ម្ចាស់បទ «ទោះយ៉ាងណា» (បារាំង) ទទួល​មរណភាព​ហើយ

  • 2018-10-01 13:39:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Charles Aznavour អ្នក​ចម្រៀង​បារាំង និងជា​អ្នក​និពន្ធ​ទំនុក​ច្រៀង បាន​ទទួល​មរណភាព​ហើយ ក្នុង​អាយុ ៩៤​ឆ្នាំ នៅផ្ទះ​របស់​លោក​ដែល​ស្ថិត​ក្នុង​តំបន់​ Alpilles ភាគខាងត្បូង​ប្រទេស​នេះ។ នេះ​បើតាម​ការ​ប្រកាស​របស់​ក្រសួង​វប្បធម៌​បារាំង ​នៅយប់​ថ្ងៃ​ទី១ ខែ​តុលា​នេះ។

នៅក្នុង​អាជីព​របស់​លោក Charles Aznavour ​ជាង ៨០​ឆ្នាំមក​នេះ លោកបាន​ច្រៀង និង​និពន្ធ​បទ​ចម្រៀង​ជាង ១៣០០​បទ ក្នុងនោះ​លោកក៏​បាន​ច្រៀង​ជាភាសា​ចំនួន​៨​ផងដែរ។ បទ​ចម្រៀង​របស់​លោក ត្រូវបាន​ដាក់លក់​នៅក្នុង​បណ្តា​ប្រទេស​នានា​ចំនួន ៨០​ប្រទេស។ លោកបាន​ទទួល​​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​បំផុត​នៅក្នុង​ឆ្នាំ​១៩៧៤ តាមរយៈ​បទ​ចម្រៀង​១បទ​ដែលមាន​ចំណងជើង​ថា «She»។

លោក Charles Aznavour នៅក្នុងការសម្តែងមួយនៅប្រទេសរ៉ូម៉ានី កាលពីឆ្នាំ២០១៥
ក្នុង​ចំណោម​បទ​ចម្រៀង​របស់​លោក ក្នុងនោះ​ក៏មាន​បទEt Pourtant ដែល​ប្រែជា​ខេមរភាសាថា «ទោះយ៉ាងណា» ដោយ​លោក​ជាអ្នក​និពន្ធទំនុក​ច្រៀង និង​លោក Georges Garvarentz ជាអ្នក​និពន្ធ​បទភ្លេង។

បទ Et Portant ត្រូវបាន​និពន្ធ​ឡើង​នៅក្នុងឆ្នាំ​១៩៦២ ដោយមាន​អត្ថន័យ​ដូចគ្នា​បេះបិទ​ទៅនឹង​បទ​ចម្រៀង «ទោះយ៉ាងណា» របស់​អធិរាជ​សំឡេង​មាស​ លោក ស៊ីន ស៊ីសាមុត ផងដែរ​ដែល​លោកបាន​តែង​និពន្ធ និងច្រៀង​បទ​នេះ នាចុង​ទសវត្សរ៍​ឆ្នាំ១៩៦០ ឬដើម​ទសវត្សរ៍ឆ្នាំ​១៩៧០។ ចុចអានលម្អិត

លោក ​Charles Aznavour បាន​ចាប់​កំណើត​នៅក្រុង​ប៉ារីស ក្នុងឆ្នាំ​១៩២៤។ ឪពុកម្តាយ​របស់លោក​ជា​ជនជាតិ​អាមេនី ដែល​បាន​រត់គេច​ចេញពី​ប្រទេស​ខ្លួន ដោយសារ​មាន​អំពើ​ប្រល័យ​ពូជសាសន៍។ លោកបាន​រៀបការ​ចំនួន​៣ដង និងមាន​កូន​ចំនួន​៦​នាក់។

ក្រៅពីអ្នក​ចម្រៀង និងអ្នក​និពន្ធ លោក Aznavour ក៏ជា​តារា​សម្តែង​ភាពយន្ត​ផងដែរ។ មិនតែ​ប៉ុណ្ណោះ លោកក៏​ធ្លាប់ធ្វើជា​ឯកអគ្គរដ្ឋទូត​អាមេនី ប្រចាំ​ប្រទេស​ស្វីស​ទៀតផង៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;