អាជ្ញាធរខេត្ត​កោះកុង​ គ្រោង​ផ្អាក​ចរាចរណ៍​រថយន្ត​​ធំៗ​លើផ្លូវ​ជាតិ​លេខ​៤៨ ​ជា​បណ្តោះ​អាសន្ន

  • 2018-10-01 09:01:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី​​ មិថុនា​ ភូ​ថង​ អភិបាល​ខេត្ត​កោះកុង​ គ្រោង​នឹង​ផ្អាក​ការធ្វើ​ចរាចរណ៍​រថយន្ត​ធំ​ធុន​ធ្ងន់​ដឹក​ទំនិញ​លើផ្លូវ​ជាតិ​លេខ​៤៨ ដែល​កំពុង​រង​ការ​ខូចខាត​ជា​បណ្តោះ​អាសន្ន​សិន។ លោក​ស្រី​លើកឡើង​ដូច្នេះ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​លើក​ទី​២​ស្តីពី​ការរៀបចំ​បុណ្យ​សមុទ្រ​កាលពី​ថ្ងៃទី​៣០​កញ្ញា។

លោកស្រី ពន្យល់​ថា មូលហេតុ​ដែល​អាជ្ញាធរ​ចាំបាច់​ធ្វើ​ដូច្នេះ​ គឺ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​តាម​ដងផ្លូវ​ដែល​កំពុង​រង​ផល​ខូចខាត​នេះ ​ពិសេស​ទុកពេល​វេលា​ដល់​ក្រុមការងារ​ជំនាញ​ មានលទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ជួសជុល​ផ្លូវ​ឱ្យបាន​រឹងមាំ​ស្អាត​ល្អ​ សម្រួល​ដល់​ការធ្វើដំណើរ​ ខណៈ​ពិធី​បុណ្យ​សមុទ្រ​ខិតជិត​មក​ដល់។

អភិបាល​ខេត្ត​កោះកុង​រូបនេះ នឹង​សរសេរ​លិខិត​ជា​ផ្លូវការ​មួយ​ទៅកាន់​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​ធំៗ​ទាំងអស់​ក្នុង​ខេត្ត​កោះកុង សុំ​ផ្អាក​សកម្មភាព​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៤៨​ ជា​បណ្តោះ​អាសន្ន​។

ការត្រួតពិនិត្យរថយន្តធំៗ នៅលើផ្លូវជាតិលេខ៤៨ នាពេលកន្លងមក។ រូបថត៖ រស្មីកម្ពុជា
បើតាម​លោក​ អន​ ដា​វុ​ធ​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជ​ញ្ចូ​ន​ខេត្តកោះកុង​ ថ្លែងថា​ អំឡុង​ខែ​ឧសភា​និង​ខែ​មិថុនា​ លោក​បាន​សហការ​ជាមួយ​ស្នងការ​នគរបាល​ និង​កង​រាជអាវុធហត្ថ​ខេត្ត​ ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​តាម​ដងផ្លូវ​ជាតិ​លេខ​៤៨​ជា​បន្តបន្ទាប់។

​ជា​យន្ត​ការថែទាំ​ផ្លូវថ្នល់ និង​ទប់ស្កាត់​សកម្មភាព​ដឹកទំនិញ​លើស​ទម្ងន់​កំណត់ លោក អន ដា​វុ​ធ បានដាក់​សំណើ​ទៅ​រដ្ឋមន្ត្រីក្រសួង​សាធារណការ ដើម្បី​មាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​ធំៗ​ដែរ​។ តែ​ទោះ​យ៉ាងណា គិត​មកដល់​ពេលនេះ ពុំទាន់​មានការ​ឆ្លើយតប​ណាមួយ​ឡើយ។

​បច្ចុប្បន្ន​មន្ទីរ​និង​ក្រសួង​សាធារណ​ការចាត់​ប​ញ្ចូ​ន​គ្រឿងចក្រ​បុគ្គលិក​កម្មករ​ជំនាញ​ចុះ​ពិនិត្យ​ទីតាំង​រង​ផល​ខូចខាត​ទំហំ​ធំ​ដោយ​កំពុង​ឈូសឆាយ​ជួសជុល​សម្រាប់​ធ្វើការ​ដំណើរ​ជាបឋម​សិន​។​

តាម​ការវាយតម្លៃ​រប​ស់​ក្រសួង​សា​ធាណ​ការ គិត​មក​ត្រឹម​ថ្ងៃទី​២២ ​ខែសីហា​ ឆ្នាំ​២០១៨​ ទំហំ​នៃ​ការ​ខូចខាត​ផ្លូវជាតិ​លេខ​៤៨​ ចាប់ពី​ស្រុកស្រែ​អំបិល​ដល់​ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង គឺ​មាន​ប្រវែង​៣៥​គីឡូម៉ែត្រ​ ស្មើនឹង​២២,២៦% ដោយ​រាប់​បញ្ចូល​ទាំង​កំណាត់​ផ្លូវ​ដែល​បាន​កែ​លម្អ​កាលពី​ឆ្នាំ​២០១៧​ផងដែរ៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;