​ពី​កំឡុង​ខែ​មីនា កន្លង​មក​នេះ ប្រទេស​កម្ពុជា និង​ថៃ បាន​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ផ្នែក​ពាណិជ្ជកម្ម លើក​ទី​៦ (6th JTC) នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ ភូគីត្រា ដើម្បី​ពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​លើ​បញ្ហា​ប្រឈម​ផ្សេងៗ សំដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​បាន ១៥​ប៊ី​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០។ នៅ​ក្នុង​កិច្ច​ប្រជុំ ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​ពង្រឹង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ការ​បើក​ច្រក​ព្រំដែន​ថ្មីៗ​បន្ថែម និង​ការ​រៀបចំ​ឲ្យ​មាន​វេទិកា​ធុរកិច្ច និង​វិនិយោគ​កាន់​តែ​ច្រើន។ បន្ថែម​លើ​នេះ ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​សំខាន់​ៗចំនួន​ពីរ​គឺ (១) យុទ្ធសាស្ត្រ​កំណើន​នៃ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​តាម​បណ្តា​ខេត្ត​នៅ​ជាប់​ព្រំដែន និង(២) អនុស្សរណៈ​ស្តី​ពី​កិច្ចសហ​ប្រតិបត្តិការ​ជំរុញ​ពាណិជ្ជកម្ម៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;